សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយថ្មីដល់ជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) កាន់សាសនាឥស្លាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើននៃអ្នកទាំងនោះបានរត់គេចពីអំពើហិង្សាទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង ឬទៅកាន់ទីកន្លែងផ្សេងនៅក្នុងប្រទេស។
ជនភៀសខ្លួនរាប់សែននាក់បានរត់គេចពីអំពើហិង្សានិងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៧។
ជំនួយបន្ថែមចំនួន ១៥៥ លានដុល្លារអាមេរិកនឹងត្រូវប្រើដើម្បីទ្រទ្រង់ «កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នៅក្នុងការផ្គត់ផ្គង់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិងសហគមន៍ដែលផ្ដល់ទីជម្រកដល់ជនភៀសខ្លួនទាំងនេះនៅក្នុងប្រទេសបង់ក្លាដែស ក៏ដូចជាជាតិសាសន៍រ៉ូហ៊ីងយ៉ាដែលខ្ចាត់ព្រាត់ពីទីលំនៅនៅក្នុងប្រទេសនិងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្សេងទៀតនៅមីយ៉ាន់ម៉ាផងដែរ»។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែឧសភាកន្លងទៅនេះ។
លោក Blinken បាននិយាយថា៖ «ជំនួយរបស់សហរដ្ឋអាមេរិកនឹងជួយបំពេញតម្រូវការបន្ទាន់របស់ជនភៀសខ្លួនជិត ៩០០.០០០ នាក់នៅក្នុងប្រទេសបង់ក្លាដែសដែលបានរត់គេចពីអំពើហិង្សាដ៏ឃោរឃៅនៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានទាំងស្ត្រីនិងកុមារផងដែរ»។
លោកបានបញ្ជាក់ថា ជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីឆ្នាំ ២០១៧ មក ឥឡូវមានជាង ១ ពាន់ ៣ រយលានដុល្លារអាមេរិក។
លោក Blinken ថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកទទួលស្គាល់នូវការចំណាយនិងការទទួលខុសត្រូវដែលប្រទេសម្ចាស់ផ្ទះរងបន្ទុកក្នុងការឆ្លើយតបចំពោះបញ្ហានេះ ជាពិសេសប្រទេសបង់ក្លាដែស។ យើងនឹងបន្តគាំទ្រប្រទេសទាំងអស់នៅក្នុងតំបន់ដែលផ្តល់អាទិភាពលើការការពារជនភៀសខ្លួនរ៉ូហ៊ីងយ៉ា»។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានបញ្ជាក់ថា ខ្លួនកំពុងស្វែងរកជំនួយចំនួន ៩៤៣ លានដុល្លារអាមេរិក ដើម្បីផ្តល់ឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៨៨០.០០០ នាក់ និងប្រជាពលរដ្ឋបង់ក្លាដែសចំនួន ៤៧២.០០០ នាក់នៅក្នុងសហគមន៍នានាដែលផ្ដល់ទីជម្រកដល់ជនភៀសខ្លួនទាំងនោះ។
ស្ថានការណ៍បច្ចុប្បន្នហាក់ដូចជាបង្ហាញថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទំនងជាមិនអាចត្រឡប់ទៅកាន់មាតុភូមិរបស់ពួកគេវិញបានទេក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែប្រទេសមីយ៉ាន់ម៉ាកំពុងមានវិបត្តិនយោបាយនិងសង្គម បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងមក។
លោក Blinken បាននិយាយថា មន្ត្រីយោធាជាច្រើនដែលពាក់ព័ន្ធនឹងរដ្ឋប្រហារនោះក៏មានចំណែកក្នុងការធ្វើទុក្ខបុកម្នេញដល់ជាតិសាសន៍រ៉ូហ៊ីងយ៉ាផងដែរ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