សំណើពង្រឹងសមត្ថភាពទាហានជើងទឹកហ្វីលីពីន ដែលមានសមត្ថភាពខ្សោយជាងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី នឹងជួយដល់ប្រទេសនេះទប់ទល់នឹងពួកឧទ្ទាមកាន់សាសនាឥស្លាម ទូកនេសាទរបស់បរទេស និងកប៉ាល់មកពីប្រទេសចិនជាដើម។ នេះបើយោងតាមអ្នកវិភាគក្នុងតំបន់។
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្លែងកាលពីថ្ងៃទី២២ ខែឧសភាថា រដ្ឋាភិបាលធ្វើការពង្រឹងសមត្ថភាពកងទ័ពនៅដំណាក់កាលពី២នេះដែលផ្តោតលើកងទ័ពជើងទឹកហ្វីលីពីន។ ដំណាក់កាលនេះនឹងប្រើប្រាស់ថវិកាចំនួន៧៧ពាន់លានប៉េសូស្មើនឹង១,៤៦ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពជើងទឹកហ្វីលីពីនដែលមានអាយុកាល១២០ឆ្នាំនេះ។ នេះយើងយោងតាមគេហទំព័ររបស់ការិយាល័យប្រធានាធិបតីហ្វីលីពីន។
លោក Duterte បានថ្លែងតាមរយៈគេហទំព័រនោះថា «យើងកំពុងរស់នៅក្នុងពេលវេលារីករាយជាមួយកងកម្លាំងរបស់យើង នៅស្របពេលយើងកំពុងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ជើង»។
លោកសាស្រ្តាចារ្យ Jay Batongbacal មកពីសាកលវិទ្យាល័យហ្វីលីនផ្នែកកិច្ចការដែនសមុទ្រអន្តរជាតិបានថ្លែងថា «បន្ទាប់ពីដំណាក់កាលទីពីរបញ្ចប់ គួរតែមានដំណាក់មួយទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព»។
លោកបានថ្លែងថា «ប្រសិនបើពួកគេអនុវត្តតាមកម្មវិធីនេះ នោះនឹងធ្វើឲ្យពួកកងទ័ពជើងទឹកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតួនាទីឃ្លាំមើលរបស់ពួកគេ និងការដើរល្បាតប្រឆាំងនឹងការគំរាមកំហែងនានានិងភាពមិនប្រក្រតីទៅលើសន្តិសុខជាតិ»៕