គណៈវិនិច្ឆ័យសហព័ន្ធនៅទីក្រុង Boston សហរដ្ឋអាមេរិក បានកាត់ទោសនិស្សិតចិនរៀនផ្នែកដូរតន្ត្រីម្នាក់ពីបទតាមដាននិងបៀតបៀនទៅលើមិត្តរួមថ្នាក់ផ្សេងទៀត បន្ទាប់ពីនាងបានបិទខិត្តប័ណ្ណបង្ហាញពីការគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសចិន នៅជុំវិញបរិវេណមហាវិទ្យាល័យ Berklee កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០២២។
តាមភស្តុតាងដែលបានបង្ហាញក្នុងអង្គជំនុំជម្រះនិងឯកសារតុលាការនានា និស្សិតឈ្មោះ Xiaolei Wu អាយុ ២៥ ឆ្នាំ បានផ្ញើសារតាមអ៊ីនធឺណិតទៅកាន់មិត្តរួមថ្នាក់ កាលពីចុងខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីនាងបានបិទខិត្តប័ណ្ណដែលមានខ្លឹមសារថា «យើងចង់បានលទ្ធិប្រជាធិបតេយ្យ» «យើងចង់បានសេរីភាព» និង «យើងសាមគ្គីជាមួយប្រជាពលរដ្ឋចិន»។
ដោយសារតែសារទាំងនេះ Wu បានគំរាមកំហែងកាត់ដៃរបស់នាងចោល និងទាមទារឱ្យនាងបំផ្លាញចោលនូវអ្វីដែលលោកហៅថា «ផ្ទាំងផ្សព្វផ្សាយបែបប្រតិកិរិយា»។
Wu ក៏បានប្រាប់មិត្តរួមថ្នាក់ដែលតុលាការដាក់ឈ្មោះ Zooey ថា លោកបានប្រាប់អាជ្ញាធរសន្តិសុខសាធារណៈនៅប្រទេសចិនរួចហើយ អំពីសកម្មភាពនានារបស់នាង ហើយថា ពួកគេនឹងទៅ «ស្វាគមន៍» គ្រួសាររបស់នាង។
ក្នុងសវនាការរយៈពេល ៤ ថ្ងៃ មេធាវីរបស់ Wu បានលើកឡើងថា មតិរបស់កូនក្ដីពួកគេមិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែគ្រាន់តែជាជម្លោះតាមអនឡាញនៃមនុស្សក្មេងៗពីរនាក់ដែលបានស្គាល់គ្នា និងមានទស្សនៈនយោបាយខុសគ្នាប៉ុណ្ណោះ។ មេធាវីរបស់ Wu ក៏បានលើកឡើងដែរថា កូនក្ដីពួកគេគ្រាន់តែរំឭកដល់មិត្តរួមថ្នាក់របស់លោក អំពីលទ្ធផលនៃសកម្មភាពរបស់នាងនៅក្នុងប្រទេសចិន។
ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា គណៈវិនិច្ឆ័យសហព័ន្ធបានរកឃើញកំហុសរបស់លោក Wu ពីបទតាមដានតាមអ៊ីនធឺណិតនិងការគំរាមកំហែង។ បទចោទទាំងពីរនេះប្រឈមជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ដែលក្នុងនោះ ៣ ឆ្នាំ អាចត្រូវបានដោះលែងនឹងដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ព្រមទាំងប្រឈមនឹងការផាកពិន័យរហូតដល់ ២៥ ម៉ឺនដុល្លារ។ ការប្រកាសការផ្ដន្ទាទោសលោក Wu នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសាខាងមុខនេះ។
