ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​គ្រប់​បុគ្គល​ពាក់ព័ន្ធ​ចូលរួម​ពង្រឹង​គុណភាព​អប់រំ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកចូលរួមបោះឆ្នោតព្រឹទ្ធសភានៅខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកចូលរួមបោះឆ្នោតព្រឹទ្ធសភានៅខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រោយពី​មាន​កំណែទម្រង់​អស់​រយៈកាល​កន្លង​ទៅ លទ្ធផល​នៃ​ការ​ប្រឡងជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​មានការ​កើនឡើង​ជា​បន្តបន្ទាប់។ ការ​អនុវត្ត​របស់ លោក ហង់ ជួន ណារ៉ុន ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ហាក់​ទទួល​បាន​ជោគជ័យ គឺ​នៅ​ចុង​ឆ្នាំ​២០១៨​នេះ ដោយ​អត្រា​សិស្ស​ជាប់​សឹងតែ​ពីរ​ភាគ​បី នៃ​បេក្ខជន​ទាំងអស់។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវនាវ​ដល់​បុគ្គល​ពាក់ព័ន្ធ ដែល​រួមមាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងនោះ​ រួមគ្នា​ធានា​ឱកាស​អប់រំ​ឲ្យ​មាន​គុណ​ភាព​ប្រកប​ដោយ​សមធម៌។

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើង​ តាម​សារលិខិត​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនៅថ្ងៃទី​១​ ខែ​វិចិ្ឆកា​ ដោយ​មាន​អម​ជាមួយវីដេអូ​មួយ​ ដើម្បី​អបអរ​សាទរ​ថ្ងៃ​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩។

​លោក​ហ៊ុន សែន ​លើកឡើង​ក្នុង​សារ​លិខិត​នោះ​ថា ​ក្នុង​អាណត្តិ​ទី៦​នេះ ​លោក​បាន​ដាក់​ចេញ​យុទ្ធសាស្រ្ត​ចតុកោណ​លើក​ទី៤ ​ដោយ​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អាទិភាព​ទី១។ លោក​បន្ថែម​ថា​ ធនធាន​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ​និង​មាន​ជំនាញ​ច្បាស់​លាស់​ គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការប្រកួត​ប្រជែង​ផ្នែក​ឧត្តមភាព​សម្រាប់​ប្រទេស។

លោក​បញ្ជាក់​ថា៖ «ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ ធនធាន​មនុស្ស​ដែល​មាន​ចំណេះ​ដឹង ចំណេះធ្វើ​ទូលំ​ទូលាយ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ជំនាញ​ច្បាស់លាស់ កាន់តែ​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន​ឧត្តមភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​ជាតិ ជាពិសេស​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ត្រូវ​ប្រឹង​រស់​ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​ និង​សន្តិភាព​របស់​ប្រទេស»។

លោក​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​ក្រសួង​អប់រំ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​គោល​នយោបាយ ​ក្របខណ្ឌ​ច្បាប់ ​ដើម្បី​ដឹកនាំ ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ​និង​ធានា​នូវ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​លើក​កម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់​គ្នា។

លោក​ក៏​បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​សិក្សា​គ្រប់​រូប​ភាព រួម​ទាំង​វត្តអារាម ត្រូវ​ធានា​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ការអប់រំ​ពេញលេញ​និង​មាន​គុណភាព។ ចំណែក​គ្រូបង្រៀន​ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​បន្ថែម​ទៀត​ដើម្បី​យក​ចំណេះ​ដឹង​ថ្មីៗ​មក​បង្ហាត់​បង្រៀន​សិស្ស​បន្ត​ទៀត។

