នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ក្រុមហ៊ុន Meta META.O, ក្រុមហ៊ុន X ក្រុមហ៊ុន TikTok ក្រុមហ៊ុន Snap SNAP.N, និងក្រុមហ៊ុន Discord ប្រឈមនឹងសំណួរពិបាកៗទាក់ទិននឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងសវនាការរបស់សភាអាមេរិកនៅថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters។
សមាជិកព្រឹទ្ធសភាលោក Dick Durbin ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ បានលើកឡើងពីស្ថិតិរបស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួននិងត្រូវបានកេងប្រវញ្ច ដោយបានបង្ហាញថា «ឧក្រិដ្ឋកម្មផ្លូវភេទ» ដែលក្នុងនោះមានអ្នកកេងប្រវ័ញ្ចម្នាក់បញ្ឆោតកុមារម្នាក់ឲ្យផ្ញើររូបនិងវីដេអូ បានកើនឡើងខ្លាំង កាលពីឆ្នាំ ២០២៣។
លោក Durbin បាននិយាយនៅក្នុងសវនាការនោះថា៖ «កំណើននៃការកេងប្រវ័ញ្ចផ្លូវភេទកុមារដ៏គួរឲ្យបារម្ភនេះ ត្រូវបានជំរុញដោយកត្តាមួយ គឺការផ្លាស់ប្តូររបស់បច្ចេកវិទ្យា»។
នៅក្នុងបន្ទប់សវនាការ ឪពុកម្តាយជាច្រើននាក់បានឈររង់ចាំនាយកប្រតិបត្តិនៃបណ្តាក្រុមហ៊ុនទាំងនោះដើម្បីមកចូលរួម ដោយបានលើករូបថតរបស់កូនៗរបស់ពួកគេ។
សមាជិកសភាម្នាក់ទៀតគឺលោក Lindsey Graham បាននិយាយសំដៅទៅនាយកប្រតិបត្តិនៃក្រុមហ៊ុន Meta META.O គឺលោក Mark Zuckerberg ថា៖ «លោកZuckerberg លោកនិងក្រុមហ៊ុនផ្សេងទៀតនៅទីនេះ ខ្ញុំដឹងថា លោកមិនចង់ឲ្យវាកើតឡើងទេ ប៉ុន្តែដៃលោកប្រលាក់ឈាម។ ផលិតផលរបស់លោកកំពុងសម្លាប់មនុស្ស»។
សវនាការនាថ្ងៃពុធនេះ ក៏ជាលើកទី ១ ដែលនាយកប្រតិបត្តិនៃក្រុម TikTok គឺលោក Shou Zi Chew បានបង្ហាញខ្លួនចំពោះមុខសមាជិកសភាសហរដ្ឋអាមេរិក តាំងពីខែមីនាមក គ្រាដែលក្រុមហ៊ុនផលិតកម្មវិធីវីដេអូខ្លីៗរបស់ចិនមួយនេះប្រឈមនឹងការសួរសំណួរពិបាកៗ រួមមានមតិយោបល់មួយចំនួនដែលថា កម្មវិធីនោះកំពុងបំផ្លាញសុខភាពផ្លូវចិត្តរបស់កុមារ៕
វេទិកាបញ្ចេញមតិ