ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋទូត​អាមេរិក​ស្ដីទី​ប្រចាំ​អ៊ុយក្រែន​បញ្ជាក់​ថា លោក Trump ពិតជា​មាន​ការ​ដោះដូរ​ប្រយោជន៍​ជាមួយ​នឹង​អ៊ុយក្រែន


រូបឯកសារ៖ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ស្ដី​ទី​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក William B. Taylor
រូបឯកសារ៖ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ស្ដី​ទី​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក William B. Taylor

សក្ខីកម្ម​របស់​លោក​គឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក Trump ដែល​ថា​គ្មាន «ការ​ដោះដូរ​ប្រយោជន៍» ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​នោះ។

មន្ត្រី​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​ប្រាប់​រដ្ឋសភា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា មាន​គេ​ប្រាប់​លោក​ថា សេតវិមាន​ប្រធានាធិបតី​នឹង​ផ្ដល់​ជំនួយ​យោធា​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន ក្នុង​ករណី​តែ​ប្រទេស​នេះ​សន្យា​ជា​សាធារណៈ​ថា​នឹង​ស៊ើប​អង្កេត​លើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ក៏​ដូចជា​លើ​លោក Joe Biden ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​មួយ​រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លើ​កូន​ប្រុស​របស់​លោក Biden តែ​ប៉ុណ្ណោះ។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ស្ដី​ទី​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក William B. Taylor បាន​ផ្ដល់​សក្ខីកម្ម​បិទ​ទ្វារ​ដល់​រដ្ឋសភា​អំពី​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។ សក្ខីកម្ម​របស់​លោក​គឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក Trump ដែល​ថា​គ្មាន «ការ​ដោះដូរ​ប្រយោជន៍» ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​នោះ។

លោក Taylor បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​បើក​របស់​លោក​ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Gordon Sondland ដែល​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ផ្នែក​ថវិកា​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump។ លោក Gordon Sondland បាន​ផ្ដល់​សក្ខីកម្ម​ដល់​រដ្ឋសភា​កាល​ពី​សប្ដាហ៍​មុន​រួច​ហើយ។

លោក Taylor បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ក្នុង​ពេល​និយាយ​តាម​ទូរស័ព្ទ លោក​ឯក​អគ្គរដ្ឋទូត Sondland បាន​ប្រាប់​ខ្ញុំ​ថា លោក​ប្រធានាធិបតី Trump បាន​ប្រាប់​គាត់​ថា លោក​ចង់​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy និយាយ​ជា​សាធារណៈ​ថា ប្រទេស​អ៊ុយក្រែន​នឹង​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន Burisma [ដែល​ជា​ក្រុមហ៊ុន​ឧស្ម័ន​របស់​អ៊ុយក្រែន] និង​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា​អ៊ុយក្រែន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦»។

លោក Joe Biden និង​លោក Hunter ដែល​ជា​កូន​ប្រុស​របស់​លោក​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នាយក​នៃ​ក្រុមហ៊ុន Burisma នេះ។ លោក Trump បាន​ចោទ​ប្រកាន់​ថា នៅ​ពេល​ដែល​លោក Biden ធ្វើ​ជា​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​បាន​គំរាម​ព្យួរ​កម្ចី​ដែល​ធានា​សម្រាប់​ប្រទេស​អ៊ុយក្រែន រហូត​ទាល់តែ​ដល់​ពេល​ដែល​អ៊ុយក្រែន​បាន​បញ្ឈប់​ការ​ស៊ើប​អង្កេត​អំពី​អំពើ​ពុករលួយ​កាល​ពី​លើក​មុន​របស់​ក្រុមហ៊ុន Burisma នេះ។

ប៉ុន្តែកន្លង​មក​គេ​មិន​ដែល​ឃើញ​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ពី​អំពើ​ពុករលួយ​ដែល​ប្រព្រឹត្តិ​ដោយ​លោក Biden និង​កូន​ប្រុស​របស់​លោក​នោះ​ទេ។ ហើយ​ការ​ចោទ​ប្រកាន់​ដែល​ថា អ៊ុយក្រែន​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ ដើម្បី​ជួយ​គណបក្ស​ប្រជាធិបតេយ្យ​នោះ គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​ផ្អែក​លើ​ទ្រឹស្ដី​ឃុបឃិត​ស្វែង​រក​ការ​ពិត​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG