ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​អំពាវនាវ​​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​ខាង​សុខភាព​សាធារណៈ​ច្រើន​ជាង​មុន​ចូល​ទៅ​ក្នុង​ប្រទេស​ចិន


បុគ្គលិក​ពេទ្យ​វាស់​សីតុណ្ហភាព​របស់​បុរស​ម្នាក់​នៅ​ច្រក​ចូល​មន្ទីរពេទ្យ នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ក្នុង​ក្រុង Suichuan ខេត្ត Jiangxi ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិក​ពេទ្យ​វាស់​សីតុណ្ហភាព​របស់​បុរស​ម្នាក់​នៅ​ច្រក​ចូល​មន្ទីរពេទ្យ នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ក្នុង​ក្រុង Suichuan ខេត្ត Jiangxi ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។

មេរោគ​កូរ៉ូណា ដែល​បាន​ចាប់​ផ្តើម​មាន​នៅ​ក្នុង​ក្រុង​ Wuhan ​ប្រទេស​ចិន​​​នៅ​ពេល​នេះ​រាល​ដាល​ដល់​ប្រទេស​ជាង​១៨​ហើយ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នេះ​ចាត់​វិធាន​ការ​ដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃ​មេរោគ​នេះ។

ប្រទេស​ចិន​មានប្រវត្តិ​ចម្រុះ​អំពី​តម្លាភាព​នៅ​ពេល​មាន​វិបត្តិ​សាធារណៈ​ មួយ​ផ្នែក​ដោយ​សារ​រដ្ឋាភិបាល​ផ្តាច់​ការ​របស់​ប្រទេស​នេះ​ត្រួតត្រា​តឹង​រ៉ឹង​លើ​ប្រព័​ន្ធ​គមនាគមន៍​នៅ​ក្នុង​ប្រទេស។​ នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​ប្រធាន​អង្គការ​សុខភាពពិភពលោក​ WHO ​កាលពី​ថ្ងៃអង្គារ​ទី​២៨​ខែ​មករា​ ប្រធានាធិបតី​ចិន​ Xi Jinping ​បាន​គូស​បញ្ជាក់​ថា​ ​ប្រទេស​លោក​ប្រុង​ប្រៀប​ស្រេច​ហើយ​ដើម្បី​ធ្វើការ​ជា​មួយ​អង្គការ​នេះ​ និង​សហគមន៍​អន្តរជាតិ។​ ជំនួប​នេះ​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំ​ពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​ខាង​សុខភាព​សាធារណៈ​ច្រើន​ជាង​មុន​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​ជួយ​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។​

ករណី​ដំបូងៗ​នៃ​មេរោគ​កូរ៉ូណាប្រភេទ​ថ្មីនេះ​បាន​ត្រូវ​រាយ​ការណ៍​ជា​សាធារណៈ​កាលពី​ចុង​ខែ​ធ្នូ​នៅ​ក្នុង​ប្រទេស​ចិន។​

ចាប់​តាំង​ពីពេល​នោះ​មក​ ​ពួក​មន្ត្រី​បាន​ចំណាយ​ពេល​ច្រើន​សប្តាហ៍​ដើម្បី​ទទួល​ទិន្នន័យ​អំពី​ថា​ ​តើ​មេរោគ​នេះ​រាល​ដាល​លឿន​បែប​ណា​ហើយ​នរណា​ដែល​អាច​រង​គ្រោះ​ដោយ​ងាយ​បំផុត។​

លោក​ Tom Frieden ​ជាអតីត​នាយក​នៃ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បញ្ចៀស​ជំងឺ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ​Centers for Disease Control and Prevention​ របស់​ស.រ.អា.។​ លោក​និយាយ​ថា​ ចិន​កំពុង​ស្វែង​រក​វិធី​ការពារ​ជា​មូលដ្ឋាន។​ លោក​ Tom Frieden ​និយាយ​ថា៖​

«រហូត​មក​ដល់ពេល​នេះ​ ជា​ការ​ច្បាស់លាស់​អំពី​ការ​ឆ្លង​ជំងឺ​នេះ​គឺថា ​វា​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ ​ក៏​ប៉ុន្តែ​យើង​មិន​ដឹង​ថា​ ​វា​ឆ្លង​ដោយសារការ​ប៉ះ​ពាល់​ ឬ​ការ​ទាក់ទង​ច្រើន​ ឬ​តិចតួច​ ហើយ​មាន​ការ​ខុស​គ្នា​ច្រើន។​និយាយ​ពីគ្រោះ​ថ្នាក់​ដល់​ជីវិត​ដោយសារ​មេរោគ​នេះ​វិញ​ យើង​ដឹង​ថា​ ​វា​បណ្តាល​ឱ្យ​មាន​ការ​រលាក​សួត​ហើយ​ការណ៍​នេះ​អាច​នាំ​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ​ឬ​អាច​ស្លាប់។​ ក៏ប៉ុន្តែ​យើង​មិន​ដឹង​ទេ​ថា តើ​មាន​មនុស្ស​ច្រើន​នាក់​មាន​ផ្ទុក​មេរោគ​នេះ​ដោយ​គ្មាន​រោគ​សញ្ញា​ ឬ​យ៉ាង​ណា​ឡើយ។​ ដូច្នេះ​មាន​អ្វី​ច្រើន​ដែល​យើង​មិន​ដឹង‍»។​

កាល​ពី​១៧​ឆ្នាំ​មុន​ ​ប្រទេស​ចិន​បាន​តស៊ូ​ទប់ទល់​នឹង​មេរោគជំងឺ​ SARS​ ហើយ​បាន​រង​ការ​រិះ​គន់​ខ្លាំង​ថា ​លាក់​ព័ត៌មានសំខាន់ៗ។​

នៅ​ពេល​នេះ​មនុស្ស​ច្រើន​នាក់​ និង​អង្គការ​នានា​ ដោយ​មានរួម​បញ្ចូល​ទាំង​អង្គការ​សុខភាព​ពិភព​លោក​ផងនិយាយ​ថា​ ​ប្រទេស​ចិន​បាន​ផ្តល់​ព័ត៌មាន​ច្រើន​ជាង​មុន។​ មនុស្ស ​និង​អង្គការ​ទាំង​នេះ​និយាយ​យោង​ដល់​ប្រទេស​ចិន​ដែល​បាន​ចែក​ genome ​គឺ​ប្រភេទ​កោសិកា​ក្រូម៉ូសូម​របស់​មេរោគ​នេះ​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​ពិសោធន៍​យ៉ាង​លឿន។​ លោក ​J. Stephen Morrison ដែល​ជា​នាយក​គោល​នយោបាយ​សុខភាព​សាកល​និយាយ​ថា៖​

«មាន​វិស័យ​ខ្លះ​ដែល​បង្ហាញ​ថា ​មាន​ការ​កែ​លម្អ​ច្រើន​ មាន​ភាព​ជា​វិជ្ជាជីវៈ​និង​តម្លាភាព ​ ហើយ​ក៏​មាន​វិស័យ​ខ្លះ​មាន​ការ​ល្មើស​ដែល​នាំ​ឱ្យ​មាន​ការ​បង់​ខាត​ច្រើន​ណាស់។​ ទាក់​ទងនឹង​មេរោគ​នេះ​ ​នៅ​ពេល​មាន​អ្នក​ជំងឺ​ដំបូង​នៅ​ក្នុង​ក្រុង​ Wuhan ​ខេត្ត Hubei ​កាលពី​ខែ​ធ្នូ​ ពីរ​បី​អាទិត្យ​បន្ទាប់​មក​ទើប​មាន​ការ​រាយ​ការណ៍​អំពី​ជំងឺ​នេះ‍»។​

ក៏​ប៉ុន្តែ​ការ​បន្តខ្វះ​ការ​រាយ​ការណ៍​ព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កាន់​អំណាច​ផ្តាច់ការ​នេះ​មាន​ន័យ​ថា ​ទោះ​ជា​នៅ​ពេល​នេះ​ក៏​ដោយ ​ក៏​នៅ​មាន​សំណួរ​អំពី​ថា​ ​តើ​ស្ថាន​ភាព​ជំងឺ​នេះ​ធ្ងន់ធ្ងរ​បែប​ណា​នៅ​ក្នុង​ប្រទេស​ចិន។​ លោក​ Yanzhong Huang ​ជា​អ្នក​ធ្វើការ​នៅ​ក្នុង​ក្រុម​ប្រឹក្សាទំនាក់​ទំនង​បរទេស។​

លោក​និយាយ​ថា៖​

«លោក​អ្នក​ប្រហែល​បាន​កត់​សម្គាល់​ថា​ មាន​ពេទ្យ​១៥​នាក់​បាន​ឆ្លង​ជំងឺ​នេះ។ ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ​នេះ​ជា​ការ​បញ្ជាក់​ថា​ តើ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​បែប​ណា ​និង​ថា ​តើ​មេរោគ​នេះ​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​បែប​ណា​ ពីព្រោះ​តាម​ធម្មតា​ពេទ្យ​មិន​មែន​ឆ្លង​ជំងឺ​ងាយៗ​បែប​នេះ​ទេ។​ ក៏​ប៉ុន្តែ​អាជ្ញាធរ​ចិន​រាយ​ការណ៍​អំពីរឿង​នេះ​នៅ​ក្រោយ​ថ្ងៃ​ទី​២០​ខែ​មករា‍»។​

ទោះ​ជា​នៅ​ខាង​ក្នុង​ប្រទេស​ចិន​ ​ពួក​មន្ត្រី​ក៏​បាន​ត្រូវ​រិះគន់​ជា​សាធារណៈ​អំពី​ការ​ឆ្លើយតប​យឺតយូរ​នឹង​ការ​រាល​ដាល​នៃ​ជំងឺ​នេះ​ដែរ។ ​លោក​ Zhou Xianwang ​ដែលជា​អភិបាល​ក្រុង​ Wuhan ​ថ្លែង​ថា៖​

«យើង​សង្ឃឹម​ថា​ ប្រជា​រាស្ត្រ​អាច​យល់​អំពី​ការ​លាត​ត្រដាង​ព័ត៌មាន​មិន​បាន​ទាន់​ពេល​វេលា។ ​ស្តី​ពី​បញ្ហា​ជំងឺ​ឆ្លង ​យើង​មាន​ការ​បញ្ចៀស​មិន​ឱ្យ​មាន​ការ​ឆ្លង​ជំងឺនិង​ច្បាប់​ស្តី​ការ​ព្យាបាល​ដែល​តម្រូវ​ថា ​ការ​លាត​ត្រដាង​ព័ត៌មាន​ត្រូវ​ធ្វើ​តាម​ច្បាប់។​ ក្នុង​ឋានៈ​ជា​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន យើង​ត្រូវការ​ឱ្យ​មាន​ការ​អនុញ្ញាត​នៅ​មុន​មាន​ការ​លាត​ត្រដាង​ព័ត៌មាន​អំពី​ជំងឺ​នេះ‍»។​

កាល​ពី​ថ្ងៃអង្គារ​ទី​២៨​ខែ​មករា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សេវា​មនុស្ស​របស់​ស.រ.អា.​បាន​ជំរុញ​ជា​សាធារណៈ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បើក​ចំហ​និង​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​ខាង​សុខភាព​សាធារណៈ​ច្រើន​ជាង​មុន​ចូល​ក្នុង​ប្រទេស​ចិន​ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ។​

លោក​ Alex Azar​ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​និង​សេវា​មនុស្ស​របស់​ស.រ.អា.​និយាយ​ថា៖​«ការ​បើក​ឱ្យ​ពួក​អ្នក​ជំនាញ​នៃ​អង្គការសុខភាពពិភព​លោក​ WHO ​និង​ CDC ​ចូលដល់​កន្លែង​កើត​ជំងឺ​នេះ​ដើម្បី​ជួយ​ពួក​អ្នក​ជំនាញ​ចិន​ជា​ការ​មាន​សារៈ​សំខាន់​ណាស់​ បន្ថែម​ពី​លើ​អ្វី​ដែល​លោក​វេជ្ជ​បណ្ឌិត ​Fauci​ បាន​និយាយ​យោង​អំពី​ការ​ដាក់​អ្នក​ជំងឺ​ឱ្យ​រស់​នៅ​ដាច់ពី​គេ​ដែល​នាំ​ឱ្យ​យើង​មាន​វិធី​ការ​ពារ​ជំងឺ​នេះ​បាន​មាំ​ទាំ​ ដោយ​យើង​អាច​ធ្វើ​ឱ្យ​ប្រាកដថា​មាន​វិធី​ព្យាបាល​ ឬ​មាន​ថ្នាំ​វ៉ាក់សាំង​ដែល​វាយ​ប្រហារ​ចំគោល​ដៅ​លើ​កំពូល​លំដាប់​ពិន្ធុ​ដែល​បានត្រូវ​ចែក​ចាយ‍»។​

មជ្ឈមណ្ឌល​ CDC ​បាន​ផ្តល់​អនុសាសន៍​ថា​ ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ត្រូវ​ «ចៀស​វាង​ការ​ធ្វើ​ដំណើរ​មិនចាំ​បាច់​ទាំង​អស់‍»​ទៅ​កាន់​ប្រទេស​ចិន​ទាំង​មូល​ ជា​ការ​ឆ្លើយតប​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ៕

XS
SM
MD
LG