បន្ទាប់ពីសាលក្រមផ្តន្ទាទោសត្រូវបានប្រកាស រដ្ឋអាជ្ញារបានស្នើឱ្យឃុំខ្លួនលោក Wu ភ្លាមៗ ដោយលើកឡើងពីក្ដីបារម្ភថា លោកអាចនឹងគេចខ្លួនមុនពេលបញ្ចប់ដំណើរការក្ដីនេះ ហើយថា អាជ្ញាធរចិនបានបង្ហាញក្ដីបារម្ភម្ដងហើយម្ដងទៀតអំពីរឿងក្តីនេះ។ ប៉ុន្តែបន្ទាប់ពីបានស្ដាប់មតិយោបល់ពីភាគីជនជាប់ចោទនិងរដ្ឋអាជ្ញារ លោក Wu ត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។ ចៅក្រមបានថ្លែងថា លោក Wu មិនធ្លាប់បានបំពានលើលក្ខខណ្ឌនៃការរស់នៅក្រៅឃុំបណ្ដោះអាសន្នទេកាលពីមុន ហើយថា លក្ខខណ្ឌទាំងនោះនឹងនៅតែមានសុពលភាពដដែល។
លោក Wu ត្រូវបានហាមមិនឲ្យផ្លាស់ប្ដូរអាស័យដ្ឋាននិងមិនឱ្យចូលទៅក្នុងបរិវេណមហាវិទ្យាល័យ Berklee ឬមានទំនាក់ទំនងជាមួយអ្នកដែលជាប់ព័ន្ធនឹងករណីនេះ។ លោកបានប្រគល់លិខិតឆ្លងដែនទៅឱ្យអាជ្ញាធរ ហើយមិនអាចចាកចេញពីរដ្ឋ Massachusetts បានឡើយ។
ការកាត់ទោសលោក Wu បង្ហាញពីបញ្ហាកាន់តែរីកធំឡើង ដែលសហរដ្ឋអាមេរិកនិងអាជ្ញាធរលោកខាងលិច កំពុងធ្វើដើម្បីទប់ទល់ទៅនឹងការប្រឹងប្រែងរបស់ចិនក្នុងការបំបិទមាត់អ្នករិះគន់នៅក្រៅប្រទេស។
ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលចេញបន្ទាប់ពីការកាត់ទោសលោក Wu លោក Joshua S. Levy រដ្ឋអាជ្ញារស្ដីទីសហរដ្ឋអាមេរិកសម្រាប់តុលាការរដ្ឋ Massachusetts បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងយុត្តិធម៌ ក្នុងការធានាសេរីភាពនៃការបញ្ចេញមតិសម្រាប់មនុស្សទាំងអស់។
លោក Levy ថ្លែងដូច្នេះថា៖ «គ្មានជនណាម្នាក់នៅក្នុងប្រទេសនេះត្រូវគេគំរាមកំហែងហិង្សា ឬយុទ្ធនាការបៀតបៀនតាមរយៈការតាមដាន ដោយសារតែការបញ្ចេញទស្សនៈនយោបាយរបស់ពួកគេនោះទេ»។
អ្នកស្រី Jodi Cohen ភ្នាក់ងារស៊ើបអង្កេតពិសេសនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ប្រចាំក្រុង Boston ក៏បានបន្ថែមដែរថា៖ «អ្វីដែល Xiaolei Wu បានធ្វើក្នុងគោលដៅបំបិទសំឡេងនិងគំរាមកំហែងសកម្មជន ដែលជំទាស់ទៅនឹងគណបក្សកុម្មុយនីស្តចិនដែលកាន់អំណាច មិនត្រឹមតែជាបទល្មើលឧក្រិដ្ឋប៉ុណ្ណោះទេ វាថែមទាំងប្រឆាំងទាំងស្រុងទៅលើតម្លៃប្រជាធិបតេយ្យរបស់ប្រទេសយើង»។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតចិនអំពីរឿងក្តីនេះ ក៏ប៉ុន្តែមិនបានទទួលបានការឆ្លើយតបនោះទេ។
នាង Zooey ដែលជាមិត្តរួមថ្នាក់របស់លោក Wu បានបិតខិត្តប័ណ្ណនៅជុំវិញបរិវេណនៃមហាវិទ្យាល័យ Berklee នៅពេលដែលពលរដ្ឋចិនជាច្រើននៅជុំវិញពិភពលោកបានទទួលការជំរុញទឹកចិត្ត ដោយសារតែភាពក្លាហានរបស់បុរសម្នាក់ នៅទីក្រុងប៉េកាំង។ បុរសដែលមានឈ្មោះថា Peng Lifa បានបិទបដាបាតុកម្មធំៗនៅលើស្ពានមួយនៃដងផ្លូវដ៏មមាញឹកនៅក្នុងរដ្ឋធានីប៉េកាំង កាលពីខែតុលា ឆ្នាំ ២០២២ ដែលមានពាក្យស្លោកស្រដៀងទៅនឹងខិត្តប័ណ្ណរបស់នាង Zooey។
ពាក្យស្លោកខ្លះនៅលើបដាធំៗសរសេរថា «យើងមិនចង់បានមេដឹកនាំផ្ដាច់ការ យើងចង់បានការបោះឆ្នោត។ យើងមិនចង់បានបដិវត្តន៍វប្បធម៌ យើងចង់បានកំណែទម្រង់»។ ពាក្យស្លោកទាំងនេះធ្វើឡើងដើម្បីជំទាស់ទៅនឹងមេដឹកនាំចិនលោក Xi Jinping។
ពាក្យស្លោកដទៃទៀតដូចជា «យើងមិនចង់បានការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច យើងចង់បានអាហារសម្រាប់ហូប» និងពាក្យស្លោក« យើងមិនចង់បានការបិទខ្ទប់ ប៉ុន្តែយើងចង់បានសេរីភាព» បានបង្ហាញពីការតប់ប្រមល់របស់មនុស្សជាច្រើន ក្នុងពេលដែលចិនអនុវត្តវិធានការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ ដ៏តឹងរ៉ឹង។
លោក Peng ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់លោកបានចងព្យួរបដាតាំងនោះ ហើយបច្ចុប្បន្ននេះលោកបន្តជាប់ឃុំឃាំងនៅក្នុងទីតាំងមួយ ដែលមិនត្រូវបានបញ្ចេញឱ្យដឹង។ ប្រភពព័ត៌មានមួយចំនួនបានថ្លែងប្រាប់វីអូអេផ្សាយជាភាសាចិនកាលពីខែតុលា ឆ្នាំ ២០២៣ ថាអាជ្ញាធរមិនទាន់បានបញ្ចេញឯកសារផ្លូវច្បាប់ណាមួយ ពាក់ព័ន្ធនឹងរឿងនេះទេ ខណៈដែលក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់លោក ក៏មិនអាចជួលមេធាវីដើម្បីផ្ដល់ជំនួយផ្នែកច្បាប់សម្រាប់លោក។
យោងតាមគេហទំព័រផ្ទាល់ខ្លួនមួយជាភាសាចិនឈ្មោះ Weiquanwang ដែលបង្ហោះអំពីបច្ចុប្បន្នភាពនៃការរំលោភសិទ្ធិមនុស្សនិងករណីជាច្រើនទៀត នៅប្រទេសចិន លោក Peng បានឈានដល់ថ្ងៃខួបកំណើតអាយុ ៥០ នៅដើមខែនេះ ខណៈដែលលោកនៅក្នុងមន្ទីរឃុំឃាំងសម្ងាត់។ ទីតាំងដែលលោកកំពុងស្ថិតនៅនិងស្ថានភាពសុខភាពរបស់លោកមិនត្រូវបានគេដឹងនោះទេ។ នេះបើយោងតាមគេហទំព័រដដែល ដែលបានស្រង់សម្ដីប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ»៕
ប្រែសម្រួលដោយលោក នៀម ឆេង
វេទិកាបញ្ចេញមតិ