យន្តហោះចម្បាំងនិងនាវាកងទ័ពជើងទឹករបស់បស្ចិមប្រទេស បានបាញ់គ្រាប់មីស៊ីលផ្លោងលើទីតាំងស្តុកអាវុធគីមី៣កន្លែងរបស់ប្រទេសស៊ីរី។ ការបាញ់នេះ អាចក្លាយជាយុទ្ធនាការជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី គឺលោក Bashar al-Assad និងអ្នកគាំទ្ររបស់លោក។
មន្ត្រីយោធាអាមេរិក បាននិយាយថា ការបាញ់បង្គ្រប់ដែលធ្វើឡើងរួមគ្នាជាមួយប្រទេសអង់គ្លេសនិងបារាំងផងនេះ បានចាប់ផ្ដើមនៅម៉ោង៩យប់ថ្ងៃសុក្រ ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ការបាញ់មីស៊ីលផ្លោងជាង១០០គ្រាប់នេះ បានតម្រង់គោលដៅទៅលើទីតាំងស្តុកអាវុធគីមីក្នុងរដ្ឋធានី Damascus និងក្រុងHoms របស់ប្រទេសស៊ីរី។
រដ្ឋមន្ត្រីការពារជាតិអាមេរិក គឺលោក Jim Mattis បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំនៅក្រសួងការពារជាតិអាមេរិកកាលពីយប់ថ្ងៃសុក្រថា «ពេលនេះគឺជាបាញ់តែម្ដងគត់» ប៉ុន្តែលោកបានព្រលយថា អាចនឹងមានការវាយប្រហារបន្ថែមទៀត។
ការសម្រេចចិត្តវាយប្រហារទៅលើទីតាំងអាវុធគីមីរបស់ស៊ីរីនេះ ធ្វើឡើង ក្រោយពីមានការពិគ្រោះយោបល់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រុងឡុងដ៍និងក្រុងប៉ារីស ហើយការណ៍នេះ កើតឡើងបន្ទាប់ពីក្រុមមន្ត្រីយោធានិងមន្ត្រីស៊ើបការណ៍សម្ងាត់ បានសន្និដ្ឋានថា រដ្ឋាភិបាលរបស់លោក Assad ពិតជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយអាវុធគីមីទៅលើទីប្រជុំជន Douma ក្នុងប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដែលការវាយប្រហារនោះ បានសម្លាប់មនុស្សអស់ជាង៤០នាក់ រួមទាំងស្ត្រីនិងកុមារផង ហើយបានធ្វើឲ្យមនុស្សជាច្រើនរយនាក់ទៀត ធ្លាក់ខ្លួនឈឺ។
ប៉ុន្តែ មន្ត្រីស៊ីរី បានបន្តបដិសេធ ថាកងកម្លាំងរបស់ខ្លួន មិនបានប្រើប្រាស់អាវុធគីមីនោះទេ៕