ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ហាម​ឃាត់​ពួក​និស្សិត​ចិន​​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ពួក​យោធា​ចិន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កំពុង​ដើរ​ទៅ​កាន់​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ មិថុនា។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កំពុង​ដើរ​ទៅ​កាន់​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ មិថុនា។

ការហាម​ឃាត់​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លើ​ពួក​និស្សិត​ចិន​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​យោធា​ចូល​ជាធរមាន​នៅ​សប្តាហ៍​នេះ​ ហើយ​សាកល​វិទ្យាល័យ​នានា​ នៅ​កំពុង​រក​មធ្យោបាយ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ដល់​សាកលវិទ្យាល័យ​អាមេរិកាំង​ និង​និស្សិត​ចិន​រាប់​ពាន់​នាក់។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ រារាំង​និស្សិតថ្នាក់​ក្រោយ​ឧត្តម​សិក្សា​និង​ពួក​អ្នក​ស្រាវ​ជ្រាវ​ចិន​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​មិន​ឲ្យ​ ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​ជា​ផ្នែក​នៃ​ការ​ខំប្រឹង​ប្រែង​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ឈប់​ចិន​កុំ​ឲ្យ​ប្រើ​ពួក​និស្សិត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​លួច​កម្មសិទ្ធ​បញ្ញា​និង​បច្ចេក​វិទ្យា​ពី​ប្រទេស​អាមេរិក។

មនុស្ស​ដែល​ជំទាស់​ប្រឆាំង​ការ​ហាម​ឃាត់​ថ្មី​នេះ និយាយ​ថា​ គោល​នយោបាយ​នេះ​ នឹង​ធ្វើ​ឲ្យ​អន់​ថយ​សមត្ថភាព​របស់​សាកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ការស្រាវ​ជ្រាវ​ ដោយសារ អ្នក​ជំនួយ​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា ​ជា​និស្សិត​អន្តរជាតិ ​ពួក​គេ​ជា​ច្រើន​មក​ពី​ប្រទេស​ចិន។ វិធានការ​នេះ​ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ហិរញ្ញ​វត្ថុ​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​និង​ការ​ប្រកួត​ប្រជែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ច្នៃ​ប្រឌិត​ខាង​វិទ្យាសាស្រ្ត។

បទ​បញ្ជា​ប្រធានាធិបតី​នេះ​ ផ្តល់​អំណាច​ឲ្យ​រដ្ឋ​មន្រ្តី​ការបរទេស​ដើម្បី​សម្រេច​ថា​តើ​និស្សិត​ណា​ដែល​ត្រូវ​ហាម​ឃាត់​នៅ​ក្រោម​វិធាន​ការ​ថ្មី​ ក៏ប៉ុន្តែ ​បទ​បញ្ជា​នេះ​ មិន​បាន​និយាយ​ជាក់​លាក់​ថា​តើ​និស្សិត​ណា​ដែល​ត្រូវ​រង​ផល​ប៉ះ​ពាល់​នោះ​ទេ។

ដោយ​ដក​ស្រង់​សម្តី​ពួក​មន្រ្តី​ដែល​មិន​ប្រាប់​ឈ្មោះ បណ្តាញព័ត៌មាន​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​ថា ការហាមឃាត់​នេះ​ដៅ​លើ​សាកលវិទ្យាល័យ​ដែល​ទាក់​ ទិន​នឹង​យោធា​ចំនួន​៧​នៅ​ក្នុង​ប្រទេស​ចិន រួម​មាន​សាកលវិទ្យាល័យ​ពហុបច្ចេក​វិទ្យា​ Northwestern សាកលវិទ្យាល័យ​វិស្វកម្ម Harbin វិទ្យាស្ថាន​បច្ចេក​វិទ្យា Harbin​ សាកល​វិទ្យាល័យ ​Beihang ​សាកលវិទ្យាល័យ​អាកាសចរណ៍​វិទ្យា និង​អាកាស​យានិក​វិទ្យា វិទ្យាស្ថាន​បច្ចេកវិទ្យា​ប៉េកាំង​ សាកលវិទ្យាល័យ​វិទ្យា​អាកាសចរណ៍​វិទ្យា និង​អាកាស​យានិកវិទ្យា ​Nanjing៕

XS
SM
MD
LG