រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកលោក Jim Mattis បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកWei Fenghe រដ្ឋមន្រ្តីការពារប្រទេសចិន នឹងបំពេញទស្សនកិច្ចរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ បន្ទាប់ពីមានភាពតានតឹងរវាងប្រទេសទាំង២។ លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Mattis បាននិយាយនៅឯសន្និសីទសន្តិសុខតំបន់មជ្ឈឹមបូព៌ានៅក្នុងប្រទេសបារ៉ែន នៅក្នុងការឆ្លើយតបអំពីភាពតានតឹងថា «ខ្ញុំគ្រាន់តែនិយាយថា ការប្រកួតប្រជែងខាងយុទ្ធសាស្រ្តរបស់យើងមិនមែនមានន័យថា ជាអរិភាពទេ»។
រដ្ឋមន្រ្តីការពារប្រទេសអាមេរិកលោក Mattis និយាយទៀតថា៖ «ខ្ញុំបានជួបជាមួយរដ្ឋមន្រ្តីការពារប្រទេសចិននៅក្នុងទីក្រុងប៉េកាំងកាលពីខែមុន។ ខ្ញុំបានជួបជាមួយលោកម្តងទៀតនៅក្នុងប្រទេសសិង្ហបូរីកាលពីមួយសប្តាហ៍មុន។ លោកនឹងមករដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីបន្តការពិភាក្សារបស់យើង»។
ក៏ប៉ុន្តែកាលពីដើមខែតុលា មន្រ្តីការពារប្រទេសម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយលោកMattisទៅកាន់ប្រទេសចិនបានត្រូវលុបចោលពីព្រោះតែរដ្ឋាភិបាលក្រុងប៉េកាំងបដិសេធថា លោកឧត្តមសេនីយ៍ Wei មិនអាចទទួលលោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកបាន។ ការលុបចោលនូវដំណើរទស្សនកិច្ចកើតមានឡើងនៅពេលមានការតានតឹងខាងយោធា ហើយនឹងជម្លោះរីកកាន់តែធំឡើងរវាងប្រទេសទាំង២លើពន្ធគយ។ កាលពីខែកញ្ញា ពន្ធគយសហរដ្ឋអាមេរិកបានចូលជាធរមានដែលដៅលើទំនិញរបស់ចិនមានតម្លៃ២រយពាន់លានដុល្លារ។
រដ្ឋាភិបាលក្រុងប៉េកាំងក៏ស្តីបន្ទោសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះការហោះហើរយន្តហោះទម្លាក់គ្រាប់បែកលើសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតដែរ៕