កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់មន្ត្រីយោធាផ្នែកស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ីចំនួន ៦ នាក់ ពីបទជាប់ពាក់ព័ន្ធនឹងយុទ្ធនាការលួចចូលក្នុងប្រព័ន្ធកំុព្យូទ័រជាសកល ដែលបានកំណត់គោលដៅវាយប្រហារលើការបោះឆ្នោតប្រធានាធិបតីបារាំងក្នុងឆ្នាំ ២០១៧ និងការប្រកួតកីឡាអូឡាំពិករដូវរងានៅប្រទេសកូរ៉េខាងត្បូងឆ្នាំ ២០១៨ និងបានប្រព្រឹត្តិការវាយប្រហារតាមអ៊ីនធឺណិតផ្សេងៗទៀត។
មន្ត្រីផ្នែកអនុវត្តច្បាប់បានឲ្យដឹងថា យុទ្ធនាការដែលបានធ្វើចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ នេះ គឺជា «ការរំខាននិងអន្តរាយបំផុត» ដែលបានធ្វើឡើងដោយក្រុមអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រតែមួយក្រុមប៉ុណ្ណោះ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកលួចវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទាំង ៦ នាក់នេះ គឺជាមន្ត្រីយោធានៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ដែលគេស្គាល់ថា GRU ដែលអ្នកទាំងនេះ «បានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ និងវាយប្រហារតាមអ៊ីនធឺណិត ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការធ្វើឲ្យអន្តរាយ សងសឹង នឹងបង្កអស្ថិរភាព» ដល់ស្ថាប័ន និងអង្គភាពណា ដែលគេយល់ថាប្រឆាំងនឹងរុស្ស៊ី។
ក្រុមតែមួយនេះ ដែលត្រូវបានអ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមអ៊ីនធឺណិតស្គាល់ថាជាក្រុម Sandworm ត្រូវបានគេចោទប្រកាន់ថាជាអ្នកស្ថិតនៅពីក្រោយការលួចចូលក្នុងបណ្ដាញកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការជ្រៀតជ្រែករបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦៕