ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​ការ​វាយប្រហារ​លើ​ព្រះ​វិហារ​នៅ​បារាំង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម


ប្រធានាធិបតី​បារាំង​លោក Francois Hollande បាន​ទៅ​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​និង​ចាប់​ដៃ​ជាមួយ​ប៉ូលិសនៅ​​ក្រុង​ Saint-Etienne-du-Rouvray Normandy ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា។
ប្រធានាធិបតី​បារាំង​លោក Francois Hollande បាន​ទៅ​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​និង​ចាប់​ដៃ​ជាមួយ​ប៉ូលិសនៅ​​ក្រុង​ Saint-Etienne-du-Rouvray Normandy ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា។

ក្រុមរដ្ឋ​ឥស្លាម​បាន​អះអាង​ថា​ ទាហាន​២​នាក់​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​ទៅ​លើ​ព្រះ​វិហារ​កាតូលិក​នៅ​ក្នុង​ទីក្រុង ​Normandy​ នៃ​ប្រទេស​បារាំង ​ដែល​នៅ​ទី​នោះ​ពួក​គេ ​បាន​សម្លាប់​សង្ឃ​កាតូលិក​មួយ​អង្គ​បន្ទាប់​ពី​ពួក​គេ ​បាន​ចាប់​ព្រះ​អង្គ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដោយ​ប្រើ​កាំបិត។

សហរដ្ឋ​អាមេរិក ​បាន​ថ្កោល​ទោស​ដោយ​ប្រើ​ពាក្យធ្ងន់ៗ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ព្រៃ​ផ្សៃ​នេះ​ ហើយ​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ ​និង​មិត្តភក្តិ​របស់​ព្រះ​តេជ​គុណ​ Jacques Hamel ​និងអ្នកស្រុក​ដែល​រស់​នៅ​ជិត​ព្រះ​វិហារ​ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅក្នុង​ក្រុង ​Saint –Etienne-du-Riuvray។

លោក​ Ned Price​ អ្នក​នាំក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​សហរដ្ឋ​អាមេរិក ​បាន​មាន​ប្រសាសន៍​ថា ​បារាំង​និងសហរដ្ឋ​អាមេរិក​ធ្វើ​ការ​តាំង​ចិត្តដើម្បី​ការពារ​សេរីភាព​សាសនា​សម្រាប់អ្នក​កាន់​សាសនា​ទាំងអស់ ​ហើយ​អំពើ​ហិង្សា​នៅ​ថ្ងៃ​នេះ ​នឹង​មិនអាច​បំផ្លាញ​ការ​តាំង​ចិត្តនេះ​បាន​ទេ។

ប្រធានា​ធិបតីប្រទេស​បារាំង​ លោក ​Francois Hollande បាន​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែងវាយ​ប្រហារនៅ​ក្នុងទីក្រុង​ភាគ​ខាង​ជើង​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​បាន​មាន​ប្រសាសន៍​ថា ​ពួក​អ្នក​វាយ​ប្រហារ ​មាន​ភាព​ស្មោះ​ត្រង់​ទៅ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​មុនពេល​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់។

លោក​ប្រធានា​ធិបតី ​Hollande ​បាន​មាន​ប្រសាសន៍​ថា៖ «ក្រុម​រដ្ឋ​ឥស្លាម ​បាន​ប្រកាស​សង្គ្រាម​ជាមួយ​យើង។ ​យើង​ត្រូវ​តែ​ប្រយុទ្ធដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ​ខណៈ​ដែល​យើង​គោរព​នីតិ​រដ្ឋ​ដែរ‍»។

ពួក​មន្រ្តី​សន្តិសុខ​បារាំង​បាន​និយាយ​ថា ​ពួក​អ្នក​វាយ​ប្រហារ​ទាំង​២នាក់​នោះ ​បាន​អារក​សង្ឃ​កាតាលិក​ដែល​មាន​ព្រះ​ជន្ម៨៤​ឆ្នាំ​មុន​ពេល​ប៉ូលិស​អាច​ធ្វើ​អន្តរាគមន៍។ លោក​ប្រធានា​ធិបតី ​Hollande ​បាន​ប្រកាស​ប្រឆាំង​ការ​វាយ​ប្រហារ​នេះ​ថា​ ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ថោក​ទាប​មួយ។

ប៉ូលិស​បាន​និយាយ​ថា ​មនុស្ស​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំងនៅ​ឯ​ព្រះ​វិហារ​គ្រិស្តសាសនា​នោះ​ បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​«ស្លាប់​រស់»​បន្ទាប់​ពីការ​វាយ​ប្រហារ។ ប៉ូលិស​បាន​និយាយ​ថា ​អត្តសញ្ញាណ​របស់​ពួក​អ្នក​វាយ​ប្រហារ​នោះ​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG