ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចិន​ថា អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​កើន​ដល់​យ៉ាង​តិច៣០៤នាក់ និង​អ្នក​ឆ្លង​មាន​ជាង១ម៉ឺន៤ពាន់​នាក់


ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី អ្នកដំណើរ​​នាំ​គ្នា​ពាក់​ម៉ាស​ឈរ​ចាំ​ឡើង​ជិះ​សាឡាង​នៅ​ផ្សារ Pratunam Pier ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០២០។
ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី អ្នកដំណើរ​​នាំ​គ្នា​ពាក់​ម៉ាស​ឈរ​ចាំ​ឡើង​ជិះ​សាឡាង​នៅ​ផ្សារ Pratunam Pier ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០២០។

អាជ្ញាធរ​នៅ​ក្នុង​ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​បាន​ផ្ទុះ​ឡើង បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣០៤ នាក់ បាន​ស្លាប់​ដោយសារ​មេរោគ​នេះ និង​មនុស្ស​ជាង ១ ម៉ឺន ៤ ពាន់​នាក់ បាន​ឆ្លង​មេរោគ​នេះ។

ចំណែក​ឯ​អាជ្ញាធរ​ហ្វីលីពីន​វិញ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ប្រកាស​អំពី​ករណី​អ្នក​ស្លាប់​លើក​ដំបូង​ដោយសារ​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស ដែល​នេះ​គឺ​ជា​ការ​ស្លាប់​ដោយសារ​មេរោគ​នេះ​លើក​ដំបូង​បង្អស់​នៅ​ក្រៅ​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រទេស​អូស្ត្រាលី ជប៉ុន និង​សិង្ហបុរី បាន​ប្រកាស​អំពី​ការ​ត្រួត​ពិនិត្យ​តឹងតែង​លើ​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​ណា ដែល​បាន​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​ភ័យ​ខ្លាច​មេរោគ​នេះ។

ប្រទេស​ទាំង ៣ នេះ បាន​ប្រកាស​ដូច្នេះ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​កំហិត​ស្រដៀង​គ្នា​នេះ​ដែរ និង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ​គឺ​ជា​បញ្ហា​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ។ ប្រទេស​អ៊ីស្រាអែល ម៉ាឡេស៊ី ម៉ុងហ្គោលី និង​ហ្វីលីពីន ក៏​បាន​ប្រកាស​អំពី​វិធានការ​ស្រដៀង​គ្នា​នេះ​ផង​ដែរ។

រី​ឯ​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​សៅរ៍ ក៏​បាន​ប្រកាស​ផង​ដែរ​អំពី​ការ​ដាក់​កំហិត​បន្ថែម​ទៀត​ចំពោះ​ការ​ធ្វើ​ដំណើរ។ វិធានការ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​អំពី​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper បាន​សម្រេច​តាម​សំណើ​របស់​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស នៅ​ក្នុង​ការ​ជួយ​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស ១ ពាន់​នាក់ ដែល​ប្រហែល​ជា​អាច​ប៉ះពាល់​ជាមួយ​នឹង​មេរោគ​នេះ និង​ដែល​ចាំបាច់​ត្រូវការ​រស់នៅ​ដាច់​ដោយ​ឡែក​ពី​គេ​មួយ​រយៈ​នៅ​ពេល​ត្រឡប់​មក​ដល់​សហរដ្ឋ​អាមេរិក​វិញ​ពី​ក្រៅ​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ប្រទេស​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា នៅ​សហរដ្ឋ​អាមេរិក មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ​ចំនួន ៨ ករណី​ហើយ។ មន្ត្រី​សុខាភិបាល​ថា អ្នក​ជំងឺ​ចុង​ក្រោយ​គេ គឺ​ជា​បុរស​នៅ​ក្នុង​រដ្ឋ Massachusetts ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG