ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះនិយាយថា ខ្លួនបានប្រហារជីវិតអ្នកទោសទី២ម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងតវ៉ានៅទូទាំងប្រទេស ដែលបានចាប់ផ្តើមឡើងតាំងពីខែកញ្ញាកន្លងមក។
ទីភ្នាក់ងារសារព័ត៌មាន Mizan ដែលគ្រប់គ្រងដោយតុលាការអ៊ីរ៉ង់ចេញផ្សាយថា លោក Majidreza Rahnavard ត្រូវបានព្យួរកកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង Mashhad។
លោក Rahnavard ត្រូវបានចោទប្រកាន់ថា បានចាក់សម្លាប់សមាជិកកងសន្តិសុខអ៊ីរ៉ង់២នាក់ កាលពីខែមុនក្នុងទីក្រុង Mashhad។
ក្រុមសកម្មជនមួយចំនួននិយាយថា ប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតអ្នកតវ៉ាប្រឆាំងជាច្រើននាក់ នៅក្នុងសវនាការអសាធារណៈរបស់ខ្លួន។
អ្នកទោសអ៊ីរ៉ង់ទី១ពាក់ព័ន្ធនឹងការប្រឆាំងតវ៉ានោះ ត្រូវបានប្រហារជីវិតកាលពីសប្តាហ៍កន្លងទៅ។
ការតវ៉ាប្រឆាំងនឹងអាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមឡើង ជាការឆ្លើយតបនឹងការស្លាប់របស់នាង Mahsa Amini អាយុ២២ឆ្នាំពេលជាប់ឃុំឃាំងនៅប៉ូលិសសីលធម៌អ៊ីរ៉ង់ ដែលបានចាប់ឃុំខ្លួននាង ពីបទបំពានទៅលើការស្លៀកពាក់មិនសមរម្យរបស់ប្រទេស ដោយមិនបានពាក់កន្សែងរុំមុខនិងក្បាលឱ្យបានត្រឹមត្រូវ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា លោករំពឹងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងអនុម័ត«កញ្ចប់ទណ្ឌកម្មដ៏តឹងតែងបំផុត»ប្រឆាំងនឹងអ៊ីរ៉ង់ ទាំងការបង្រ្កាបលើក្រុមបាតុករ និងតួនាទីរបស់ខ្លួនក្នុងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដែលរុស្ស៊ីបានប្រើដើម្បីវាយប្រហារប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំនៅទីក្រុង Brussels ថា ការប្រហារជីវិតរបស់អ៊ីរ៉ង់ គឺជា«ការប៉ុនប៉ងបំភិតបំភ័យ»៕
ព័ត៌មានខ្លះសម្រាប់អត្ថបទនេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។