អ្នកកាសែតខ្មែរអាមេរិកាំងម្នាក់រៀបរាប់អំពីការវាយប្រហារពីបុរសម្នាក់ ដែលគេសង្ស័យថា ជាអ្នកគាំទ្រលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) នៅពេលមានបាតុកម្មគាំទ្រនិងប្រឆាំងលោកប្រធានាធិបតី ត្រាំ ក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធកន្លងទៅ។ ការណ៍នេះ បានធ្វើឲ្យមានការថ្កោលទោស ហើយទាមទារឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់រឿងយាយីអ្នកកាសែត។
មកដល់សហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៩៣ ជាមួយឪពុកម្តាយដែលមានស្រុកកំណើត នៅបាត់ដំបង លោក ឌីម៉ាញ ឈួន (Dymanh Chhoun) អាយុ ៣៤ ឆ្នាំ គឺជាអ្នកកាសែតផ្នែកថតរូបម្នាក់ បម្រើការងារឲ្យស្ថានីយ៍ទូរទស្សន៍ល្បីល្បាញមួយឈ្មោះ WCCO-TV ក្នុងរដ្ឋមីនីសូតា។
កាលពីថ្ងៃពុធកន្លងទៅនេះ លោក ឌីម៉ាញ ត្រូវបានបញ្ជូនឲ្យទៅថតរូបនៅកន្លែង ដែលមានបាតុកម្មគាំទ្រលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ និងបាតុកម្មគាំទ្រលោក ចូ ប៊ៃឌិន (Joe Biden) បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ នៅជិតព្រលានយន្តហោះក្នុងសង្កាត់ Duluth ខាងជើងទីក្រុងភ្លោះនៃរដ្ឋមីនីសូតា ក្នុងចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ។
លោក ឌីម៉ាញ បានរងការវាយដោយបុរសវ័យចំណាស់ជាង ៥០ ឆ្នាំម្នាក់ ពេលលោកប្រើទូរស័ព្ទដៃថតរូបបុរស ដែលគេមិនស្គាល់អត្តសញ្ញាណ ហើយស្ថិតនៅក្នុងក្រុមបាតុករគាំទ្រលោក ត្រាំ ពេលបុរសនោះកំពុងតតាំងសម្តីជាមួយស្ត្រីម្នាក់ទៀត ដែលគេសង្ស័យថា ក្រុមបាតុករគាំទ្រលោក Joe Biden។
លោក ឌីម៉ាញ បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ដល់ខ្ញុំឃើញអីចឹងទៅ ខ្ញុំទៅថត យកតេឡេហ្វូនដៃទៅថត ដល់ទៅថតទៅ គាត់ឃើញ គាត់វាយកាមេរ៉ាខ្ញុំតែម្តង ធ្លាក់កាមេរ៉ាខ្ញុំ ខ្ញុំស្មានតែបែកហើយតែខ្ញុំអត់ខ្វល់ វាយកាមេរ៉ាខ្ញុំ វាយចំដៃខ្ញុំ ខ្ញុំលើកកាមេរ៉ាខ្ញុំថតទៀត។ គាត់សួរខ្ញុំធ្វើការឲ្យនរណាគេហេតុអីបានជាមកថតអីចឹង ខ្ញុំបង្ហាញ ផ្លាកឈ្មោះ (បណ្ណព័ត៌មាន )ខ្ញុំនៅមុខគាត់ហ្នឹង គាត់ឃើញ រួចគាត់ថា អត់ឲ្យថតទេ»។
លោកថា បុរសនោះមិនបានសុំទោសមុនចាកចេញក្រោយកើតហេតុបន្តិច ហើយមិត្តភក្តិដែលកាន់បដាគាំទ្រលោក ត្រាំ បានយកស្លាកគាំទ្រលោក ត្រាំ មកបិទកាមេរ៉ា មិនឲ្យថតដែរ។ លោក ឌីម៉ាញ ថា នៅឡានក្រហមរបស់បុរសនោះ ដែលលោកថតស្លាកលេខបាន មានដាក់ស្លាកគាំទ្រលោក ត្រាំនៅពីក្រោយ។ គ្មានការបញ្ជាក់ជាផ្លូវការ ឬភាគីគណបក្សសាធារណរដ្ឋថា បុរសនោះជាអ្នកគាំទ្រលោក ត្រាំ នោះទេ។
សមាគមអ្នកកាសែតអាស៊ីអាមេរិក Asian American Journalists Association (AAJA) បានថ្កោលទោសចំពោះការវាយអ្នកកាសែតផ្នែកថតរូបនៃទូរទស្សន៍ WCCO-TV ដែលកំពុងបំពេញកិច្ចការនៅទីសារធារណ:។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ សមាគម AAJA បានបញ្ជាក់តាមខ្លឹមសារដើមថា៖
«សមាគមអ្នកកាសែតអាស៊ីអាមេរិក រួមគ្នាគាំទ្រអ្នកសារព័ត៌មាន ហើយថ្កោលទោសចំពោះការគំរាមកំហែងនិងការវាយប្រហារ ដែលនាំឲ្យរំខានដល់សិទ្ធិអ្នកសារព័ត៌មានក្នុងការបំពេញកិច្ចការរបស់ពួកគេ ដោយមិនភ័យខ្លាចចំពោះសុវត្ថិភាព»។
សមាគមនេះបានទទូចដល់អាជ្ញាធរប៉ូលិសឲ្យស៊ើបអង្កេតចំពោះករណីនេះឲ្យបានដិតដល់ ទៅលើការវាយអ្នកកាសែតដែលកំពុងជួបប្រទះនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ នៅជួរមុខនេះ ដោយបានបញ្ជាក់តាមខ្លឹមសារដើមទៀតថា៖
«អ្នកសារព័ត៌មានមិនមែនជាសត្រូវទេ អ្នកសារព័ត៌មានដើរតួនាទីជាគ្រឹះដ៏សំខាន់ក្នុងលទ្ធិប្រជាធិបតេយ្យ ដោយផ្តល់ព័ត៌មានជូនសាធារណជន ហើយធ្វើឲ្យអ្នកមានអំណាចនិងស្ថាប័នរដ្ឋ មានការទទួលខុសត្រូវ។ ការគំរាមកំហែងណាមួយដល់សារព័ត៌មាន គឺជាការគំរាមដល់សង្គមសេរី ដល់សេរីភាពបញ្ចេញមតិ ហើយនិងវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញ»។
មន្ត្រីប៉ូលិសនៃសង្កាត់ Duluth រដ្ឋមីនីសូតា បានទទួលធ្វើកំណត់ហេតុចំពោះករណីវាយអ្នកកាសែតនេះ ហើយកំពុងស៊ើបអង្កេតដើម្បីស្វែងរកជនសង្ស័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់ស្ថាប័នប៉ូលិស Duluth។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា៖ «ការិយាល័យប៉ូលិសសង្កាត់ Duluth កំពុងស៊ើបអង្កតសំណុំរឿងនេះ។ ប្រសិនបើលោកអ្នកមានព័ត៌មាន សូមរាយការណ៍ព័ត៌មានមកកាន់លេខទូរស័ព្ទ ២១៨ ៧៣០ ៥០២០»។
បើតាមវីដេអូដែលគេបង្ហោះតាមគេហទំព័ររបស់ស្ថានីយទូរទស្សន៍ WCCO TV បានបង្ហាញថា បុរសស្បែកសមានមាឌធំខ្ពស់ និងមានអាយុលើស ៥០ ឆ្នាំ បានវាយលើអ្នកសារព័ត៌មាន ដែលកំពុងថតរូបលោក ហើយក៏បានដាច់ត្រឹមនោះដោយសារធ្លាក់ពីដៃ។
កាលពីម្សិលមិញ អតីតសមាជិកសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ Jason Lewisនិងជាបេក្ខជនសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបង្ហោះសារតាមបណ្តាញសង្គម Twitter ឡើងវិញនូវសារនិងរូបភាពបុរសអាមេរិកាំងស្បែកស ដែលបានវាយអ្នកការសែតបន្តពីលោក Guy Still ដែលជាអ្នកគ្រប់គ្រងនៃទូរទស្សន៍ WCCO TV ផ្នែកខាងចាត់បញ្ជូនអ្នកព័ត៌មាន រួមទាំងលោក ឌីម៉ាញ ឈួន ចុះទៅយកព័ត៌មានផងនោះ ហើយបានភ្ជាប់មកជាមួយនូវសារពីរឃ្លាខ្លីៗយ៉ាងច្បាស់ៗ។
នៅក្នុងសារនោះ លោកបានសរសេរអំពីការមិនសប្បាយចិត្តនឹងទង្វើវាយអ្នកសារព័ត៌មាន ដោយបានបញ្ជាក់ថា៖ «ជារឿងដែលខកចិត្តណាស់ ដែលបានឃើញការវាយអ្នកសារព័ត៌មានរបស់ទូរទស្សន៍WCCO គឺលោក ឌីម៉ាញ ឈួន (Dymanh Chhoun)។ បញ្ហានេះកំពុងស្ថិតនៅក្នុងការិយាល័យប៉ូលិសសង្កាត់ Duluth ដែលជារឿងគួរធ្វើដូច្នោះ»។
លោកបានបន្ថែមថា៖ «សេរីភាពព័ត៌មានត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយនោះគឺជារឿងដែលត្រូវយល់ដឹងនិងគោរព»។
លោក Dymanh Chhoun និយាយថា លោកចង់បានការគោរពពីក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតីទាំងពីរ ហើយផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានធ្វើការបម្រើសាធារណជន ដោយគ្មានការរំខាន ដោយដោយសេរី ដោយមិនលម្អៀង និងដោយមិនភ័យខ្លាច។
«អីចឹងពួកខ្ញុំចង់ឲ្យអ្នកធ្វើការធំៗហ្នឹង ត្រូវការជួយប្រាប់ប្រជាពលរដ្ឋផងថា កុំឲ្យធ្វើបាបអ្នកថតព័ត៌មាន កុំឲ្យធ្វើបាបអ្នកសរសរព័ត៌មាន កុំឲ្យធ្វើបាបអ្នកផ្សាយព័ត៌មាន នេះជាកិច្ចការដែលពួកខ្ញុំខំរៀនពីតូចដល់ធំ ធ្វើការខាងនេះ ព្រោះពួកខ្ញុំចូលចិត្ត។ ម្ល៉ោះហើយតែយើងមានមេខាងឆ្វេង ខាងស្តាំថា ឲ្យពួកខ្ញុំ មកធ្វើបាបពួកខ្ញុំ ពួកខ្ញុំសប្បាយចិត្តទេ ទៅធ្វើការ? មិនសប្បាយចិត្តទេ ភ័យ ព្រួយបារម្ភ ប្រពន្ធខ្ញុំពោះធំផង នៅពេលប្តីគេមកដល់ផ្ទះវិញ គេខឹងប៉ុណ្ណា»។
លោក ឌីម៉ាញ ដែលរៀនចប់មុខវិជ្ជាសារព័ត៌មាននៅសាកលវិទ្យល័យរដ្ឋមីនីសូតា ហើយធ្វើការជាអ្នកថតព័ត៌មានរយៈពេល ៨ ឆ្នាំមកហើយ រាប់ទាំងរយ:ពេល ៥ ឆ្នាំ ធ្វើការនៅក្នុងស្ថានីយ WCCO TV។
លោកទទូចដល់លោក ត្រាំ ដែលធ្លាប់វាយប្រហារចំៗដោយពាក្យសម្តីចំពោះអ្នកសារព័ត៌មានថា ផ្សាយព័ត៌មានក្លែងក្លាយ ក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោត កាលពីឆ្នាំ ២០១៦ និងជាបន្តបន្ទាប់ ក្រោយពេលលោកចូលកាន់តំណែងជាប្រធានាធិបតីហើយនោះ កុំឲ្យធ្វើបាបអ្នកសារព័ត៌មាន។
«នេះជារឿងដែលអ្នកធំៗ គេហៅថាប្រធានាធិតី President យើងត្រូវការប្រាប់ប្រជាពលរដ្ឋ។ ដូចខ្ញុំនិយាយអីចឹង មិនចាំបាច់ខាងឆ្វេងខាងស្តាំទេ ប្រាប់កុំឲ្យធ្វើបាបពួកខ្ញុំ។ ពួកខ្ញុំនៅសហរដ្ឋអាមេរិកនេះសេរីភាពថតបាន ធ្វើអ្វីៗបានទាំងអស់ធ្វើម៉េច កុំឲ្យប៉ះពួកខ្ញុំ កុំឲ្យវាយពួកខ្ញុំ នេះជាច្បាប់កើតឡើងតាំងពីដើម ច្បាប់គេបង្កើតយូរណាស់ហើយ»។
លោកទទូចដូច្នេះ ដោយសារលោកក៏ធ្លាប់ចូលរួមថតយកព័ត៌មានក្នុងកម្មវិធីលោក ត្រាំ ហើយនៅនឹងមុខពេលលោក ត្រាំ វាយប្រហារអ្នកសារព័ត៌មានក្នុងរដ្ឋមីនីសូតា។
ក្រុមបាតុករគាំទ្រជាច្រើននិងប្រឆាំងលោកប្រធានាធិបតី ត្រាំ កើតឡើង នៅពេលលោកប្រធានាធិបតី ត្រាំ បានធ្វើដំណើរទៅកាន់រដ្ឋមីនីសូតា កាលពីថ្ងៃពុធ ដើម្បីចូលរួមក្នុងកម្មវិធីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក ក្នុងសង្កាត់ Duluth បន្ទាប់ពីការដេញដោលដ៏ចម្រូងចម្រាស ជាមួយនឹងគូប្រជែងរបស់លោកនៃគណបក្សប្រជាធិបតេយ្យគឺលោក Joe Biden។
អ្នកកាសែតខ្មែរអាមេរិកាំង Dymanh Chhoun ស្ថិតក្នុងចំណោមអ្នកកាសែតប្រមាណ ៤០០ នាក់ ក្នុងសហរដ្ឋអាមេរិក ដែលត្រូវអង្គការសមាគមអ្នកកាសែតសហរដ្ឋអាមេរិក អះអាងថា រងគ្រោះដោយការយាយី ចាប់តាំងពីមានបាតុកម្មពាសពេញប្រទេស បន្ទាប់ពីការស្លាប់របស់លោក George Floyd ក្រោមសមត្ថកិច្ចប៉ូលិស ក្រោយពេលប៉ូលិសបានចាប់លោក Floyd ក្នុងបទសង្ស័យថាបានយកលុយក្លែងក្លាយ ២០ ដុល្លារទៅទិញបារី ហើយប៉ូលិសម្នាក់បានយកជង្គង់សង្កត់កលោក អស់ជាង ៨ នាទីក្នុងរដ្ឋមីនីសូតា កាលពីចុងខែឧសភា៕