ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង​ខ្លាំង


នេះ​ជា​រូបភាព​ច្របាច់​បញ្ចូល​គ្នា​នៃ​រូបភាព​កាលពី​ឆ្នាំ២០០៤ និង​២០១៦ ដែល​បង្ហាញ​រូប​របស់​នាង Kate Spade អ្នក​រចនា​ម៉ូត និង​លោក Anthony Bourdain ដែល​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត។
នេះ​ជា​រូបភាព​ច្របាច់​បញ្ចូល​គ្នា​នៃ​រូបភាព​កាលពី​ឆ្នាំ២០០៤ និង​២០១៦ ដែល​បង្ហាញ​រូប​របស់​នាង Kate Spade អ្នក​រចនា​ម៉ូត និង​លោក Anthony Bourdain ដែល​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ចំនួន​ជិត​ពាក់​កណ្ដាល​នៃ​ការ​ធ្វើ​អត្តឃាត​គឺ​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។

គិត​មក​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ អ្នក​ប្រហែលជា​បាន​ឮ​ថា អត្រា​ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។

គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​ពី​អ្នកស្រី Kate Spade ដែល​ជា​អ្នក​រចនា​ម៉ូត និង​លោក Anthony Bourdain ដែល​ជា​អ្នក​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប បាន​បញ្ចប់​ជីវិត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

ការ​ធ្វើ​អត្តឃាត​របស់​ពួកគេ​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នៃ​ពេល​ដែល​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC របស់​សហរដ្ឋ​អាមេរិក​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា អត្រា​ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ចំនួន ២៥ ភាគរយ តាំង​ពី​ឆ្នាំ ១៩៩៩ មក។ នា​ពេល​បច្ចុប្បន្ន​នេះ ការ​ធ្វើ​អត្តឃាត​គឺ​ជា​មូលហេតុ​ចម្បង​ទី ១០ នៃ​ការ​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោកស្រី Deborah Stone អ្នក​វិទ្យាសាស្ត្រ​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC បាន​និយាយ​ថា អត្រា​កើន​ឡើង​នេះ​គឺ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយសារតែ​អ្នក​ស្រាវជ្រាវ​បាន​ឃើញ​អត្រា​ទាំង​នេះ​កើន​ឡើង​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

លោកស្រី Stone បាន​ប្រាប់ VOA ថា៖ «ទិន្នន័យ​នេះ​ពិតជា​បង្ហាញ​ពី​វិសាលភាព​ដែល​ថា បញ្ហា​នេះ​គឺ​កាន់តែ​អាក្រក់ទៅៗ ហើយ​អ្វី​ដែល​ពិតជា​ត្រូវការ​នោះ​គឺ​ការ​ការពារ​មិន​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត»។

កត្តា​ហានិភ័យ

លោកស្រី Stone បាន​និយាយ​ថា កត្តា​ហានិភ័យ​នៃ​ការ​ធ្វើ​អត្តឃាត​គឺ​ស្រដៀង​ទៅ​នឹង​កត្តា​ហានិភ័យ​នៃ​អំពើ​ឃាតកម្ម ឬ​ក៏​ការ​សម្លាប់​ទ្រង់ទ្រាយ​ធំ​ដូច្នេះ​ដែរ។ អ្នក​ដែល​ធ្វើ​ទង្វើ​ទាំង​នេះ​គឺ​ជា​អ្នក​ដែល​មាន​បញ្ហា​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ ដែល​ក្នុង​នោះ​មាន​ដូចជា​ជម្លោះ​ជាមួយ​នឹង​ប្ដី​ប្រពន្ធ ឬ​ក៏​ដៃគូ​របស់​ខ្លួន​ជា​ដើម ហើយ​ម្យ៉ាង​ទៀត​អ្នក​នោះ​អាច​ជា​ជន​រងគ្រោះ​នៃ​ការ​សម្លុត​ធ្វើ​បាប​ផ្សេងៗ ឬ​ក៏​ជា​អ្នក​ដែល​បែកបាក់​គ្នា ឬ​ក៏​បាត់បង់​អ្នក​ជា​ទី​ស្រឡាញ់​ជា​ដើម។

បញ្ហា​ញៀន​នឹង​គ្រឿង​ញៀន​ក៏​អាច​ជា​បញ្ហា​ពាក់ព័ន្ធ​មួយ​ផង​ដែរ។ កាល​ពី​ឆ្នាំ ២០១៦ គេ​ឃើញ​មាន​ករណី​ស្លាប់​ដោយសារ​ការ​ប្រើ​ថ្នាំ​ញៀន​ហួស​កម្រិត​ចំនួន ៦ ម៉ឺន ៤ ពាន់​ករណី កើត​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ការ​ស្លាប់​មួយ​ចំនួន​នៃ​ការ​ស្លាប់​ទាំង​នេះ​គឺ​មិន​មែន​ធ្វើ​ឡើង​ដោយ​ចិត្ត​ឯង​នោះ​ទេ ប៉ុន្តែ​ការ​ស្លាប់​មួយ​ចំនួន​ទៀត​គឺ​ធ្វើ​ឡើង​ដោយ​ចិត្ត​ឯង។

បញ្ហា​គ្មាន​ផ្ទះ​សម្បែង​ជ្រក​កោន បញ្ហា​បាត់បង់​ការងារ​ធ្វើ និង​បញ្ហា​ហិរញ្ញវត្ថុ​ក៏​ជា​កត្តា​ហានិភ័យ​ដូច​ទៅ​នឹង​បញ្ហា​សុខភាព​ផង​ដែរ។

លោកស្រី Stone បាន​បញ្ជាក់​ថា ទាំង​បញ្ហា​សុខភាព​រាងកាយ និង​ទាំង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត សុទ្ធតែ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងាយ​នឹង​ធ្វើ​អត្តឃាត។

របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC បាន​បញ្ជាក់​ថា ចំនួន​ស្ទើរតែ​ពាក់​កណ្ដាល​នៃ​អ្នក​ធ្វើ​អត្តឃាត​គឺ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែល​គេ​ដឹង​ច្បាស់ ប៉ុន្តែ​ចំនួន​ជាង​ពាក់​កណ្ដាល​ទៀត​គឺ​ប្រហែល ៥៤ ភាគរយ គឺ​មិន​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នោះ​ទេ។

អ្នកស្រី Jennifer Payne វេជ្ជបណ្ឌិត​ផ្នែក​វិកល​ចរិត​នៃ​មន្ទីរពេទ្យ Johns Hopkins Medicine បាន​និយាយ​ថា ទោះបីជា​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC បាន​រាយការណ៍​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ធ្វើ​អត្តឃាត​ជា​អ្នក​គ្មាន​ជំងឺ​ផ្លូវ​ចិត្ត​ក៏​ដោយ ក៏​មិន​មែន​មាន​ន័យ​ថា​ពួកគេ​ពិតជា​គ្មាន​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ។

អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ភាគ​ច្រើន​នៃ​ករណី​ធ្វើ​អត្តឃាត​នេះ​គឺ​ទំនងជា​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត»។

ជំងឺ​ផ្លូវ​ចិត្ត​អាច​មិន​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នោះ​ទេ ឬ​ក៏​អាច​ដោយសារតែ​មនុស្ស​មាន​ការ​អៀន​ខ្មាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ បាន​ជា​ពួកគេ​មិន​ស្វែង​រក​ការ​ព្យាបាល។

លោក Bashkin Kadriu វេជ្ជបណ្ឌិត​ផ្នែក​វិកល​ចរិត​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​ផ្លូវ​ចិត្ត​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​យើង​ពិនិត្យ​ផ្នែក​ចិត្តសាស្ត្រ ឬ​ក៏​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​អ្នក​ដែល​ធ្វើ​អត្តឃាត យើង​ឃើញ​ថា ជាង ៩០ ភាគរយ​នៃ​អ្នក​ទាំង​នោះ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដែល​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ»។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ជា​រឿយៗ​ជា​ការ​ព្យាបាល​ដ៏​ថ្លៃ​មួយ។ មិន​មែន​គ្រប់​វេជ្ជបណ្ឌិត​ផ្នែក​វិកល​ចរិត​ទាំង​អស់​សុទ្ធតែ​ទទួល​យក​ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព​នោះ​ទេ។ ដោយសារតែ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​មនុស្ស​ភាគ​ច្រើន​មិន​អាច​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​នេះ​បាន។ លោកស្រី Stone នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC បញ្ជាក់​ថា បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពី​កង្វះ​គ្រូ​ពេទ្យ​ផ្នែក​វិកល​ចរិត។

លោកស្រី Stone គឺ​ជា​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​អស់​សង្ឃឹម ដែល​ជា​ជំងឺ​មួយ​ជា​រឿយៗ​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត។ ជា​ទូទៅ ជំងឺ​អស់​សង្ឃឹម​នេះ​មិន​មែន​ជា​ការ​ឈឺចាប់​ពេញ​មួយ​ជីវិត​នោះ​ទេ។ វា​អាច​មាន​ស្ថានភាព​ខ្លាំងក្លា​តែ​មួយ​រយៈ​ពេល​ខ្លី ហើយ​វា​អាច​បាត់​ទៅ​វិញ​ក៏​មាន។ ជំងឺ​អស់​សង្ឃឹម​នេះ​ក៏​អាច​ព្យាបាល​ផង​ដែរ​ដោយ​ការ​ប្រើ​ថ្នាំ​ពេទ្យ។

នេះ​មិន​មែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ

លោក Paul Gionfriddo ប្រធាន​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​អាមេរិកាំង (Mental Health America) ដែល​ជា​អង្គការ​តស៊ូ​មតិ​មួយ បាន​និយាយ​ថា ការ​កើន​ឡើង​នៃ​អត្រា​ការ​ធ្វើ​អត្តឃាត​គឺ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «រយៈ​វេលា​នៃ​របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC គឺ​មាន​បញ្ហា។ ដោយសារតែ​ការ​យក​ឆ្នាំ ១៩៩៩ ជា​ចំណុច​យោង​មួយ របាយការណ៍​នេះ​ផ្ដោត​តែ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​លើ​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​អំឡុង​ពេល​នោះ សហរដ្ឋ​អាមេរិក​រងគ្រោះ​ដោយសារ​ព្រឹត្តិការណ៍​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​ទាហាន​អាមេរិកាំង​វ័យ​ក្មេង​បាន​វាយ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ពីរ​ដែល​អូស​បន្លាយ​ដ៏​វែង​អន្លាយ និង​គ្មាន​ទី​បញ្ចប់»។

លោក Gionfriddo បាន​និយាយ​ថា បញ្ហា​តក់ស្លុត​នេះ និង​ការ​ជួប​ដោយ​ផ្ទាល់​នឹង​អំពើ​ហិង្សា គឺ​ជា​បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​ផ្លូវ​ចិត្ត​កើត​ឡើង ដែល​វា​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត​បាន។

របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC បាន​រក​ឃើញ​ថា ការ​ធ្វើ​អត្តឃាត​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​តំបន់​ជនបទ ដែល​ជា​តំបន់​ដែល​មនុស្ស​ខ្វះ​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា និង​ជា​កន្លែង​ដែល​ជា​រឿយៗ​ពួកគេ​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ ដែល​ការ​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ​នេះ​ហើយ​គឺ​ជា​កត្តា​ហានិភ័យ​មួយ​ផ្សេង​ទៀត​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត ភាគ​ច្រើន​នៃ​ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​ដោយ​ការ​ប្រើ​កាំភ្លើង។

លោក​វេជ្ជបណ្ឌិត Georges Benjamin ប្រធាន​សមាគម​សុខភាព​សាធារណៈ​អាមេរិកាំង បាន​ប្រាប់ VOA ថា អ្នក​ដែល​ទិញ​កាំភ្លើង ទោះបីជា​សម្រាប់​ការពារ​ខ្លួន​ក៏​ដោយ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​កាំភ្លើង​របស់​ខ្លួន​ច្រើន​ជាង​ដោយសារ​ការ​បាញ់​របស់​អ្នក​ដទៃ។

លោក​បាន​បញ្ជាក់​ថា ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​ការ​គាំទ្រ​ការ​ប្រើប្រាស់​កាំភ្លើង​បាន​រារាំង​ការ​ស្រាវជ្រាវ​អំពី​វិធី​ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាំភ្លើង​មាន​សុវត្ថិភាព​ជាង​មុន។

លោក Benjamin បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​ហេតុ​ផល​នយោបាយ មនុស្ស​មិន​ធ្វើ​រឿង​ដែល​ពួកគេ​ធ្វើ​ជា​ធម្មតា​នោះ​ទេ ប្រសិនបើ​យើង​មាន​ការ​ធ្លាក់​យន្តហោះ​ជា​រៀង​រាល់​ថ្ងៃ​នោះ»។

លោកស្រី Stone បាន​បញ្ជាក់​ថា បញ្ហា​ចម្បង​គឺ​ថា ការ​ធ្វើ​អត្តឃាត​គឺ​អាច​បង្ការ​បាន។

លោកស្រី​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែល​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​សុខភាព​សាធារណៈ។ វា​មិន​មែន​ដោយសារតែ​បញ្ហា​មួយ​នោះ​ទេ។ ដូច្នេះ​ហើយ យុទ្ធសាស្ត្រ​របស់​យើង​ចាំបាច់​ត្រូវតែ​ធ្វើ​គ្រប់​ជ្រុង​ទាំង​អស់​ដើម្បី​ដោះស្រាយ​គ្រប់​បញ្ហា​អត្តឃាត​ទាំង​អស់»។

ការ​ធ្វើ​អត្តឃាត​ក៏​ជា​បញ្ហា​សាកលលោក​មួយ​ផង​ដែរ។ អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា ការ​ធ្វើ​អត្តឃាត​គឺ​ជា​មូលហេតុ​នាំ​មុខ​ទី ២ នៃ​ការ​ស្លាប់ ក្នុង​ចំណោម​មនុស្ស​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៩ ឆ្នាំ ហើយ​ការ​ធ្វើ​អត្តឃាត​ចំនួន ៧៥ ភាគរយ កើត​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម។

មនុស្ស​ជិត ៨ សែន​នាក់​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​ជា​រៀង​រាល់​ឆ្នាំ។ មនុស្ស​ជិត ៤ ម៉ឺន ៥ ពាន់​នាក់ បាន​ធ្វើ​អត្តឃាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៦៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG