ចិនបានធ្វើការសន្យាជាក់លាក់ជាច្រើនដើម្បីបើកទីផ្សារហិរញ្ញវត្ថុ និងធានារ៉ាប់រង នៅត្រឹមខែមិថុនានិងនៅមុនចុងឆ្នាំនេះ។ ចិនក៏បានដោះស្រាយក្តីបារម្ភដ៏ចម្បងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដោយបានសន្យាថានឹងកាត់បន្ថយពន្ធលើការនាំចូលរថយន្តដែលមានចំនួន២៥%ឲ្យបានច្រើនបំផុត នៅឆ្នាំនេះ។
រដ្ឋាភិបាលក្រុងប៉េកាំងក៏បានឲ្យដឹងថានៅត្រឹមឆ្នាំ២០២០រោងចក្រផលិតយានយន្តប្រើថាមពលអគ្គិសនីនឹងមិនចាំបាច់ចូលហ៊ុនជាមួយនឹងក្រុមហ៊ុនចិនដើម្បីគេចពន្ធនិងទទួលបានទីផ្សារចូលក្នុងប្រទេសចិននោះទេ។
ការសន្យា
អ្នកវិភាគនិយាយថា ទោះយ៉ាងណា ការណ៍ទាំងនេះបានធ្វើឲ្យមនុស្សមួយចំនួនតូចតែប៉ុណ្ណោះចាប់អារម្មណ៍។
លោក Paul Haenle ដែលជានាយកមជ្ឈមណ្ឌល Tsinghua-Carnegie សម្រាប់គោលនយោបាយសកលដែលមានមូលដ្ឋាននៅក្នុងក្រុងប៉េកាំងបាននិយាយថា រហូតទាល់តែមានវិធានការជាក់ស្តែងណាមួយត្រូវបានធ្វើឡើងបើមិនដូច្នោះទេសហរដ្ឋអាមេរិកនឹងនៅតែមិនប្រាកដក្នុងចិត្តនោះទេថាការប្រកាសនានាគ្រាន់តែជាការសន្យា ឬវាអាចលើសពីការសន្យា ប៉ុន្តែត្រូវការពេលយូរដើម្បីក្លាយជាការពិត (ឬអាចនឹងមិនកើតមានឡើងផង) ឬយ៉ាងណា។
លោក Paul Haenle បានប្រាប់ VOA នៅក្នុងអ៊ីម៉ែលថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញម្តងហើយម្តងទៀតថា ពួកគេមានឆន្ទៈក្នុងការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗតែក្នុងកាលៈទេសៈដែលពួកគេមានផលប្រយោជន៍ក្នុងការកែប្រែ មិនមែនដើម្បីឆ្លើយតបទៅនឹងសម្ពាធអន្តរជាតិ (អ្វីដែលយើងបានឃើញថា ពួកគេបានអនុវត្តនូវយុទ្ធសាស្ត្រទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េឡើយ)»។
ក្រុមអ្នកវិភាគបានថ្លែងថាជាមួយនឹងការគ្របដណ្តប់របស់ក្រុមហ៊ុនចិនទៅលើវិស័យហិរញ្ញវត្ថុនិងធានារ៉ាប់រងនៅក្នុងប្រទេសចិនការអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសចូលក្នុងប្រទេសអាចមានការគំរាមកំហែងតិចតួច ហើយទីបំផុតអាចនឹងជួយដល់ក្រុមហ៊ុនក្នុងស្រុកបានច្រើនជាង ក្រុមហ៊ុនបរទេស។
អ្នកវិភាគបាននិយាយថា ការណ៍នេះក៏នឹងជួយការពារប្រទេសប្រឆាំងនឹងការរិះគន់នៅអង្គការពាណិជ្ជកម្មពិភពលោកទាក់ទងនឹងការបដិសេធជាយូរមកហើយរបស់ចិនក្នុងការបើកទីផ្សាររបស់ខ្លួន។ វាក៏ទំនងអាចជាការស្វាគមន៍មួយសម្រាប់វិស័យហិរញ្ញវត្ថុដែលហានិភ័យនិងបញ្ហាបំណុលនៅតែបន្តជាការព្រួយបារម្ភ។
ផលិតក្នុងប្រទេសចិន ២០២៥
លោក Erlend Ek ប្រធានផ្នែកស្រាវជ្រាវខាងពាណិជ្ជកម្មនៅក្រុមស្រាវជ្រាវមួយដែលមានឈ្មោះថា China Policy បានថ្លែងថាអ្នកវិភាគខ្លះមើលឃើញចំណាត់ការទាំងនេះគឺជាសញ្ញាមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងឆ្លើយតប និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញឲ្យមានការបើកទីផ្សារ។
លោក Ek បាននិយាយថា ប្រទេសចិនតាមពិតទៅកំពុង «ប្រើប្រាស់សម្ពាធនេះដើម្បីជំរុញឲ្យសហគ្រិនដែលគ្រប់គ្រងដោយរដ្ឋ និងជំរុញឲ្យមានការគាំពារនិយមសម្រាប់វិស័យក្នុងស្រុក។ ការណ៍នេះអាចនឹងត្រូវការពេលខ្លះប៉ុន្តែបញ្ហានេះជាផលប្រយោជន៍ជាតិរបស់ពួកគេក្នុងការបើកចំហរទីផ្សារ»។
អ្នកវិភាគបានកត់សម្គាល់ថា ខណៈដែលសង្គ្រាមវោហារសាស្ត្រពាណិជ្ជកម្មរបស់ភាគីទាំងសងខាងបន្តកើនឡើង ភាគីទាំងពីរនៅតែព្យាយាមស្វែងរកដំណោះស្រាយក្រៅផ្លូវការ។ ពួកគេបាននិយាយថា ទោះជាយ៉ាងណា ការខឹងសម្បាដែលកើនឡើងកំពុងធ្វើឲ្យមានការពិបាកកាន់តែខ្លាំង។
លោក Haenle បាននិយាយថា សហរដ្ឋអាមេរិកចង់ឲ្យមានចំណងទាក់ទងប្រកបដោយការយោគយល់គ្នាទៅវិញទៅមកឲ្យបានច្រើនជាងមុនហើយចង់ឲ្យរដ្ឋាភិបាលក្រុងប៉េកាំងសម្រាលគោលនយោបាយឧស្សាហកម្ម «ផលិតក្នុងប្រទេសចិន ២០២៥»។ សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតបានអះអាងថាគោលនយោបាយ ផលិតនៅក្នុងប្រទេសចិន ២០២៥មានលក្ខណៈរើសអើងប្រឆាំងនឹងការនាំចូលពីបរទេសនិងបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យា។
លោក Haenle បាននិយាយថា៖ «សហរដ្ឋអាមេរិកឆ្អែតចិត្តជាមួយនឹងការសន្យារបស់ប្រទេសចិនពីការផ្លាស់ប្តូរនានា ដែលក្រោយមកមានសកម្មភាពជាក់ស្តែងតិចតួចឬគ្មានតែម្តង។ ផ្ទុយទៅវិញប្រទេសចិនមានការខឹងសម្បាជាមួយនឹងកង្វះភាពច្បាស់លាស់ពីខាងភាគីអាមេរិកថាតើចិនត្រូវធ្វើអ្វីទៀតដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មត្រឡប់មកដូចសភាពដើមវិញ»។
ប្រទេសចិនក៏មានអារម្មណ៍ថា ពួកគេបានធ្វើសម្បទានច្រើនរួចមកហើយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មហើយឥឡូវនេះកំពុងចាប់ផ្តើមឆ្ងល់ថា តើការពិភាក្សាដេញដោលនេះពាក់ព័ន្ធមិនត្រឹមតែបញ្ហាសេដ្ឋកិច្ចបច្ចេកទេស ឬនយោបាយក្នុងស្រុករបស់អាមេរិកឬយ៉ាងណា។
ការប្រយុទ្ធដើម្បីអនាគត
លោក Ek បាននិយាយថា អ្នកយុទ្ធសាស្ត្ររបស់ចិនមើលឃើញជម្លោះពាណិជ្ជកម្មជាការប្រយុទ្ធគ្នាដើម្បីគ្របដណ្តប់នៅក្នុងដំណាក់កាលបច្ចេកវិទ្យាបន្ទាប់ ដែលមានដូចជា ទិន្នន័យធំៗ ការផ្ទុកទិន្នន័យក្នុងប្រព័ន្ធអ៊ីនធឺណិតនិងបញ្ញានិម្មិត ឬ AI។
លោក Ek បាននិយាយថា៖ «វាមិនមែនជាបញ្ហានាពេលឥឡូវនោះទេ ប៉ុន្តែតាមពិតទៅ វាជាបញ្ហាអនាគតនៅក្នុងឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ ខ្ញុំគិតថា សហរដ្ឋអាមេរិកភ័យខ្លាចចិន និងរបៀបដែលគាំទ្រដោយរដ្ឋរបស់ចិន។ តាមប្រវត្តិសាស្ត្រ វាមិនសូវមានប្រសិទ្ធភាពនោះទេ ប៉ុន្តែពួកគេបានឃើញលទ្ធភាពមួយចំនួន ដោយសារតែពួកគេមានចំនួនប្រជាជនដ៏ច្រើនលើសលុប»។
ចំនួនប្រជាជនដ៏ច្រើនលើសលុបរបស់ចិននិងទីផ្សាររបស់ប្រទេសនេះជាគុណសម្បត្តិដ៏ធំនៅក្នុងការបង្កើតទិន្នន័យបញ្ញានិម្មិតនិងវិស័យផ្សេងៗទៀត។ វាជាគុណសម្បត្តិដ៏ធំមួយដែលរដ្ឋាភិបាលចិនអាចប្រើប្រាស់ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសឲ្យទទួលយកយុទ្ធសាស្ត្រចាប់បង្ខំនេះទាក់ទងនឹងការបើកចំហរទីផ្សារ។ ប្រទេសចិនធំគ្រប់គ្រាន់ក្នុងការគាំទ្រក្រុមហ៊ុនព័ត៌មានវិទ្យានៅក្នុងបរិយាកាសមួយប្រកបដោយការការពារនៅក្នុងស្រុករហូតពួកគេត្រៀមខ្លួនរួចរាល់ដើម្បីទៅប្រឡូកនៅក្រៅប្រទេស៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