នៅថ្ងៃសុក្រនេះ សភាប្រចាំតំបន់ Catalonia បានបោះឆ្នោតសម្រេចយកឯករាជ្យភាពពីប្រទេសអេស្ប៉ាញ តាមរយៈសេចក្តីសម្រេចមួយដែលនាំឲ្យមានការបង្កើតជាសាធារណរដ្ឋអធិបតេយ្យមួយ។
មេដឹកនាំតំបន់ Catalonia លោក Carles Puigdemont បានដឹកនាំការបោះឆ្នោតសម្រេចនេះក្រោមសំឡេងយល់ព្រមចំនួន៧២។
ការបោះឆ្នោតសម្រេចនៅថ្ងៃសុក្រនេះ បានបញ្ចប់ភាពមិនប្រាកដប្រជាអំពីឯករាជ្យភាពតំបន់ Catalonia ដែលបានអូសបន្លាយចាប់តាំងពីការធ្វើប្រជាមតិ កាលពីថ្ងៃទី០១ ខែតុលា ដែលទទួលបានសំឡេងគាំទ្រចំនួន៩០ភាគរយ ពីអ្នកចូលរួមបោះឆ្នោត ដែលមានតែ៥០ភាគរយនៃប្រជាជនសរុប។
យ៉ាងណាក៏ដោយ នៅពេលនោះមេដឹកនាំតំបន់ Catalonia លោក Puigdemont មិនទាន់ប្រកាសពីឯករាជ្យភាពនៅឡើយទេ ដោយលោកព្រួយបារម្ភពីចំណាត់ការចូលដឹកនាំដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលប្រទេសអេស្ប៉ាញ ដែលកំពុងតែចាត់វិធានការចូលគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុ នគរបាល ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋបាលសំខាន់ៗមួយចំនួនដែលក្នុងនោះរួមមានប៉ុស្តិ៍ទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយរបស់រដ្ឋផងដែរ។
លោក Puigdemont អាចប្រឈមនឹងការជាប់ពន្ធនាគារចំនួន២៥ឆ្នាំពីបទញុះញង់បះបោរ។ រដ្ឋាភិបាលអេស្ប៉ាញបានចាប់មេដឹកនាំផ្តាច់ខ្លួនចំនួនពីរនាក់ ដាក់ពន្ធនាគារមកហើយ និងបានដាក់ពាក្យប្តឹងប្រឆាំងនឹងមន្រ្តីដទៃទៀតដែលរងការចោទប្រកាន់ពីការប្រើប្រាស់ធនធានសាធារណៈដើម្បីគាំទ្រការជំរុញរកឯករាជ្យ៕