ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋ​ឥស្លាម​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នៅ​ Bavaria ប្រទេស​អាល្លឺម៉ង់


ក្រុម​មន្ត្រី​ប៉ូលិស​អាល្លឺម៉ង់​ចាក​ចេញ​ពី​អតីត​សណ្ឋាគារ​មួយ​ដែល​បុរស​ជន​ជាតិ​ស៊ីរី​បាន​រស់​នៅ​មុន​ពេល​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្រុង​ Anbach ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​២៥ ខែកក្កដា។
ក្រុម​មន្ត្រី​ប៉ូលិស​អាល្លឺម៉ង់​ចាក​ចេញ​ពី​អតីត​សណ្ឋាគារ​មួយ​ដែល​បុរស​ជន​ជាតិ​ស៊ីរី​បាន​រស់​នៅ​មុន​ពេល​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្រុង​ Anbach ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​២៥ ខែកក្កដា។

យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ Amaq​ របស់​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ​ជន​ចំណាក​ស្រុក​ស៊ីរី​ម្នាក់​អាយុ​២៧​ឆ្នាំ​ដែល​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​ធ្វើ​អត្តឃាត​មួយ​ធ្វើ​ឱ្យ​មនុស្ស​យ៉ាងតិច​ណាស់​១២​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ក្រុង ​Ansbach ​ប្រទេស​អាល្លឺម៉ង់​ គឺ​ជា​ទាហាន​ម្នាក់​នៃ​ពួក​រដ្ឋ​ឥស្លាម។

ទី​ភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​រាយការណ៍​ថា​ ប្រភព​ខាង​ក្នុង​មួយ​បាន​និយាយ​ថា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​ឱ្យ​យក​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​លើ​ប្រទេស​ជា​សមាជិក​ក្រុម​ចម្រុះ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម។

មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​នៃ​រដ្ឋ​ Bavaria ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អ្នក​ធ្វើការ​វាយ​ប្រហារ​នេះ​បាន​ថត​វីដេអូ​មួយ​ក្នុង​ទូរស័ព្ទ​ចល័ត​របស់​គាត់​ដោយ​ប្តេជ្ញា​ការស្មោះ​ស្ម័គ្រ​ចំពោះ​មេដឹក​នាំ​ពួក​រដ្ឋ​ ឥស្លាម​ ឈ្មោះ ​Abu Bakr al-Baghdadi។ លោក ​Joachim Hermann ក៏​បាន​និយាយ​ដែរ​ថា​ សម្ភារៈ​សម្រាប់​ផលិត​គ្រាប់​បែក​ដូច​ជា​សាំង​និង​សារធាតុ​គីមីបាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ។

លោក T​homas de Maiziere​ បាន​បញ្ជា​ឱ្យ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​នៅ​ស្ថានីយ​ដឹក​ជញ្ជូន​និង​កន្លែង​ឯទៀតៗ។

ពួក​មន្ត្រី​អាល្លឺម៉ង់​បាន​ថ្លែង​ថា ​អ្នក​ធ្វើការ​វាយ​ប្រហារ​នេះ​បាន​ព្យាយាម​សម្លាប់​ខ្លួន​ឯង​ពីរ​ដង​មក​ហើយ​កាល​ពី​ពេលមុន​ ហើយ​គាត់​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ផង​ដែរ។

បុរស​នេះ​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ក្រោយ​ពេល​មាន​ការរារាំង​គាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ពិធី​មហោស្រព​តន្ត្រី​មួយ​នៅ​ក្នុង​ក្រុង ​Ansbach ​នៅ​ជិត​ក្រុង​Nuremberg។

មនុស្ស​ជាង​២ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​មហោស្រព​នេះ​នៅ​ក្រោយ​ការ​ផ្ទុះ​នោះ។អាជ្ញាធរ​អាល្លឺ​ម៉ង់​បាន​បដិសេធ​មិន​ឱ្យ​បុរស​នេះ​មាន​សិទ្ធិ​ជ្រក​កោន​ទេ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ក៏​ប៉ុន្តែ​គេបានអនុញ្ញាត​ឱ្យ​គាត់​ឋិត​នៅ​ក្នុងប្រទេស​អាល្លឺម៉ង់​ដោយ​សារ​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG