រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា លោកមាន«ក្តីកង្វល់ចំពោះបទចោទប្រកាន់ថ្មីដ៏គួរឲ្យមន្ទិលសង្ស័យ»លើមេដឹកនាំបក្សប្រឆាំងរុស្សីលោក Alexey Navalny ដែលត្រូវឡើងសវនាការកាលពីថ្ងៃអង្គារនៅក្នុងពន្ធនាគារមួយកន្លែងនៅខាងក្រៅទីក្រុងមូស្គូ។
លោក Navalny ត្រូវបានរងការចោទប្រកាន់ពីបទគេងបន្លំប្រាក់និងមើលងាយតុលាការ។ លោកអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំឡើងទៅ ប្រសិនបើត្រូវបានកាត់ទោសថាមានកំហុសមែននោះ។
លោក Blinken បានបង្ហោះសារតាម Twiter ថា៖ «លោក Navalny និងក្រុមរបស់លោក ត្រូវបានគេកំណត់ទិសដៅកម្ចាត់ចំពោះការងាររបស់ពួកគេដែលលាតត្រដាងពីអំពើពុករលួយផ្លូវការនោះ។ លោក បានអំពាវនាវឲ្យអាជ្ញាធររុស្សី ដោះលែងលោក Navalny និងបញ្ចប់ការធ្វើទុក្ខបុកម្នេញនិងដាក់ទោសលើក្រុមអ្នកគាំទ្ររបស់លោក»។
មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីការបំពានការដោះលែងឲ្យនៅក្រៅឃុំដោយសារប្រាក់ធានាដោយចំណាយពេលជាច្រើនខែនៅក្នុងប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាលជំងឺពីការត្រូវថ្នាំបំពុលក្នុងពេលកន្លងមក។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំកន្លះ។
នៅសវនាការថ្មីរបស់លោកកាលពីថ្ងៃអង្គារ អ្នកស៊ើបអង្កេតរុស្សីនិយាយថា លោកNavalny បានគេងបន្លំប្រាក់ដែលគេបរិច្ចាគទៅឲ្យអង្គការនយោបាយ FBK របស់លោកដែលធ្វើការលើការប្រឆាំងអំពើពុករលួយ។ ដោយឡែកបទចោទប្រកាន់ពីការមើលងាយលើតុលាការនោះ បានកើតមានឡើង បន្ទាប់ពីលោក Navalny ត្រូវបានរងការចោទប្រកាន់ថាបានជេរប្រមាថចៅក្រមមួយរូបនៅក្នុងអំឡុងពេលនៃសវនាការក្នុងពេលកន្លងទៅ។
លោក Navalny បានបដិសេធដាច់អហង្ការនូវការចោទប្រកាន់ទាំងនេះ ហើយហៅការចោទប្រកាន់ទាំងអស់ទៅលើរូបលោកថាមានលក្ខណៈនយោបាយ។
តាមសេចក្តីថ្លែងការណ៍របស់លោក Navalny តាមរយៈវីដេអូខ្លីមួយថា៖ «ខ្ញុំមិនខ្លាចតុលាការនេះទេ។ ខ្ញុំមិនខ្លាចពន្ធនាគារទេ ខ្ញុំមិនខ្លាចក្រុមរដ្ឋអាជ្ញា ខ្ញុំមិនខ្លាចអាវុធគីមី ខ្ញុំមិនខ្លាចលោកPutinនិងមនុស្សផ្សេងៗទៀតទេ។ ខ្ញុំមិនខ្លាចព្រោះខ្ញុំជឿថា វាជាការអាម៉ាស់និងគ្មានន័យអ្វីដែលត្រូវខ្លបខ្លាចពួកគេទាំងអស់នោះឡើយ»។
អ្នកគាំទ្រលោក Navalny បានថ្កោលទោសលើសំណុំរឿងក្តីរបស់លោកហើយមេធាវីការពារក្តីរបស់លោក បានហៅទង្វើនេះថា ជាការប៉ុនប៉នបំបិទមាត់លោកNavalnyដោយរដ្ឋាភិបាលវិមានក្រឹមឡាំង៕