ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​គាំទ្រ​កំណែ​ទម្រង់​អង្គការ​សុខភាព​ពិភពលោក ដែល​ដឹកនាំ​ដោយ​ប្រទេស​ជា​សមាជិក


រូបឯកសារ៖ បដាសម្គាល់អង្គការសុខភាពពិភពលោក (WHO) នៅទីស្នាក់ការ​កណ្តាលរបស់អង្គការនេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ បដាសម្គាល់អង្គការសុខភាពពិភពលោក (WHO) នៅទីស្នាក់ការ​កណ្តាលរបស់អង្គការនេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​មិ្សលមិញ​ថា ប្រទេស​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ត្រូវ​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​អង្គការ​នេះ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការ​សម្រេច​ណា​មួយ ​នៅ​ក្នុង​ការ​ផ្តល់​ថវិកា​បន្ថែម​ដល់​ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ​ផងដែរ។

មន្រ្តី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក​លោក Garrett Grigsby ដែល​ជា​ប្រធាន​គណៈ​ប្រតិភូ​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ក្រុមប្រឹក្សា​ភិបាល​ប្រតិបត្តិ​របស់​អង្គការ WHO នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា៖ «នេះ​ជា​ភារកិច្ច​របស់​យើង​នៅ​ក្នុង​ការ​ផ្តល់​ឲ្យ​អង្គការ WHO និង​ប្រព័ន្ធ​អន្តរជាតិ​ដ៏​ទូលំ​ទូលាយ​មួយ នូវ​មធ្យោបាយ​នានា​ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រសិទ្ធផល ឯករាជ្យ​ភាព និង​តម្លាភាព»។

លោក Grigsby បាន​ថ្លែង​បន្ត​តាម​រយៈ​សន្និសីទ​ជា​វីដេអូ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «យើង​ត្រូវ​ទៅ​ឲ្យ​ដល់​ឱកាស​នោះ បើ​ទោះបីជា​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​កំពុង​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​យើង​ក៏ដោយ»។

ទន្ទឹម​នឹង​នេះ​ដែរ បេសកជន​តំណាង​ចក្រភព​អង់គ្លេស ដែល​និយាយ​ក្នុង​នាម​ប្រទេស​អ្នក​មាន​ចំនួន ៧ (G7) បាន​បញ្ជាក់​ថា កំណែ​ទម្រង់​ណា​មួយ​ក៏ដោយ​របស់​អង្គការ WHO ចាំបាច់​ត្រូវ «ប្រកប​ដោយ​មហិច្ឆិតា​ផ្អែក​លើ​ភស្តុតាង​ដ៏​រឹងមាំ»៕

XS
SM
MD
LG