សម្រាប់​អាណា​ព្យាបាល​សិស្ស ​និង​សហគមន៍ ត្រូវ​រួម​ចំណែក​ឲ្យបាន​ខ្លាំងក្លា​បន្ថែម​ទៀត​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ការ​ជួយ​អប់រំ​កូនចៅ​ទាំង​ផ្នែក​សុខភាព​ចំណេះដឹង និង​សីលធម៌។ ហើយ​សិស្សា​នុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ព្រមទាំង​ចូលរួម​គ្រប់​សកម្មភាព​នានា​ ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សាលារៀន​និង​សង្គមជាតិ។ នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

​លោក​ហ៊ុន សែន ​ក៏បាន​ស្នើ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ឲ្យ​យកចិត្ត​ទុកដាក់​ចូលរួម​គាំទ្រ​ឲ្យបាន​ខ្លាំងក្លា​បន្ថែម​ទៀត ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​សម្រាប់​គ្រប់​លទ្ធភាព ​ព្រមទាំង​ជំរុញ​សិស្ស និង​យុវជន​ដែល​មិនបាន​រៀនសូត្រ ឬ​បោះបង់​ការសិក្សា​ឲ្យ​មានឱកាស​ទទួល​បាន​ការ​រៀនសូត្រ​សារ​ជាថ្មី។

ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ឯកជន​ទាំងអស់ សូម​ជួយ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ឲ្យបាន​កាន់​តែ​ទូលំទូលាយ​អំពី​សារៈសំខាន់​នៃ​ការអប់រំ ស្រប​ពេល​ដែល​ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បង្កើន​កិច្ចសហការ និង​ពង្រឹង​ភាពជា​ដៃគូ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​អប់រំ​នានា ជាពិសេស​នៅ​កន្លែង​ដែល​មាន​សេវា​អប់រំ​ពិបាក​ទៅ​ដល់ ឬ​ក្រុម​សិស្ស​ដែល​ជួប​ការ​លំបាក។

ការ​អំពាវនាវ​របស់​លោក​ហ៊ុន​ សែន​ ដែល​បាន​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ជាង​បីទសវត្សរ៍​មក​នោះ​ ឲ្យ​មានការ​រួមគ្នា​ដើម្បី​ជំរុញ និង​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុជា ត្រូវ​បាន​អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា អាច​ទទួល​បាន​ប្រសិទ្ធភាព លុះត្រាតែ​រដ្ឋាភិបាល​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ ខិតខំ​ប្រឹងប្រែង និង​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការកែទម្រង់។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ប្រាប់ VOA ថា វិស័យ​អប់រំ​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វិវត្ត​ទៅមុខ​យឺត និង​គួរឲ្យ​បារម្ភ បើ​ធៀប​នឹង​ការអប់រំ​តាម​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដែល​បណ្តា​ប្រទេស​ទាំង​នោះ បាន​និង​កំពុង​វិវត្ត​ទៅ​មុខ​ប្រកប​ដោយ​គុណភាព។ លោក​បន្ត​ថា ការអប់រំ​ដែល​សំខាន់​បំផុត គឺ​ត្រូវ​ផ្តើម​ពី​កម្រិត​បឋមសិក្សា ហើយ​ថា​ឆន្ទៈ​នយោបាយ​ក្នុង​ការកែទម្រង់​របស់​មេដឹកនាំ គឺជា​ចំណុច​ស្នូល​ក្នុង​ការ​ពង្រឹង​គុណភាពអប់រំ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «តួអង្គ​ឆន្ទៈ​កម្រិត​នយោបាយ។ សួរ​ថា​តើ​កម្រិត​នយោបាយ ឬក៏​អ្នក​នយោបាយ​ដែល​ដឹកនាំ​ប្រទេស​ហ្នឹង​មាន​ឆន្ទៈ​ពិតប្រាកដ នៅក្នុង​ការ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ ឬទេ? ខណៈ​ពេល​ដែល​កិច្ចការ​ទាំងឡាយ​ដែល​ក្រៅតែ​ពី​ការជំរុញ​ឲ្យ​សិស្ស​ចូលរៀន​ហ្នឹង ថា​តើ​ការ​ជំរុញ ការ​ទាមទារ ការ​បង្កើត​នូវ​យន្ត​ការ​ផ្សេងៗ ដើម្បី​ឲ្យ​សិស្ស​ដែល​ទៅរៀន​ហ្នឹង​មាន​សមត្ថភាព​ពេញ​លេញ»។

