សហរដ្ឋអាមេរិកប្រារព្ធទិវាឯករាជ្យជាតិនៅថ្ងៃពុធទី៤ ខែកក្កដា នេះ។ ឆ្នាំនេះគឺជាខួបលើកទី ២៤២ នៃការផ្ដាច់ឯករាជ្យរបស់សហរដ្ឋអាមេរិកពីចក្រភពអង់គ្លេស។
ជាទម្លាប់ នៅថ្ងៃបុណ្យឯករាជ្យនេះ ប្រជាពលរដ្ឋអាមេរិកាំងបានជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិ ក៏ដូចជាធ្វើការដើរក្បួនព្យុហយាត្រា និងបាញ់កាំជ្រួចអបអរសាទរទិវានេះផងដែរនៅទូទាំងប្រទេស។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងភរិយារបស់លោកគឺលោកស្រី Melania បានរៀបចំពិធីពិចនិចសម្រាប់ក្រុមគ្រួសាររបស់ទាហានអាមេរិកាំងនៅឯសេតវិមាន។
នៅថ្ងៃឈប់សម្រាកបុណ្យឯករាជ្យ ៤ កក្កដានេះ គេក៏ឃើញមានការអានសេចក្ដីប្រកាសឯករាជ្យដែលធ្វើឡើងជាទម្លាប់យូរមកហើយនៅលើកាំជណ្ដើររបស់ប័ណ្ណសារជាតិនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
នៅក្នុងអាគារប័ណ្ណសារជាតិនេះ ឯកសារច្បាប់ដើមនៃសេចក្ដីប្រកាសឯករាជ្យនេះត្រូវបានដាក់តាំងបង្ហាញជាមួយនឹងរដ្ឋធម្មនុញ្ញ និងកំណែទម្រង់រដ្ឋធម្មនុញ្ញស្ដីពីសេចក្ដីព្រាងច្បាប់សិទ្ធិពលរដ្ឋសម្រាប់សាធារណជនទូទៅទស្សនា។
បន្ទាប់ពីអានសេចក្ដីប្រកាសឯករាជ្យនោះចប់ភ្លាមៗ ការដើរក្បួនព្យុហយាត្រាដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់បានចាប់ផ្ដើមចេញដំណើរពីមុខអាគារប័ណ្ណសារជាតិ និងបញ្ចប់នៅចន្លោះរវាងសេតវិមាន និងបូជនីយដ្ឋានរបស់លោកប្រធានាធិបតី George Washington ដែលជាប្រធានាធិបតីដំបូងបង្អស់របស់សហរដ្ឋអាមេរិក។
ពិធីបុណ្យឯករាជ្យនេះនឹងបញ្ចប់ដោយការបាញ់កាំជ្រួចដ៏អ៊ឹកធឹកមួយបន្ទាប់ពីថ្ងៃលិច៕