ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​ថ្មី​​នឹង​បកស្រាយ​ថា តើ​លោក​ Trump ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ស៊ើប​អង្កេត​ការ​អះអាង​ការ​លួច​បន្លំ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​របៀប​ណា


អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ទី​ក្រុង Nashville រដ្ឋ Tennessee សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២២។
អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ទី​ក្រុង Nashville រដ្ឋ Tennessee សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២២។

គណៈកម្មាធិការ​សភា​អាមេរិក​ ដែល​ស៊ើប​អង្កេត​មូលហេតុ​កុបកម្ម​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​វិមាន​សភា​អាមេរិក​ នឹង​បន្ត​ស្តាប់​សក្ខីកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​តើ​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump បាន​ជំរុញ​យ៉ាង​ដូច​ម្តេច​ ឱ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌​ស៊ើប​អង្កេត​ការ​បន្លំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ កាល​ពី​ឆ្នាំ​២០២០​ ដែល​លោក​សង្ឃឹម​ថា​ នឹង​អាច​ប្រែ​ក្រឡាស់​លទ្ធផល​ដែល​លោក​ចាញ់​គូប្រជែង​មក​ពី​គណបក្យ​ប្រជា​ធិបតេយ្យ​គឺ​លោក Joe Bidenនោះ។​

ប្រធាន​គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋសភា​ លោក​ Bennie Thompson ​បាន​និយាយ​ថា​ គណៈ​កម្មាធិការ​នេះ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ប៉ុនប៉ង​របស់​លោក​ Trump ​ ក្នុង​ការ​ធ្វើ​ឱ្យ​ខូច​ស្ថាប័ន​ពង្រឹង​ច្បាប់​កំពូល​នេះ​ ខណៈ​មន្ត្រី​មួយ​ចំនួន​មក​ពី​រដ្ឋ ​Arizona ​និង​រដ្ឋ ​ Georgia ​បាន​ផ្តល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​ Trump ​បាន​ស្វះ​ស្វែង​ដោយ​បរាជ័យ​ឱ្យ​ពួកគេ​តែងតាំង​អង្គបោះឆ្នោត​ក្លែង​ក្លាយ​ដើម្បី​ជួយ​ឱ្យ​លោក​បន្ត​កាន់​តំណែង​រយៈ​ពេល​៤​ឆ្នាំ​ទៀត​ ឬ​ប្រែក្រឡាស់​លទ្ធផល​បោះ​ឆ្នោត​ ដែល​បង្ហាញ​ថា​ លោក​ Biden ​បាន​ឈ្នះ​លោក​នោះ។​

ការ​ផ្តល់​សក្ខីកម្ម​មួយ​ផ្នែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តោត​ទៅ​លើ​កិច្ច​ប្រឹង​ប្រែង​របស់​លោក Jeffrey Clark ​ អតីត​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​បាន​ជំរុញ​ជា​ច្រើន​លើក​ឱ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌​មួយ​ចំនួន​ស៊ើប​អង្កេត​ការ​អះអាង​ពី​ការ​បន្លំ​ការ​បោះ​ឆ្នោត​នោះ​ និង​បង្ខំ​មិន​ឱ្យ​រដ្ឋ​មួយ​ចំនួន​បញ្ជាក់​លទ្ធផល​នៃ​ការ​បោះឆ្នោត ​ដែល​បង្ហាញ​ថា​ លោក​ Biden ​ជា​អ្នក​ឈ្នះ​នោះ។​

សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​ការ​ផ្តល់​សក្ខីកម្ម​លើក​ទី​៥​ក្នុង​ខែ​នេះ​ ខណៈ​គណៈកម្មាធិការ​ស៊ើប​អង្កេត​របស់​សភា​បាន​បង្ហាញ​ពី​តួនាទី​របស់​លោក​ Trump ​ ក្នុង​ការ​បំផុស​ការ​វាយ​ប្រហារ​នៅ​វិមាន​សភា​ ​អំឡុង​ពេល​សមាជិក​សភា​កំពុង​ជួប​ប្រជុំ​បញ្ជាក់​ពី​ជ័យ​ជម្នះ​របស់​លោក ​Biden ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​តាម​រយៈ​អង្គ​បោះឆ្នោត ​Electoral College​ នោះ៕

XS
SM
MD
LG