ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​ថា មិន​មាន​សញ្ញា​នៃ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​ប្រព័ន្ធ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ទេ


រូបឯកសារ៖ អ្នកបោះឆ្នោតកំពុងបោះឆ្នោត នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីនៅមណ្ឌលបោះឆ្នោតមួយ នៅទីក្រុង Columbus រដ្ឋ Ohio កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកបោះឆ្នោតកំពុងបោះឆ្នោត នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីនៅមណ្ឌលបោះឆ្នោតមួយ នៅទីក្រុង Columbus រដ្ឋ Ohio កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

មន្ត្រី​កំពូលៗ​ផ្នែក​ពង្រឹង​ច្បាប់ ផ្នែក​យោធា និង​ផ្នែក​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​លើ​សមត្ថភាព​របស់​ពួកគេ​ ​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ ថ្វីបើ​មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា ប្រទេស​មួយ​ចំនួន​នៅតែ​មាន​គោល​បំណង​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ក៏ដោយ។

មន្ត្រី​ទាំង​នេះ​បាន​ត្រៀម​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​លើ​ការ​បោះឆ្នោត ​អស់​រយៈពេល​ជិត ៤ ឆ្នាំ​មក​ហើយ ដោយ​តាំង​ពីពេល​នោះ​មក សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ បាន​សន្និដ្ឋាន​ថា ប្រទេស​រុស្ស៊ី​បាន​ស្វះស្វែង​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ ២០១៦។

ក៏ប៉ុន្តែ ដោយ​នៅ​សល់​មិន​ដល់ ៥០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ មុន​ពេល​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់ ពួកគេ​បាន​និយាយ​ថា មិនមាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា ប្រទេស​រុស្ស៊ី ឬ​ប្រទេស​ណា​ផ្សេង​ទៀត​ព្យាយាម​លួច​ចូល​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ដ៏​សំខាន់​នេះ​ទេ។

លោក Christopher Wray នាយក​ទីភ្នាក់ងារ FBI បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ នៅឯ​សន្និសីទ​កំពូល​តាម​អនឡាញ​ ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ផ្នែក​សន្តិសុខ​ តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនា​សម្ព័ន្ធ ថា៖

«យើង​មិន​ទាន់​ឃើញ​មាន​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ណា​មួយ​នៅឡើយទេ​មក​ទល់​នឹង​ពេល​នេះ លើ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត ឬ​លើ​ប្រព័ន្ធ​ណាមួយ​ទាក់ទិន​នឹង​ការ​បោះឆ្នោត​បឋម»។

ថ្លែង​នៅ​ក្នុង​សន្និសីទ​តាម​អនឡាញ​មួយ​ផ្សេង​ទៀត​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ឧត្តមសេនីយ៍ Paul Nakasone មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អ៊ីនធឺណិត​សហរដ្ឋ​អាមេរិក ក៏​បាន​ធានា​ចំពោះ​អ្នក​បោះឆ្នោត​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់​ផង​ដែរ។

លោក Nakasone ដែល​ជា​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ផង​ដែរ​នោះ បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​នឹង​មាន​ជោគជ័យ​យ៉ាង​អស្ចារ្យ​ជា​បន្ត ផ្អែកលើ​កិច្ចការ​ដែល​បាន​ធ្វើ​រួមគ្នា​រវាង​ទីភ្នាក់ងារ​រដ្ឋាភិបាល​នានា និង​ជាមួយ​នឹង​ដៃគូ​របស់​យើង»។

ការ​វាយតម្លៃ​ទាំង​នេះ​ គឺ​ស្រប​ទៅ​នឹង​ការ​វាយតម្លៃ​ផ្សេង​ទៀត​របស់​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាន់​ខ្ពស់​នានា​ នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ អំពី​ការ​គំរាមកំហែង​ចំពោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ។

ការ​វាយតម្លៃ​ផ្សេង​ទៀត​នោះ​បាន​បញ្ជាក់​ថា ទោះបីជា​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​ដូចជា​ប្រទេស​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​ជាដើម ស្វះស្វែង​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ក៏​ដោយ ក៏​កិច្ច​ប្រឹងប្រែង​ទាំង​នោះ​មិន​ទាន់​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ដែល​សហរដ្ឋ​អាមេរិក ​ពឹង​លើ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG