ស្ថានទូតចិនក្នុងរដ្ឋាភិបាលវ៉ាស៊ីនតោនបានចេញការព្រមានមួយដល់ពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលមានការតានតឹងខាងពាណិជ្ជកម្មរីកកាន់តែធំឡើងរវាងប្រទេសទាំង២។
ស្ថានទូតចិនបានព្រមានអ្នកទេសចរណ៍ចិនពីបញ្ហានានាដូចជា តម្លៃពេទ្យថ្លៃ អំពើហិង្សាដោយការបាញ់ប្រហារនិងចោរប្លន់ ការចាប់ខ្លួនដោយភ្នាក់ងារគយ និងមហន្តរាយធម្មជាតិ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានប្រាប់ឲ្យដឹងថា «សន្តិសុខសាធារណៈនៅក្នុងសហរដ្ឋអាមេរិកមិនល្អទេ។ ករណីនៃការបាញ់ប្រហារ ប្លន់ និងចោរលួចកើតមានឡើងជារឿយៗ»។
ការព្រមាននោះកើតមានឡើងនៅពេលដែលការតានតឹងរាលដាលកាន់តែធំឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត២របស់ពិភពលោកលើការគំរាមកំហែងពន្ធគយពាណិជ្ជកម្ម។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងរៀបចំផែនការយកពន្ធគយលើទំនិញចិនដែលមានតម្លៃ៣៤ពាន់លានដុល្លារដោយចាប់ផ្តើមនៅថ្ងៃសុក្រហើយចិនកំពុងសន្យាធ្វើការឆ្លើយតបដោយយកពន្ធគយលើចំនួនដូចគ្នានៅថ្ងៃដូចគ្នា។
ប្រធានាធិបតីត្រាំបានគំរាមកំហែងពង្រីកជម្លោះពាណិជ្ជកម្មបន្ថែមទៀតដោយយកពន្ធគយលើទំនិញចិនដែលមានតម្លៃ៤រយពាន់លានដុល្លារ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងធ្វើការសងសឹកនៅថ្ងៃសុក្រ។
នៅពេលដែលគេសួរកាលពីថ្ងៃអង្គារថាតើពេលវេលានៃការព្រមានការធ្វើដំណើររបស់រដ្ឋាភិបាលក្រុងប៉េកាំងអាចជារឿងនយោបាយដែរឬទេ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ស្ថានទូតមានកាតព្វកិច្ចចេញការប្រុងប្រយ័ត្នពីព្រោះរដូវក្តៅ ជារដូវធ្វើដំណើរដ៏ខ្លាំងសម្រាប់អ្នកទេសចរណ៍ចិនទៅទស្សនាសហរដ្ឋអាមេរិក។
ការព្រមានរបស់ចិនកើតមានឡើងនៅពេលដែលការពិនិត្យពិច្ច័យខាងអន្តោប្រវេសន៍លើភ្ញៀវទេសចរណ៍ចូលក្នុងសហរដ្ឋអាមេរិកកំពុងកើនឡើងហើយអំពើហិង្សាដោយការប្រើកាំភ្លើងកើនឡើងដែរ៕