ប៉ូលិសក្រុងហុងកុងកាលពីថ្ងៃសុក្រម្សិលមិញ បានប្រាប់ពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថា ពួកគេ នឹងប្រឈមការចោទប្រកាន់ «ចំពោះការញុះញង់» ពលរដ្ឋឲ្យចូលរួមការប្រជុំនយោបាយកាលពីសប្តាហ៍មុនដើម្បីរំឭកការបង្ក្រាបនៅទីលាន Tiananmen កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។
ចំណាត់ការនេះបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីប៉ូលិសបានប្រាប់លោក Jimmy Lai អ្នកបង្កើតកាសែតប្រចាំថ្ងៃ Apple Daily និងសមាជិកសំខាន់ៗ៣នាក់ទៀតនៃសម្ព័ន្ធភាពក្រុងហុងកុងក្នុងការគាំទ្រចលនាប្រជាធិបតេយ្យស្នេហាជាតិចិន លោក Richard Tsoi និងលោក Lee Cheuk-yan អតីតសមាជិកសភា និងលោក Albert Ho ថា ពួកគេនឹងត្រូវកាត់ទោសលើបទចោទប្រកាន់ពី «ការញុះញង់មនុស្សឲ្យចូលរួមក្នុងការជួបប្រជុំដោយគ្មានការអនុញ្ញាត»។
កាលពីថ្ងៃសុក្រម្សិលមិញ ចលនាសម្ព័ន្ធភាពនោះប្រាប់ឲ្យដឹងថា ពួកសកម្មជន៩នាក់ រួមមានលោកស្រី Chow Hang-tung អនុប្រធាន និងពួកសមាជិកសំខាន់ៗ មាន លោក Cheung Man-kwong លោក Leung Yiu-chung លោក Steve Kwok ប្រធានគណបក្សការងារ និងលោក Figo Chan អនុប្រធានក្រុមប្រឹក្សារណៈសិរ្សសិទ្ធិមនុស្ស ដែលបានរៀបចំការតវ៉ាប្រឆាំងដ៏ធំមួយ រួមមានការរៀបចំការតវ៉ាប្រឆាំងដ៏ខ្លាំងមួយដែលមានមនុស្សរាប់លាននាក់ដែលបានចាប់ផ្តើមចលនាប្រឆាំងការធ្វើបត្យាប័នកាលពីខែមិថុនាឆ្នាំទៅក៏នឹងប្រឈមការចោទប្រកាន់ដែរ។
អង្គការសម្ព័ន្ធភាពបានរៀបចំការអុជទៀនប្រចាំឆ្នាំខួបលើកទី៣០។ ព្រឹត្តិការណ៍នេះ បានកើតមានឡើងដោយគ្មានការរំខានមកទល់ឆ្នាំនេះ នៅពេលដែលប៉ូលិសបានហាមឃាត់ពិធីនោះដោយផ្អែកលើហេតុផលថា ពិធីនោះ បណ្តាលឲ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពសាធារណៈ ថ្វីបើការរាតត្បាតមេរោគកូរ៉ូណា បានធូរស្រាល ហើយកន្លែងលំហែកាយជាច្រើន រួមទាំងកន្លែងហែលទឹក និងឧទ្យាន បានបើកឡើងវិញក៏ដោយ៕