ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២

មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន (US-ASEAN Special Summit) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១២ដល់​១៣ ​ខែ​ឧសភា ​ខាង​មុខ។

០១:០៣ ១៣.៥.២០២២

កិច្ចប្រជុំ​កំពូល​អាមេរិក-​អាស៊ាន​ចាប់ផ្តើម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-​អាស៊ាន​រយៈពេល​២​ថ្ងៃចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនសហរដ្ឋ​អាមេរិក។​ នេះ​ជា​លើកទី១​ហើយ​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​មាន​ការ​ប្រជុំ​នៅ​វិមាន​សភា​ សេតវិមាន​និង​ក្រសួង​ការបរទេស។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​គឺ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ត្រូវ​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Joe Biden (ចូ បៃដិន)។​

ក្រុម​ផ្សាយ​របស់​វីអូអេ ដោយ​មាន លោក ម៉ែន​ គឹមសេង លោក​ សុខ​ ខេមរា​ លោក ប៉ូច​ រាសី និង​លោក ចាប ចិត្រា បាន​ចាប់ផ្តើម​ការផ្សាយ​ពិសេសនេះ​ផ្ទាល់​ពីបរិវេណ សេតវិមាន ដែល​ជា​វិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

០០:១៩ ១៣.៥.២០២២

មេដឹកនាំ​អាស៊ាន​ចូល​ជួប​ប្រធាន​រដ្ឋសភាសហរដ្ឋ​អាមេរិក

នៅ​វេលា​ម៉ោង​ ១១:៣០នាទី​ព្រឹក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន គេ​ឃើញ​វត្តមាន​មេដឹកនាំ​អាស៊ាន​ទាំង​ ៨ រូប​ រួមទាំង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន នៅ​វិមានសភា​អាមេរិក ក្នុង​ឱកាស​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​អាមេរិក និង​សមាជិក​រដ្ឋសភា​អាមេរិក​ផ្សេងៗ​ទៀត។ នេះ​ជា​ជំនួប​ផ្លូវការ​ដំបូង​គេបង្អស់​រវាង​មេដឹកនាំ​អាស៊ាន​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក នៅក្នុង​កិច្ច​ប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាន ដែល​មាន​រយៈពេល​ ២ ថ្ងៃ។

១០:០៣ ១២.៥.២០២២

ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​កាល​ពីថ្ងៃ​ពុធទី​១១ ខែ​ឧសភា ដោយ​ដក​ស្រង់​សម្តីមន្ត្រី​រដ្ឋាភិបាល​អាមេរិក​មួយ​រូបថា លោក​ប្រធានាធិបតី Joe Biden នឹង​មាន «ពេលវេលា​ឯកជន» ជាមួយ​មេដឹកនាំអាស៊ាន​និមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក្នុង​អំឡុង​កិច្ច​ប្រជុំកំពូល​ពិសេស​អាមេរិក-អាស៊ាននៅ​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​សប្តាហ៍​នេះ។ មន្ត្រី​រូប​នោះ​ក៏​បាន​បញ្ជាក់​ថា​ អាមេរិក​ក៏​កំពុង​ពិភាក្សា​ជាមួយអាស៊ាន​ចំពោះ​លទ្ធភាព​ទុក​ឱ្យ​អាសនៈ​មីយ៉ាន់ម៉ា​នៅ​ទំនេរ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេសរយៈពេល២ថ្ងៃនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ។

០៩:៣៦ ១២.៥.២០២២

ម៉ាឡេស៊ី​ស្នើ​ឱ្យអាស៊ាន​បើក​ច្រកទាក់ទង​ជាមួយរដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា ប៉ុន្តែ​របប​យោធា​ជំទាស់

នៅ​មុនកិច្ច​ប្រជុំ​ពិសេស​អាមេរិក-អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ ប្រទេស​ម៉ាឡេស៊ីបានស្នើឱ្យ​សមាគម​អាស៊ានទាក់ទងក្រៅ​ផ្លូវការជាមួយរដ្ឋាភិបាល​ស្រមោល​នៃប្រទេស​មីយ៉ាន់ម៉ា​ដែល​គេ​ហៅ​កាត់ថា NUG។ ប៉ុន្តែសំណើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ​ដោយរបប​យោធា​ដែលបាន​ដណ្តើម​អំណាច​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ាកាល​ពី​ឆ្នាំមុន។ សំណើ​របស់​ម៉ាឡេស៊ីនេះ​ ទំនងនឹង​ត្រូវ​គេ​លើក​ឡើង​នៅ​ក្នុងកិច្ចប្រជុំ​កំពូល​ពិសេសក្នុង​សប្តាហ៍​នេះ​ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ប្រជែង​ជាមួយ​នឹង​វិបត្តិ​និង​បញ្ហា​ផ្សេងៗ​របស់​អាស៊ាន​ ក៏​ដូច​ជា​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនកៀរគរ​ការ​គាំទ្រ​ពី​អន្តរជាតិ​ដល់​ប្រទេស​អ៊ុយក្រែន​ក្នុង​សង្គ្រាម​អ៊ុយក្រែន​ជាមួយ​នឹង​រុស្ស៊ី​ផង​ដែរ។ អាន​អត្ថបទ​ទាំង​ស្រុង

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG