នារដូវក្តៅកាលពី ៣១ ឆ្នាំមុន នៅរាត្រីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៨៩ រថក្រោះ និងទាហានដែលប្រដាប់ទៅដោយកាំភ្លើងស្វ័យប្រវត្តិ បានធ្វើការវាយប្រហារនៅតំបន់ប្រជុំជនកណ្តាលក្រុងប៉េកាំង ដែលជាកន្លែងដែលនិស្សិត និងពលរដ្ឋចិនរាប់ម៉ឺននាក់បានបោះតង់ធ្វើបាតុកម្មតវ៉ាពាក់ព័ន្ធនឹងរឿងនយោបាយ ដែលជាបាតុកម្មយូរជាងគេបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រចិន។
មនុស្សរាប់រយនាក់បានស្លាប់ ហើយច្រើនជាងនេះបានរងរបួស។ មនុស្សជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ ឬត្រូវបានធ្វើទុក្ខបុកម្នេញ បន្ទាប់ពីការធ្វើបាតុកម្មនេះ។ ហេតុការណ៍ដែលបានកើតឡើងនេះបានតម្រង់ទិសដៅប្រទេសចិនឲ្យស្ថិតនៅលើមាគ៌ាដឹកនាំបែបផ្តាច់ការជំនួសឲ្យសេដ្ឋកិច្ចទីផ្សារសេរី។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ការកាប់សម្លាប់នៅទីលាន Tiananmen ដែលជាការបង្ក្រាបដ៏បង្ហូរឈាមមួយ ត្រូវបានរដ្ឋាភិបាលចិនបំបិទមិនឲ្យមានការពិភាក្សាជាសាធារណៈ។
សម្រាប់ពលរដ្ឋចិន ដែលកើតក្រោយឆ្នាំ ១៩៨៩ នៅក្នុងសម័យកាលសម្បូរសប្បាយ និងការភ្លេចហេតុការណ៍ផ្សេងៗពាក់ព័ន្ធនឹងនយោបាយ ពួកគេបានដឹងពីហេតុការណ៍នៅទីលាន Tiananmen នេះដោយចៃដន្យតែប៉ុណ្ណោះ ដូចជាក្នុងករណីរបស់លោក Derrick Yu អាយុ ២២ ឆ្នាំ ដែលឥឡូវនេះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក។
នៅថ្ងៃមួយកាលពីខែកក្កដា ឆ្នាំ ២០១៩ លោក Yu បានហៅរថយន្ត Uber ជិះនៅក្រុងមួយក្នុងរដ្ឋ Arkansas ស្ថិតនៅភាគកណ្តាលសហរដ្ឋអាមេរិក។ ហើយនៅពេលនោះ ទីក្រុងហុងកុងកំពុងប្រឈមនឹងបាតុកម្មធំជាងគេបង្អស់មួយពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ស្របពេលនោះដែរ ភាពអត់ធ្មត់របស់រដ្ឋាភិបាលក្រុងប៉េកាំងមានកាន់តែស្តួចស្តើងទៅ។
អ្នកបើករថយន្ត Uber នោះ ដែលជាស្ត្រីអាមេរិកកាំងសក់ពណ៌ប្រាក់ បានសួរទៅលោក Yu ថា៖ «តើលោកគិតថា រដ្ឋាភិបាលចិននឹងបញ្ជូនរថក្រោះទៅទីក្រុងហុងកុងដើម្បីបង្ក្រាបបាតុករទេ?»។
លោកបានឆ្លើយថា៖ «ខ្ញុំមិនគិតដូច្នេះទេ។ រដ្ឋាភិបាលក្រុងប៉េកាំងមិនចង់ឲ្យសហរដ្ឋអាមេរិកដកចេញនូវលក្ខខណ្ឌអនុគ្រោះពិសេសរបស់ខ្លួនចំពោះទីក្រុងហុងកុងនោះទេ»។
បន្ទាប់មក ស្ត្រីជាអ្នកបើកបរនោះបានបន្តថា៖ «ខ្ញុំមិនដែលភ្លេចរឿងរ៉ាវដែលបានកើតឡើងនៅទីលាន Tiananmen នោះទេ»។
លោក Yu បានប្រាប់ VOA ថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មនុស្សសាមញ្ញម្នាក់នៅក្រុងតូចមួយនៅសហរដ្ឋអាមេរិកនៅចាំរឿងរ៉ាវដែលបានកើតឡើងកាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ ១៩៨៩»។
ខុសពីមិត្តភក្តិរបស់លោកដែលមិនបានដឹងឭអំពីការបង្ក្រាបនោះ លោក Yu ដែលបានកើតនៅឆ្នាំ ១៩៩៨ បានរំឭកថា លោកបានដឹងពីចលនាទាមទារលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen នេះ នៅពេលលោករៀនអក្សរសិល្ប៍ចិនកាលពីនៅវិទ្យាល័យ ទោះបីនេះជាប្រធានបទហាមឃាត់មួយក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ និងបញ្ញវ័ន្តក៏ដោយ។
