ក្រុមអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ការព្យាយាមក្ដោបក្ដាប់អំណាចដោយបុគ្គលឬរដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកំពុងអភិវឌ្ឍ គឺជានិន្នាការដែលកំពុងតែរីកដុះដាលនៅទូទាំងសកលលោក ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
អ្នកស្រី Martha Bayles សាស្ត្រាចារ្យសារព័ត៌មាននៃមហាវិទ្យាល័យ Boston College ក្នុងទីក្រុងBoston នៃរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយ VOA ក្រោយកម្មវិធីជជែកពិភាក្សាដេញដោលគ្នាមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះថា ការប្រមូលផ្ដុំអំណាចដោយរដ្ឋាភិបាលមួយ ដែលពុំមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរឹងមាំ គឺជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ប្រទេសជាតិនោះ។
«ប្រសិនបើអំណាចប្រមូលផ្ដុំនៅក្នុងប្រទេសមួយ ដែលគ្មានបទដ្ឋានប្រជាធិបតេយ្យនិងគ្មានបទដ្ឋានវិជ្ជាជីវៈសារព័ត៌មានដ៏ល្អទេ ហើយមានបុគ្គលម្នាក់ដែលលេចធ្លោខ្ពស់ត្រដែតជាងគេ ហើយលែងមានការប្រកួតប្រជែងទាល់តែសោះ ខ្ញុំគិតថា នោះគឺជាស្ថានភាពដ៏គ្រោះថ្នាក់មែនទែន»។
ក្រុមអ្នកជំនាញទាំងនេះ លើកឡើងថា នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយផ្នែកណាមួយ បានធ្លាក់ទៅក្នុងដៃបុគ្គលឬក្រុមហ៊ុនឯកជន ដែលមានឥទ្ធិពល ឬដែលមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលទៀតនោះ នោះវានឹងរឹតតែធ្វើរដ្ឋាភិបាលកាន់តែរួចផុតពីការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន។
លោក Charles Davidson គឺជានាយកប្រតិបត្តិនៃក្រុមគំនិតផ្ដួចផ្ដើមគម្រោងសិក្សាអំពីរបៀបដែលរដ្ឋាភិបាលដឹកនាំតាមបែបលួចប្លន់ជាតិ ឬKleptocracy Initiative នៃវិទ្យាស្ថាន Hudson Institute ក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះ។
«នៅពេលដែលចាងហ្វាងកាសែត និងម្ចាស់ស្ថាប័នព័ត៌មានផ្សេងទៀត មានក្រុមហ៊ុនរកស៊ីផ្សេងៗទៀតនោះជាការពិតណាស់ ពួកគេនឹងមានទំនាស់ផលប្រយោជន៍ជាច្រើន ហើយលើសពីនេះទៀត បើពួកគេជាប់ពាក់ព័ន្ធនឹងនយោបាយទៀតនោះ ខ្ញុំអាចនិយាយបានថា វាបង្កឲ្យមានបញ្ហាកាន់តែខ្លាំងថែមទៀតហើយក៏ជាគ្រោះថ្នាក់ផងដែរ»។
ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា ម្ចាស់ក្រុមហ៊ុន ឬឧកញ៉ាដែលមានទំនាក់ទំនងខាងនយោបាយ ដែលអ្នកខ្លះស្ថិតក្នុងចំណោមក្រុមបុគ្គលដ៏មានឥទ្ធិពលបំផុតផងនោះ បានក្ដោបក្ដាប់ប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅក្នុងប្រទេស។ នេះមានន័យថា ក្រៅពីសកម្មភាពផ្នែកផ្សព្វផ្សាយ ពួកគេក៏ជាប់ពាក់ព័ន្ធនឹងជំនួញផ្សេងៗទៀតដែរ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរួមគ្នាមួយរបស់អង្គការ Reporters without Borders និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (Cambodian Center for Independent Media)។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដោយអ្នកជំនួញឬឧកញ៉ា ធ្វើឲ្យប៉ះពាល់ដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានអាជីព ក្នុងការតាមឃ្លាំមើលការអនុវត្តកិច្ចការរបស់រដ្ឋាភិបាល។
«ខ្ញុំឃើញអាហ្នឹងជាបញ្ហាធំមួយ សម្រាប់អ្នកដែលធ្វើការក្នុងវិស័យសារព័ត៌មាន ជាពិសេសវិស័យព័ត៌មានដែលឯករាជ្យ ដោយអ្នកដែលមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចឬនយោបាយក្នុងគណបក្សកាន់អំណាច គាត់ចាប់ផ្ដើមហក់ចូលក្នុងវិស័យហ្នឹងដែរ។ ទី១ គាត់មានលុយ ដូច្នេះ គាត់ជះលុយស្រួល។ គាត់ប្រើប្រាស់លុយគាត់ក្នុងការប្រមូលធនធានមនុស្ស ដែលធ្វើឲ្យពួកយើងមានការប្រឈម»។
ការព្យាយាមក្ដោបក្ដាប់អំណាចដោយរដ្ឋាភិបាលតាមរយៈការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនេះ បានញាំងឲ្យរដ្ឋាភិបាលនោះ ធ្វើអ្វីតាមទំនើងចិត្តហើយព្យាយាមស្វែងរកឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយការលួចនិងលក់ទ្រព្យសម្បត្តិ និងធនធានរបស់ជាតិខ្លួនឯង ដោយមិនខ្លាចរអានឹងការតាមដានឃ្លាំមើលពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានការទទួលខុសត្រូវខ្ពស់ណាមួយឡើយ។ នេះបើយោងតាមអ្នកតាមដានអំពីការក្ដោបក្ដាប់អំណាចរបស់មេដឹកនាំនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
ពួកគេលើកឡើងថា រដ្ឋាភិបាលបែបនេះ នឹងព្យាយាមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឲ្យបានច្រើនបំផុតតាមដែលពួកគេអាចធ្វើបាន ដោយមានឬឲ្យសមាជិករបស់ខ្លួន ធ្វើជាម្ចាស់ឬអ្នកគ្រប់គ្រងស្ថាប័នព័ត៌មានធំៗ និងអង្គភាពផ្សព្វផ្សាយនានា។
ការធ្វើដូច្នេះនឹងជួយធានាថា ប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេនឹងមិនធ្វើអ្វីឲ្យប៉ះពាល់ផលប្រយោជន៍របស់ពួកគេឡើយ។
លោក ប៉ា ងួនទៀង ពន្យល់យ៉ាងដូច្នេះថា៖
«អ្នកដែលទៅធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយឧកញ៉ាឬអ្នកជំនួញធំៗអីអញ្ចឹង ដែលរងនូវឥទ្ធិពលនយោបាយពីគណបក្សកាន់អំណាចពីរដ្ឋាភិបាលអីអញ្ចឹង ពួកគាត់អត់ហ៊ានបញ្ចេញមតិអីក្រៅពីបន្ទាត់នយោបាយដែលស្ថាប័នគាត់បានដាក់ជូនទេ។ ដូច្នេះ វាធ្វើឲ្យបាត់បង់នូវទស្សនៈឯករាជ្យដែលប្រជាពលរដ្ឋខ្មែរត្រូវការបច្ចុប្បន្ននេះបាទ»។
លោក Charles Davidson នៃវិទ្យាស្ថាន Hudson Institute បានថ្លែងថា រដ្ឋាភិបាលដែលព្យាយាមក្ដោបក្ដាប់អំណាចតាមការខំប្រឹងគ្រប់គ្រង ឬដាក់គំនាបលើប្រព័ន្ធផ្សព្វផ្សាយ នឹងចាត់ទុកអ្នកសារព័ត៌មានណា ដែលមិនព្រមស្ថិតក្នុងប្រព័ន្ធផ្សព្វផ្សាយដែលខ្លួនគ្រប់គ្រង ថាស្ថិតក្នុងក្រុមប្រឆាំងនឹងខ្លួន។
«ប្រព័ន្ធផ្សព្វផ្សាយ នឹងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងស្រុង ហើយនរណាក៏ដោយ ដែលអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅខាងក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលនោះ គឺជាអ្នកប្រឆាំង»។
តែទោះជាយ៉ាងនេះក្ដី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាពុំបានព្យាយាមគ្រប់គ្រង ឬដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯកជនណាមួយនោះទេ ក្រៅពីមានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋតែមួយគត់គឺវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាននោះ។
«ទាំងអស់គ្នា មានសេរីភាពក្នុងការនិយាយ និងមានសេរីភាពក្នុងការផ្សព្វផ្សាយ ពីព្រោះគេនៅក្នុងឯកជនរបស់គេ។ រដ្ឋអត់មានទៅផ្ដល់លុយ ផ្ដល់កាក់ដូចជាវិទ្យុសហរដ្ឋអាមេរិកនិងវិទ្យុអាស៊ីសេរី ដែលទទួលលុយពីរដ្ឋមកប្រើប្រាស់ទេ។ នៅឯណេះ គេរស់ដោយសារខ្លួនគេ អាហ្នឹង ជម្រាបជូន។ ដូច្នេះ សេរីភាពរបស់គេ គេជ្រើសរើស គេចង់ផ្សាយអីឬមិនចង់ផ្សាយអី អាហ្នឹងជារឿងរបស់គេផ្ទាល់»។
លោក ផៃ ស៊ីផាន បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាក៏អនុញ្ញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សព្វផ្សាយដោយសេរីក្នុងប្រទេសផងដែរ។
«យ៉ាងហោចណាស់ មានសំឡេងសហរដ្ឋអាមេរិក VOA និង Radio Free Asia ដែលជាឧបករណ៍មួយតតាំងជាមួយរដ្ឋាភិបាល។ អញ្ចឹងខាងសហរដ្ឋអាមេរិកយ៉ាងហោចណាស់ខាងរលកធាតុអាកាសមានពីរ ធ្លាក់មកលើព្រះរាជាណាចក្រកម្ពុជា»។
ដូចគ្នាដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មានប្រសាសន៍ថា គណបក្សកាន់អំណាចក៏ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ មិនដែលបង្គាប់បញ្ជា ឬដាក់សម្ពាធទៅលើប្រព័ន្ធផ្សព្វផ្សាយណាមួយទេ។
«សម្ដេចនាយករដ្ឋមន្ត្រី លោក មិនដែលបង្ខិតបង្ខំ ហៅអគ្គនាយកមកចង្អុលមុខថា អ្នកឯងត្រូវតែផ្សាយសកម្មភាពខ្ញុំអី អត់ទេ។ អាហ្នឹង ការផ្សាយឬមិនផ្សាយ អាស្រ័យទៅលើការសម្រេចចិត្តរបស់អគ្គនាយកវិទ្យុ និងទូរទស្សន៍នីមួយៗ»។
ផ្អែកតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា មានស្ថានីយវិទ្យុជាង១០០ និងស្ថានីយទូរទស្សន៍ជាង២០ ហើយនឹងកាសែតជាង៤០០រយទៀតកំពុងប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានក្នុងប្រទេស ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះភាគច្រើន ត្រូវបានគេមើលឃើញថា ផ្សព្វផ្សាយតែកម្មវិធីកម្សាន្តសប្បាយ ហើយជៀសវាងមិនផ្សាយអ្វីដែលប៉ះពាល់រដ្ឋាភិបាលឬអ្នកមានអំណាចនៅក្នុងប្រទេស។
លោក សុខ ឥសាន ថ្លែងបន្តថា ការផ្សព្វផ្សាយបែបណាមួយនោះ គឺជាសិទ្ធិសេរីភាពរបស់ម្ចាស់ស្ថានីយ ឬអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនោះ។
«បើសិនណាជាយើងកំណត់កម្រិតថា អ្នកឯងត្រូវតែផ្សាយខាងណេះ ដូចថាផ្សាយតែប្រដាល់មួយមុខ អត់ផ្សាយ Concert [ការប្រគំតន្ត្រី] ទេ អាហ្នឹង ក៏អត់ទៅរួចដែរ។ អាហ្នឹងអាស្រ័យទៅលើអ្នករៀបចំកម្មវិធី ដើម្បីធ្វើយ៉ាងម៉េចឲ្យវាមានគេហៅថា ការកម្សាន្តគ្រប់មុខគ្រប់ទម្រង់សិល្បៈ»។
តែទោះជាយ៉ាងនេះក្តី លោក Jeff Gedmin អតីតនាយកគ្រប់គ្រងស្ថាប័នអឺរ៉ុបសេរី (Radio Free Europe) និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅសកលវិទ្យាល័យ Georgetown University ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ត្រូវមានតួនាទី ជួយធានាឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ មិនមែនគ្រាន់តែផ្ដល់ការកម្សាន្តតែប៉ុណ្ណោះទេ។
«យើងចង់ផ្ដល់ការកម្សាន្តដល់ពលរដ្ឋ ប៉ុន្តែប្រហែលជាតាមរូបភាពជាការផ្ដល់ព័ត៌មាន ដោយសារយើងចង់ផ្ដល់ព័ត៌មានដល់ពួកគេប្រកបដោយការទទួលខុសត្រូវ»។
ដូច្នេះ លោកបន្ថែមថា គ្រប់គ្នា មិនថាជាពលរដ្ឋខ្មែរឬអាមេរិកាំងទេ មិនអាចធ្វើការសម្រេចចិត្តដ៏ល្អមួយបានឡើយ ប្រសិនបើពួកគេមិនទទួលបានការពិតដែលកើតឡើងចំពោះរដ្ឋាភិបាលដែលដឹកនាំប្រទេសនោះ៕