សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនឯង ហើយស្របពេលនោះដែរបានថ្កោលទោសជាថ្មីលើការសម្លាប់របស់អ៊ីរ៉ង់លើពលរដ្ឋអ៊ីរ៉ង់ដើមកំណើតអង់គ្លេសម្នាក់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់អ្នកកាសែតថា ការសម្លាប់លោក Ali Reza Akbari កាលពីសប្ដាហ៍មុនគឺជាទម្រង់មួយនៃការរំលោភបំពានរបស់រដ្ឋាភិបាលអ៊ីរ៉ង់ដែលមានដូចជា «ការឃុំឃាំង ការធ្វើទារុណកម្ម ការបង្ខំឱ្យសារភាព និងការសម្លាប់ដោយអយុត្តិធម៌ជាដើម»។
លោក Blinken បាននិយាយថា៖ «យើងមានក្ដីរន្ធត់តក់ស្លុតចំពោះការសម្លាប់លោក Akbari ដូចដែលយើងមានក្ដីរន្ធត់តក់ស្លុតចំពោះអ្វីៗផ្សេងទៀតដែលយើងបានឃើញនៅតាមដងផ្លូវក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេលប៉ុន្មានខែកន្លងមកនេះតាំងពីពេលដែលការតវ៉ាទាំងនេះបានចាប់ផ្ដើមដែរ ដែលនោះមានដូចជាការចាប់ខ្លួនមនុស្សជាច្រើន ការកាត់ទោសក្លែងក្លាយ ការសម្លាប់ និងការប្រើអំពើហិង្សាផ្លូវភេទជាវិធីដើម្បីបង្ក្រាបការតវ៉ាជាដើម»។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក James Cleverly ដែលបានជួបជាមួយនឹងលោក Blinken នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បាននិយាយថា ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក «ឈរជាមួយនឹងប្រជាពលរដ្ឋអ៊ីរ៉ង់ដ៏អង់អាចក្លាហាននិងថ្លៃថ្នូរនៅពេលដែលពួកគេទាមទារសិទ្ធិរស់នៅដែលគ្មានការភ័យខ្លាចនិងការជិះជាន់គាបសង្កត់»។
លោក Cleverly បានបញ្ជាក់ថា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើអ្នកដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Akbari ដែលក្នុងនោះរួមមានទាំងអគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់ផងដែរ និងលើសមាជិកនៃកងប៉ូលិសផ្នែកសីលធម៌របស់អ៊ីរ៉ង់និងតុលាការដែលជាប់ពាក់ព័ន្ធនៅក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ា។
លោកបានបន្ថែមថា ប្រជាពលរដ្ឋអ៊ីរ៉ង់កំពុងប្រាប់រដ្ឋាភិបាលអ៊ីរ៉ង់ថាពួកគេមិនសប្បាយចិត្តនឹងប្រព័ន្ធបច្ចុប្បន្ននៅក្នុងប្រទេសនិងថាវាអាស្រ័យលើរដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងការកែប្រែប្រព័ន្ធនេះ៕
អាមេរិកនិងចក្រភពអង់គ្លេសសន្យាធ្វើឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការបំពានសិទ្ធិពលរដ្ឋខ្លួនឯង
