បើតាមរដ្ឋអាជ្ញាក្រុងប៉ារីសបានឲ្យដឹងថា បុរសដែលបានសម្លាប់មនុស្ស៨៤នាក់ក្នុងទិវា Bastille នៅក្នុងក្រុង Nice ជាប់ឆ្នេរសមុទ្រនៃប្រទេសបារាំងបានសម្តែងការយកចិត្តទុកដាក់របស់គាត់ដល់សាសនាឥស្លាមបែបជ្រុលនិយម។
លោក Francois Molins ដែលមើលការខុសត្រូវលើការស៊ើបអង្កេតអំពីភេរវកម្មបាននិយាយកាលពីថ្ងៃចន្ទថា ឈ្មោះ Mohamed Lahouaiej Bouhlel ដែលជាអ្នកធ្វើការវាយប្រហារហើយក្រោយមកត្រូវបានគេធ្វើឃាត បានបង្ហាញការគាំទ្រដល់ពួករដ្ឋឥស្លាម ហើយបានស្វែងរកព័ត៌មានតាមអ៊ីនធឺណិតអំពីការវាយប្រហារនៅក្នុងក្លឹបរាត្រីរបស់ពួកមនុស្សស្រឡាញ់មនុស្សមានភេទដូចគ្នានៅក្នុងក្រុង Orlando។
លោក Molins បានថ្លែងថា ឈ្មោះ Bouhlel ក៏បានទៅឈ្លបយកការណ៍តំបន់ឆ្នេរសមុទ្រដែលគាត់បានប្រើឡានកាមីញ៉ុង (camion) មួយគ្រឿងបើកបុកមនុស្សរាប់សិបនាក់នៅតាមបណ្តោយផ្លូវ promenade នៃក្រុង Nice។
កាលពីថ្ងៃចន្ទ មានការនៅស្ងាត់ស្ងៀមមួយរយៈពេលខ្លីនៅទូទាំងប្រទេសបារាំងដើម្បីផ្តល់កិត្តិយសដល់ជនរងគ្រោះដោយសារការវាយប្រហារកាលពីថ្ងៃទី១៤ខែកក្កដា។
លោកនាយករដ្ឋមន្ត្រី Manuel Valls ត្រូវបានគេស្រែកឌឺដងដាក់ដោយសារមានការមិនចូលចិត្តរូបលោក នៅពេលលោកបានចូលរួមជាមួយមនុស្សរាប់ពាន់នាក់ក្នុងក្រុង Nice ដើម្បីឋិតនៅស្ងាត់ស្ងៀមមួយរយៈពេលខ្លីនោះ។
គេអាចឮការសើចចំអកនៅពេលលោក Valls និងអ្នកនយោបាយឯទៀតៗបានចាកចេញពីកន្លែងនោះ ហើយមានមនុស្សមួយចំនួនក្នុងហ្វូងមនុស្សនោះបានស្រែកឱ្យពួកគេចុះចេញពីតំណែងផងដែរ៕