សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកំពុងបង្កើនសំឡេងអំំពីគោលបំណងរបស់ពួកគេនៅក្នុងការវាយបកប្រឆាំងនឹងប្រទេសចិនលើឆាកអន្តរជាតិ ដែលចំណុចនេះគឺស្របជាមួយនឹងគោលបំណងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងការទប់ទល់នឹងរដ្ឋាភិបាលក្រុងប៉េកាំង ទោះបីជានៅមានការខ្វែងគំនិតគ្នាជាបន្តអំពីវីធីដែលត្រូវធ្វើក៏ដោយ។
សម្ព័ន្ធមិត្តអាមេរិកជាពិសេសសហភាពអឺរ៉ុបបាននិយាយថា ពួកគេកំពុងចាត់វិធានការកាន់តែខ្លាំងក្លាជាងមុននៅក្នុងការដោះសា្រយការព្រួយបារម្ភនានាទាក់ទិននឹងការប៉ុនប៉នរបស់ក្រុមហ៊ុនចិនមួយចំនួនដូចជាក្រុមហ៊ុន Huawei ជាដើម នៅក្នុងការគ្រប់គ្រងលើបណ្តាញចល័ត 5G ក៏ដូចជាលើបញ្ហាមនុស្សធម៌នានា ដូចជាទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងទីក្រុងហុងកុង និងលើជាតិសាសន៍ភាគតិច Uighur ជាដើម។
ប៉ុន្តែសម្ព័ន្ធមិត្តមួយចំនួនគាំទ្រឲ្យមានការឆ្លើយតបជាមួយចិនក្នុងកម្រិតល្មម ដោយមិនត្រូវប្រកាន់យកនូវវិធីធ្ងន់ធ្ងរពេកដូចអ្វីដែលពួកគេបានឃើញរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើកន្លងមកទៅលើប្រទេសចិននោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ អ្នកស្រី Annegret Kramp-Karrenbauer បានថ្លែងប្រាប់អ្នកចូលរួមក្នុងវេទិកាស្ដីពីរឿងការពារជាតិរបស់សហភាពអឺរ៉ុបតាមអនឡាញកាលពីពេលថ្មីៗនេះថា៖ «វាជាការងាយស្រួល ហើយផ្តល់ឲ្យអ្នកនូវអារម្មណ៍ល្អ ប្រសិនបើអ្នកប្រើពាក្យធ្ងន់ៗ ប៉ុន្តែយើងដឹងថាវិធីនេះ ជារឿយៗបានរារាំងដល់រាល់ទំនាក់ទំនង និងរាល់ឥទ្ធិពលដែលអាចមាន»។
អ្នកស្រី Kramp-Karrenbauer ក៏បានលើកឡើងពីភាពចាំបាច់នៅក្នុងការតតាំងជាមួយនឹងប្រទេសចិនលើបញ្ហាលំបាកមួយចំនូនផងដែរ ដោយនៅតែរក្សាការប្រឡូក និងមិនត្រូវដកខ្លួនចេញនោះទេ។
អ្នកស្រី Kramp-Karrenbauer បានលើកឡើងកាលពីពេលថ្មីៗនេះក្នុងន័យរិះគន់លើសហរដ្ឋអាមេរិកដែលសម្រេចដកខ្លួនចេញពីសមាជិកភាពអង្គការសុខភាពពិភពលោក យ៉ាងដូច្នេះថា៖ «ប្រសិនបើយើងមើលឃើញថា ចិនព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួនទៅលើអង្គការអន្តរជាតិនានា ដោយមិនគិតពីប្រយោជន៍ប្រទេសផ្សេង ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះ នោះយើងមិនត្រូវធ្វើឲ្យអង្គការទាំងនោះចុះខ្សោយនោះទេ។ ផ្ទុយទៅវិញ យើងត្រូវប្រឡូកឲ្យបានខ្លាំងជាងមុននៅក្នុងអង្គការទាំងនោះ»។
មន្រ្តីដទៃទៀតបានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងប្រទេសចិន ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា។
លោក Radek Sikorski ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប-សហរដ្ឋអាមេរិកនៃសភាអឺរ៉ុប បានបញ្ជាក់នៅក្នុងវេទិកានោះថា៖ «យើងគួរធ្វើការឲ្យបានដិតដល់លើរឿងនេះ។ សង្គ្រាមមុខព្រួញពីរសម្រាប់សហរដ្ឋអាមេរិកជាមួយអឺរ៉ុបនិងចិនក្នុងពេលតែមួយជាគំនិតមួយមិនល្អនោះទេ»។
ការលើកឡើងរបស់មន្រ្តីសហភាពអឺរ៉ុបនានាបានធ្វើឡើងស្របពេលដែលមន្រ្តីអាមេរិកាំងបានព្រមានម្ដងហើយម្ដងទៀតថា កិច្ចប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងការទប់ទល់នឹងចិននោះ នឹងបន្តបង្កើនកម្តៅថែមទៀត។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី ៨ ខែកក្កដាថា៖ «អ្នកនឹងមើលឃើញនូវវិធានការជាក់ស្តែងសំខាន់ៗមួយចំនួនទាក់ទិននឹងចិននៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខនេះ»។ លោក O'Brien បានសំដៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន និងការបង្រ្កាបផ្នែកសនិ្តសុខកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងទីក្រុងហុងកុង។
លោកបញ្ជាក់ដូច្នេះថា៖ «អ្វីដែលគណបក្សកុម្មុយនីស្តចិនកំពុងធ្វើមិនមែនត្រឹមតែប៉ះពាល់នៅក្នុងទីក្រុងហុងកុងប៉ុណ្ណោះទេ គឺវាប៉ះពាល់ដល់មនុស្សមនុស្សគ្រប់គ្នា។ វាប៉ះពាល់ដល់របៀបដែលយើងដំណើរការនៅក្នុងសហរដ្ឋអាមេរិក។ យើងមិនបណ្តោយឲ្យរឿងទាំងនេះកើតឡើងនោះទេ»។
សារព្រមានរបស់លោក O’Brien បានកើតឡើងបន្ទាប់ពីមានការលើកឡើងស្រដៀងគ្នានេះកាលពីមួយថ្ងៃមុនរបស់ប្រធានទីភ្នាក់ងារ FBI លោក Christopher Wray។ លោក Wray បានហៅប្រទេសចិនថាជាការគំរាមកំហែងចំពោះ «សុខភាព ជីវភាព និងសន្តិសុខរបស់សហរដ្ឋអាមេរិក»។
លោក Wray បានបញ្ជាក់នៅក្នុងកិច្ចប្រជុំតូចមួយកាលពីថ្ងៃទី ៧ ខែកក្កដាកន្លងទៅនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ប្រទេសចិនកំពុងធ្វើសកម្មភាពខ្លាំងក្លា ដើម្បីឲ្យបានក្លាយជាមហាអំណាចតែមួយគត់នៅលើពិភពលោកតាមគ្រប់មធ្យោបាយចាំបាច់ទាំងអស់។ នៅពេលដែលប្រទេសចិនរំលោភច្បាប់ព្រហ្មទណ្ឌរបស់យើងនិងច្បាប់អន្តរជាតិដទៃទៀត យើងនឹងមិនអត់ធ្មត់បាននោះទេ»៕
ប្រែសម្រូលដោយលោក ជ្រា វណ្ណារិទ្ធ