លោក សន ជ័យ បន្ថែម​ថា ការ​អប់រំ​ដែល​មាន​សមធម៌ គឺ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​សិស្ស​តាម​តំបន់​ដាច់​ស្រយ៉ាល ​និង​សិស្ស​ដែល​ជា​ជនជាតិ​ដើម​ភាគតិច តាមរយៈ​ការកាត់​បន្ថយ​គម្លាត​ស្តង់ដារ​សិក្សា​ដែល​កំពុង​ឃ្លាត​គ្នា​យ៉ាង​ឆ្ងាយ​រវាង​សិស្ស​នៅ​ជនបទ និង​សិស្ស​ក្នុង​ទីក្រុង។

ក្នុង​ឆ្នាំ​ដំបូង​ដែល​មាន​កំណែទម្រង់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​ដោយ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ពោល​គឺ​ឆ្នាំ២០១៤ អត្រា​សិស្ស​ប្រឡងធ្លាក់ មាន​រហូតដល់​៧០ភាគរយ​នៃ​ចំនួន​សរុប​នៃ​សិស្ស​ថ្នាក់​ទី១២​ទាំងអស់។ មុន​មាន​កំណែទម្រង់​នេះ សិស្ស​ស្ទើរតែ​ទាំងអស់ អាច​លួច​ចម្លង សូក​សំណូក​មេប្រយោគ​ជាដើម ដែល​មាន​សិស្ស​ពី​ឆ្នាំ​កន្លងៗ​ទៅ​បាន​ធ្វើ​ដើម្បី​ជាប់ការ​ប្រឡង​សញ្ញាប័ត្រ​នេះ។

ក្រោយពី​មាន​កំណែទម្រង់​អស់​រយៈកាល​កន្លង​ទៅ លទ្ធផល​នៃ​ការ​ប្រឡងជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​មានការ​កើនឡើង​ជា​បន្តបន្ទាប់។ ការ​អនុវត្ត​របស់ លោក ហង់ ជួន ណារ៉ុន ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ហាក់​ទទួល​បាន​ជោគជ័យ គឺ​នៅ​ចុង​ឆ្នាំ​២០១៨​នេះ ដោយ​អត្រា​សិស្ស​ជាប់​សឹងតែ​ពីរ​ភាគ​បី នៃ​បេក្ខជន​ទាំងអស់។

យ៉ាងណា​ក្តី អ្នក​ធ្វើការ​ផ្នែក​លើក​កម្ពស់​សិទ្ធិគ្រូបង្រៀន​តែង​លើកឡើង​ជាច្រើន​ដង​ថា ការ​ពង្រឹង​គុណភាព​អប់រំ​អាច​មាន​ប្រសិទ្ធភាព​បាន ដរាប​ណា​គ្រូ​បង្រៀន​ទទួល​បាន​ប្រាក់​បៀវត្សរ៍​សមរម្យ ដើម្បី​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន។

បើ​តាម​របាយ​ការណ៍​ឆ្នាំ២០១៨ របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​ឈ្មោះ​ថា «Growing Smarter Learning and Equitable Development in East Asia and Pacific» បង្ហាញ​ថា គ្រូបង្រៀន​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់ខែ​តិច​ហើយ​តែង​យឺតយ៉ាវ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការ​បើក​បង្រៀន​គួរ​ក្រៅ​ម៉ោង​ដើម្បី​រក​ប្រាក់​បន្ថែម​សម្រាប់​ផ្តត់​ផ្គង់​ជីវភាព៕

XS
SM
MD
LG