ប្រធានបទនោះគឺ ចលនាថ្ងៃ ៤ ឧសភា ដែលជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យមួយកើតចេញពីនិស្សិតនៅក្រុងប៉េកាំង កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ១៩១៩។
បន្ទាប់មក សំឡេងកណ្តឹងក្នុងថ្នាក់បានរោទិ៍ ហើយគ្រូរបស់លោក Yu បានបញ្ចប់ការបង្រៀនប្រចាំថ្ងៃ ដោយនិយាយសម្តីមួយឃ្លា ដែលលោកចាំមិនភ្លេចរហូតមកដល់ពេលនេះ។
ពាក្យមួយឃ្លារបស់គ្រូរបស់លោកនោះគឺ៖ «ប្រទេសមួយមិនគួរប្រើរថក្រោះប្រឆាំងនឹងពលរដ្ឋខ្លួនជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
លើកទីពីរដែលលោកបានឭពីចលនាទាមទារប្រជាធិបតេយ្យនោះគឺនៅក្រុងហុងកុង ក្នុងអំឡុងពេលវិស្សមកកាលរដូវរងាកាលពីឆ្នាំ ២០១៤។ លោកបានឃើញការបញ្ចប់នៃចលនា Occupy Central Movement ដែលជាបាតុកម្មអហិង្សាមួយទាមទារឲ្យមានប្រព័ន្ធបោះឆ្នោតបែបប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
លោកនៅចាំពេលលោកចូលជិះតាក់ស៊ី និងនិយាយជាមួយអ្នកបើកតាក់ស៊ីអំពីការណ៍ដែលពលរដ្ឋហុងកុងផ្តល់ជំនួយជាថវិកាដល់និស្សិតនៅក្រុងប៉េកាំងក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីលាន Tiananmen កាលពីពេលនោះ។
ប្រតិបត្តិការផ្ដល់ជំនួយនោះត្រូវបានគេហៅថា «ប្រតិបត្តិការបក្សីលឿង (Operation Yellowbird)» ដែលបានជួយអ្នកតវ៉ាក្នុងអំឡុងពេលបាតុកម្មថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ ឲ្យគេចខ្លួនចេញទៅក្រៅប្រទេស និងការរំឭកខួបប្រចាំឆ្នាំនៅឧទ្យាន Victoria Park ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិត។
លោក Yu បាននិយាយថា «វាបង្ហាញយ៉ាងច្បាស់ថា ប្រធានបទចលនាថ្ងៃ ៤ មិថុនា គឺជាប្រធានបទសំខាន់មួយសម្រាប់ពលរដ្ឋនៅក្រុងហុងកុង»។
លើកទីបីដែលលោកបានឭពីចលនានេះគឺនៅប្រទេសម៉ុងហ្គោលីកាលពីឆ្នាំ ២០១៦។ លោកបាននិយាយជាមួយបុរសម្នាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលបុរសនោះបានប្រាប់លោកពីចលនាថ្ងៃ ៤ មិថុនា នោះ ស្របពេលមានបាតុកម្មផ្សេងៗផ្ទុះឡើងនៅប្រទេសចិន។
ទ្វីបអឺរ៉ុបខាងកើត និងបណ្តាប្រទេសដែលធ្លាប់ស្ថិតនៅក្នុងសហភាពសូវៀត រួមទាំងប្រទេសម៉ុងហ្គោលីផងដែរ ក៏បានប្រឈមនឹងចលនាទាមទារដូចនេះផងដែរ។ ហើយការទាមទារគឺស្រដៀងគ្នានឹងការទាមទារនៅប្រទេសចិន ដែលនោះគឺ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពក្នុងការបញ្ចេញមតិ។
បុរសដែលលោក Yu បានជួបនោះ បាននិយាយថា៖ «និស្សិតម៉ុងហ្គោលីបានដើរទៅទីលាន Sukhbaatar ក្នុងក្រុងអ៊ូឡង់បាទ័រ និងទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់។ រដ្ឋាភិបាលរបស់ពួក យើងបានស្តាប់ពួកយើង ប៉ុន្តែរដ្ឋាភិបាលចិនមិនបានស្តាប់តាមការទាមទាររបស់ក្រុមនិស្សិតចិនទេ»។
លើកទីបួនគឺនៅពេលដែលលោក Yu ចូលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនៅក្រុងភ្នំពេញ ក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៧។ អ្នករត់ម៉ូតូឌុបម្នាក់បានប្រាប់គាត់ថា លោកធ្លាប់ប្រើវិទ្យុរលកសញ្ញាខ្លី ដើម្បីស្ដាប់ព័ត៌មានថ្មីៗអំពីបាតុកម្មនៅទីលាន Tiananmen កាលពីឆ្នាំ ១៩៨៩។
ដោយរៀនជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៅសហរដ្ឋអាមេរិក លោក Yu ធ្លាប់បានឃើញរូបថតបុរសដែលឈរនៅពីមុខរថក្រោះជាច្រើនលើក។ បុរសនោះត្រូវបានគេឲ្យឈ្មោះថា «បុរសរថក្រោះ»។ បុរសនោះជាមនុស្សដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានឈរពីមុខជួររថក្រោះក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីលាន Tiananmen។
មិត្តរួមថ្នាក់ជនជាតិអាមេរិកាំងរបស់លោកYu សឹងតែទាំងអស់បានដឹងរឿងរ៉ាវដែលកើតឡើងនៅក្នុងរូបថតនោះ។ ប៉ុន្តែមានមិត្តភក្តិរបស់លោកមកពីចិនដីគោកតិចតួចប៉ុណ្ណោះដែលដឹងរឿងរ៉ាវលម្អិតអំពីនៃហេតុការណ៍ដែលបានកើតឡើងនៅក្នុងរូបថតនោះ។
លោក Yu ដឹងថា នេះជាជំនាន់ដែលបានភ្លេចនូវរឿងរ៉ាវប្រវត្តិសាស្ត្រ។ ការរឹតត្បិត ការមិននិយាយស្ដី និងពេលវេលា បានបង្កើតឲ្យមានភាពខុសគ្នារវាងយុវជនដែលបានឃើញការបង្ក្រាបនៅទីលាន Tiananmen នាគ្រានោះ និងយុវជនជំនាន់ក្រោយ។
លោកបានបន្តថា៖ «អ្នកកើតជំនាន់ខ្ញុំគឺកើតមកជាមួយនឹងមោទនភាពជាជនជាតិចិន។ ហើយការចងចាំរបស់យើងគឺថា ប្រទេសចិនតែងតែជាប្រទេសដ៏មានឥទ្ធិពលមួយ»។
នៅក្នុងក្រសែភ្នែកយុវជនចិន ប្រវត្តិសាស្ត្រចិនត្រូវបានបង្ហាញថា ចិនជាប្រទេសមួយដែលតែងតែរះឡើងជារៀងរហូត ហើយក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោក ដែលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងដែលវិលត្រឡប់មកឆាកអន្តរជាតិវិញក្នុងនាមជាប្រទេសមហាអំណាចមួយ។
ជនវ័យក្មេងជំនាន់ក្រោយក្នុងប្រទេសចិនមិនធ្លាប់ឆ្លងកាត់សម័យកាលមហាលោតផ្លោះ (Great Leap Forward) សម័យកាលមហាទុរភិក្ស សម័យកាលបដិវត្តន៍វប្បធម៌ និងសម័យកាលបង្ក្រាបឃោរឃៅនៅទីលាន Tiananmen នោះទេ។ ផ្ទុយទៅវិញ ពួកគេបានដឹងតែពីរឿងការពារតំបន់សមុទ្រចិនខាងត្បូង ការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងត្បូងទាក់ទិននឹងរឿងដាក់ប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក និងលទ្ធភាពនៃការប្រើប្រាស់យោធាដើម្បីបង្រួបបង្រួមប្រទេសជាតិជាដើម។
លោក Yu និយាយថា ដោយផ្តើមចេញពីពេលលោកសម្រេចប្រើប្រាស់បណ្តាញ VPN ដើម្បីអាចគេចចេញពីប្រព័ន្ធរឹតត្បិតលើអ៊ីនធឺណិតនៅប្រទេសចិន គំនិតរបស់លោកបានប្រែផ្លាស់ខុសពីមិត្តភក្តិរបស់លោកជាច្រើន។
លោកបាននិយាយថា៖ «ប្រភពព័ត៌មានរបស់ខ្ញុំគឺខុសពីប្រភពព័ត៌មានរបស់ពួកគេ។ និយាយឲ្យចំទៅ យើងរស់នៅក្នុងពិភពពីរផ្សេងគ្នា»។
ក្នុងអំឡុងពេលរស់នៅរយៈពេលបីឆ្នាំនៅសហរដ្ឋអាមេរិក លោក Yu បាននិយាយថា លោកបានកត់សម្គាល់ឃើញថា និស្សិតចិនមកសិក្សាក្រៅប្រទេសជាច្រើននៅតែពឹងផ្អែកលើប្រព័ន្ធបណ្តាញសង្គមអ៊ីនធឺណិតដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដូចជា Weibo, WeChat និង Douyin ជាដើម ជាប្រភពព័ត៌មានចម្បងសម្រាប់ពួកគេ។
លោកបានបញ្ជាក់ដូច្នេះថា «ទោះបីជាពួកគេស្ថិតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏ខួរក្បាលរបស់ពួកគេស្ថិតនៅក្នុងប្រព័ន្ធរឹតត្បិតដដែល»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា