ពួកនិស្សិតវៀតណាម បានជាប់នៅក្នុងទីក្រុងវូហាននៃប្រទេសចិន បន្ទាប់ពីការផ្ទុះឡើងនូវមេរោគកូរ៉ូណា ប្រឈមនឹងការធុញទ្រាន់ ភាពតានតឹងក្នុងចិត្ត និងការព្រួយបារម្ភ។ នេះតាមតំណាងសមាគមនិស្សិតវៀតណាមក្នុងទីក្រុងវូហានដែលបានប្រាប់ VOA ផ្សាយជាភាសាវៀតណាមកាលពីថ្ងៃសុក្រ។
Khuc Kieu Oanh ជានិស្សិតនៅឯសាកលវិទ្យាល័យវូហាន ដែលបានចាកចេញពីក្រុងកាលពីចុងខែមុនបាននិយាយថា មាននិស្សិតវៀតណាមប្រហែល២៣នាក់បានជាប់គាំងនៅក្នុងទីក្រុងនោះ រួមមាននិស្សិតមានផ្ទៃពោះម្នាក់ និងនិស្សិតដែលមានកូនតូចៗ។
និស្សិត Khuc Kieu Oanh និយាយទៀតថា៖
«នៅពេលបច្ចុប្បន្ននេះ មាននិស្សិតវៀតណាមប្រហែល២៣នាក់ និងកូនក្មេង ២ ឬ ៣ នាក់ នៅក្នុងទីក្រុងវូហាន។ ពួកគេទាំងអស់មានសុខភាពល្អ»។
Nguyen Thi Vu Hoai ជានិស្សិតនៅឯសាកលវិទ្យាល័យ Central China Normal ដែលនៅពេលបច្ចុប្បន្ននេះ កំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាននៅក្នុងទីក្រុងវូហាន បានប្រាប់ VOA ផ្សាយជាភាសាវៀតណាមថា៖
«ខ្ញុំឥឡូវនេះ បានជាប់នៅទីនេះជាមួយកូនតូចម្នាក់របស់ខ្ញុំ ហើយខ្ញុំ មិនដឹងថាតើធ្វើអ្វីឬនិយាយអ្វីទេ»។
Cao Hoai Anh ជានិស្សិតនៅវិទ្យាស្ថានអប់រំកាយវូហាន បានប្រាប់VOA ផ្សាយជាភាសាវៀតណាមកាលពីថ្ងៃសុក្រថា និស្សិតបរទេសភាគច្រើន ដែលត្រូវបាននៅជាប់ក្នុងអន្តេវាសិកដ្ឋាននៅក្នុងទីក្រុងវូហាន បានត្រូវពួកអាជ្ញាធរសាលាពិនិត្យមើលសីតុណ្ហភាពក្នុងខ្លួន២ដងក្នុងមួយថ្ងៃ ខណៈដែលសាលារៀនទាំងអស់នៅក្នុងទីក្រុងនោះបានត្រូវបិទទ្វារ។
Nguyen Van Phi ជានិស្សិតនៃសាកលវិទ្យាល័យវូហានហើយនឹងភរិយាមានឈ្មោះថាNguyen Thi Thanhដែលមានផ្ទៃពោះ មានការព្រួយបារម្ភនិងភ័យខ្លាចនៅពេលដែលក្រុងវូហានបានក្លាយជាទីកន្លែងនៃការផ្ទុះឡើងនូវមេរោគកូរ៉ូណាថ្មីដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ក៏២១៣នាក់ដែរស្លាប់។
ទីភ្នាក់ងារព័ត៌មាន VNExpress បានរាយការណ៍ថា៖
«នៅម៉ោង៧ព្រឹក សំឡេងនាឡិកា រោ Nguyen Van Phi បានភ្ញាក់ហើយបានស្ទាបថ្ងាសរបស់ប្រពន្ធខ្លួននិងថ្ងាសរបស់ខ្លួន ហើយបាននិយាយថា សំណាងណាស់ដែលយើង មិនមានជំងឺគ្រុន»។
ទាំង Khuc Kieu Oanh និង Cao Hoai Anh ដែលនៅពេលបច្ចុប្បន្ននេះ បានឈប់សម្រាកនៅបុណ្យចូលឆ្នាំតាមច័ន្ទគតិក្នុងប្រទេសវៀតណាម បាននិយាយថា ផែនការរបស់ពួកគេដើម្បីវិលត្រឡប់ទៅកាន់សាលារៀនវិញ បានត្រូវពន្យាពេលដោយគ្មានពេលកំណត់។
Hoan Anh បានប្រាប់ VOA ផ្សាយជាភាសាវៀតណាម ថា៖
«ផែនការនៃការសិក្សានៅពេលនេះសម្រាប់ឆមាសថ្មី បានត្រូវពន្យាពេលគ្មានពេលកំណត់។សាលា នឹងជូនដំណឹងពីព័ត៌មានថ្មីៗបន្ថែមទៀត»។
Hoan Anh បាននិយាយទៀតថា៖
«នៅពេលបច្ចុប្បន្ននេះ គ្រូបង្រៀន មិនទៅសាលារៀន ពួកគេ ធ្វើការតាមកំព្យូទ័រ។ នៅពេលឥឡូវនេះ មិនមានមនុស្សនៅសាលារៀនទេ មានគ្រូបង្រៀនខ្លះ ធ្វើកិច្ចការប៉ុណ្ណោះ»។
លោក Vo Hai Anh ប្រធានសមាគមនិស្សិតបរទេសវៀតណាមក្នុងក្រុងវូហាន បានប្រាប់កាសែតឡាវដុងថា បណ្តាលមកពីព្រឹត្តិការណ៍ថ្មីនៅក្នុងស្ថានភាពជំងឺកូរ៉ូណា សាលារៀនទាំងអស់នៅក្នុងទីក្រុងវូហាន បានប្រកាសពីផែនការនៃការរៀបចំកាល វិភាគឡើងវិញឬបិទជាបណ្តោះអាសន្នដោយរង់ចាំចំណាត់ការបន្ថែមទៀត។
កាសែត Thanh Nien បានរាយការណ៍ថា និស្សិតភាគច្រើនដែលឈប់សម្រាកនៅបុណ្យចូលឆ្នាំថ្មីតាមច័ន្ទគតិនៅឯស្រុកកំណើតក្នុងប្រទេសវៀតណាម បានទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសចិនវិញ បានពន្យាពេលការធ្វើដំណើរឬលប់ចោលការត្រឡប់មកវិញ។
តាមស្ថិតិរបស់ស្ថានទូតវៀតណាមក្នុងប្រទេសចិន ប្រាប់ឲ្យដឹងថា មាននិស្សិតវៀត ណាម២៤នាក់ បានស្ថិតនៅក្នុងទីក្រុងវូហាន រួមមាន៤គ្រួសារ ដែលមានកូនក្មេង៣នាក់ផង។
ស្ថានទូតវៀតណាម ក៏បានប្រាប់ឲ្យដឹងទៀតថា មាននិស្សិតវៀតណាម២០៧នាក់សិក្សានៅប្រទេសចិនបានត្រឡប់មកប្រទេសវៀតណាមក្នុងអំឡុងបុណ្យចូលឆ្នាំចិននេះ។
លោក Cao Hoai Anh បានប្រាប់ VOA ផ្សាយជាភាសាវៀតណាមអំពីផែនការដឹកជញ្ជូនពួកនិសិ្សតវៀតណាមដែលជាប់នៅក្នុងទីក្រុងវូហាននោះត្រឡប់មកវៀតណាមវិញ។
លោក បាននិយាយថា៖
«នៅពេលបច្ចុប្បន្ននេះ មានកម្មវិធីជួយឧបត្ថម្ភពួកនិស្សិតដែលនៅជាប់ក្នុងក្រុងវូហានដែលធ្វើឡើងដោយស្ថានទូតវៀតណាមដើម្បីជួយពួគគេឲ្យវិលត្រឡប់ទៅប្រទេសវិញ ក៏ប៉ុន្តែ មិនមានព័ត៌មានជាក់លាក់ទេ។ព័ត៌មាននៃជើងហោះ ហើរ ក៏មិនមានគ្រប់គ្រាន់ដែរ។អ្វីៗស្ថិតនៅលើក្រដាសតែប៉ុណ្ណោះ។ មិនមានការរៀបចំជើងហោះហើរដើម្បីនាំពួកនិស្សិតទាំងនោះត្រឡប់មកកាន់មាតុភូមិវិញទេ»។
កាសែតទួយជែ បានដកស្រង់សម្តីតំណាងអាកាសចរណ៍ Vietjet Airlines កាលពីថ្ងៃទី២៧ ខែមករា មកចុះផ្សាយថា ប្រសិនបើ ផែនការនេះ ត្រូវបានអនុញ្ញាត ក្រុមហ៊ុនអា កាសចរណ៍ Vietjet Airlines នឹងរៀបចំយន្តហោះដើម្បីដឹកពលរដ្ឋវៀតណាមត្រឡប់មកប្រទេសវិញ។
តាមបណ្តាញព័ត៌មានវៀតណាម ប្រាប់ឲ្យដឹងថា និស្សិតវៀតណាមជាច្រើន មិនមែនតែនៅក្នុងទីក្រុងវូហានទេ ក៏ប៉ុន្តែ នៅក្នុងខេត្តនិងទីក្រុងផ្សេងៗទៀតនៅក្នុងប្រទេសចិន ក៏ប្រាថ្នាវិលត្រឡប់ទៅកាន់វៀតណាមវិញនៅពេលឆាប់ៗនេះ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន