ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន​រឿង​ជម្លោះ​ពាណិជ្ជកម្ម


រដ្ឋលេខាធិការ​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross និង​អនុ​រដ្ឋ​មន្រ្តី​ចិន ​Liu He ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​រដ្ឋ​ Diaoyutai ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៣ មិថុនា ឆ្នាំ ២០១៨។
រដ្ឋលេខាធិការ​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross និង​អនុ​រដ្ឋ​មន្រ្តី​ចិន ​Liu He ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​រដ្ឋ​ Diaoyutai ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៣ មិថុនា ឆ្នាំ ២០១៨។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Wilbur Ross និង​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក Liu He បាន​ចាប់ផ្ដើម​ជុំ​ថ្មី​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្នុង​គោល​បំណង​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុងតែ​តានតឹង​ឡើង។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ព័ត៌មាន​លំអិត​ណា​មួយ​អំពី​ការ​ពិភាក្សា​គ្នា​នៅ​ឯ​សណ្ឋាគារ​រដ្ឋ Diaoyutai នៅ​ឡើយ​ទេ ប៉ុន្តែ បេសកជន​ចិន​បាន​សន្យា​នៅ​ក្រោយ​ពេល​ប្រជុំ​កម្រិត​ខ្ពស់​លើក​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ​នេះ​ថា នឹង​ទិញ​កសិផល និង​ផលិតផល​ជំនួយ​កម្លាំង​របស់​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត។

លោក Ross ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ត្រី​ក្រសួង​កសិកម្ម មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក។

ចំណែក​ឯ​គណៈប្រតិភូ​របស់​លោក Liu He វិញ ក៏​មាន​វត្តមាន​របស់​ទេសាភិបាល​ធនាគារ​កណ្ដាល​ចិន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ផង​ដែរ។

គេ​ក៏​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា ការ​ពិភាក្សា​គ្នា​លើក​នេះ​នឹង​ផ្ដោត​ផង​ដែរ​លើ​ការ​ត្អូញត្អែរ​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លួច ឬ​ក៏​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បរទេស​នោះ​ទេ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump កំពុង​គំរាម​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់ ១៥០ ពាន់​លាន​ដុល្លារ​អាមេរិក។

ទាក់ទិន​នឹង​ជម្លោះ​ពាណិជ្ជកម្ម​នេះ សេតវិមាន​បាន​ធ្វើ​ការ​គំរាមកំហែង​សារ​ជា​ថ្មី​កាល​ពី​សប្ដាហ៍​មុន​លើ​ការ​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​របស់​ចិន​ក្នុង​ទឹក​ប្រាក់ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG