ប្រទេសចិនបង្កើតប្រព័ន្ធផ្កាយរណប BeiDou សម្រាប់រកទីតាំងដោយខ្លួនឯង ដើម្បីប្រជែងជាមួយនឹងប្រព័ន្ធ GPS របស់សហរដ្ឋអាមេរិក និងកំពុងផ្ដល់សេវាដែលគ្របដណ្ដប់ទូទាំងពិភពលោក ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានត្រឹមត្រូវនិងឆាប់រហ័ស ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចទំនើប។
ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានលើកឡើងថា ប្រព័ន្ធនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៩៤ ហើយឥឡូវនេះកំពុងត្រូវបានប្រើប្រាស់ដោយប្រទេសនានាជាងពាក់កណ្ដាលពិភពលោក ហើយប្រព័ន្ធបង្ហាញផ្លូវរបស់ចិនត្រូវបាននាំចេញទៅកាន់ជាង ១២០ ប្រទេសទូទាំងពិភពលោក។
ដូចប្រព័ន្ធ GPS ដែរ សេវាកម្មទាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃជាសាធារណៈ។ ប៉ុន្តែអ្នកជំនាញផ្នែកបច្ចេកទេសបាននិយាយថា ភាពខុសគ្នារវាងប្រព័ន្ធ GPS របស់អាមេរិក និងប្រព័ន្ធBeiDou របស់ចិនគឺប្រព័ន្ធការពារសន្តិសុខ។
ហានិភ័យសន្តិសុខ
ប្រព័ន្ធផ្កាយរណបបង្ហាញផ្លូវធំៗនៅក្នុងពិភពលោក មានដូចជា GPS ប្រព័ន្ធ GLONASS របស់រុស្ស៊ី និងប្រព័ន្ធ Galileo របស់អឺរ៉ុប ដែលភាគច្រើនដើរតួនាទីជាឧបករណ៍ផ្ដល់សញ្ញាឲ្យឧបករណ៍រាប់ពាន់លានផ្សេងទៀតប្រើប្រាស់ ដើម្បីកំណត់ទីតាំងច្បាស់លាស់របស់ឧបករណ៍ទាំងនោះនៅលើផែនដី។
BeiDou គឺជាប្រព័ន្ធទំនាក់ទំនងសម្រាប់មុខងារពីរ ដែលអនុញ្ញាតឲ្យវាកំណត់នូវទីតាំងរបស់អ្នកទទួលសញ្ញា។ ឧបករណ៍ប្រើប្រព័ន្ធ BeiDou អាចបញ្ជូនទិន្នន័យត្រឡប់ទៅផ្កាយរណបវិញ ដែលសូម្បីតែការផ្ញើសារជាអក្សរ អាចធ្វើទៅបានរហូតដល់ ១២០០ តួអក្សរចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV បានឲ្យដឹងកាលពីខែមុនថា៖ «នៅក្នុងភាសាសាមញ្ញ អ្នកមិនត្រឹមតែអាចដឹងពីទីតាំងរបស់អ្នកនៅក្នុងប្រព័ន្ធ BeiDou ប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងអាចប្រាប់អ្នកដទៃពីទីតាំងរបស់អ្នកនៅក្នុងប្រព័ន្ធនេះផងដែរ»។
សមត្ថភាពនេះបានបង្កឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខយ៉ាងខ្លាំង។ លោកបណ្ឌិត Larry Wortzelស្នងការនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខសហរដ្ឋអាមេរិក – ចិន ហៅកាត់ថា USCCបានប្រាប់ VOA ថា៖ «តាមដែលខ្ញុំដឹង រាល់ឧបករណ៍ចល័តទាំងអស់អាចត្រូវបានគេតាមដានបាន ព្រោះពួកវាជានិច្ចកាលទាក់ទងជាមួយអង់តែន និងផ្កាយរណប»។
លោកបណ្ឌិត Wortzel បន្ថែមថា៖ «ដូច្នេះដូចនៅក្នុងសហរដ្ឋអាមេរិកអញ្ចឹង មានការព្រួយបារម្ភថា ប៉ូលិស ឬភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធ អាចតាមដានមនុស្សតាមទូរស័ព្ទរបស់ពួកគេ ហើយវាអាចកើតឡើងបាន។ ការពិតដូចគ្នាគឺថា ទូរស័ព្ទពឹងលើប្រព័ន្ធ BeiDou ប្រព័ន្ធ Glonass និងប្រព័ន្ធ Galileo។ សំណួរគឺថា តើអ្នកបារម្ភថាតើអ្នកណាជាអ្នកតាមដានអ្នក»?
ច្បាប់ត្រូវបានអនុម័តដោយរដ្ឋសភាតៃវ៉ាន់កាលពីឆ្នាំ ២០១៦ ក៏បានកត់សម្គាល់ថា សមត្ថភាពរបស់ការទំនាក់ទំនងសម្រាប់មុខងារពីរអាចត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារតាមអ៊ីនធឺណិត។ ច្បាប់នេះបានកំណត់ថា បុគ្គលិករដ្ឋាភិបាលអាចជៀសវាងការប្រើប្រាស់ស្មាតហ្វូន ដែលពឹងផ្អែកលើប្រព័ន្ធ BeiDou សម្រាប់ប្រព័ន្ធរកផ្លូវលើទូរស័ព្ទរបស់ពួកគេ។
ការសិក្សាមួយរបស់ USCC កាលពីឆ្នាំ ២០១៧ ក៏បានរកឃើញថា ប្រព័ន្ធនេះអាចក្លាយជាកន្លែងមួយសម្រាប់ការវាយប្រហារនានា។ «ប្រព័ន្ធ BeiDou អាចបង្កឲ្យមានហានិភ័យសន្តិសុខ តាមរយៈការអនុញ្ញាតឲ្យរដ្ឋាភិបាលចិន តាមដានអ្នកប្រើប្រាស់ប្រព័ន្ធនេះ ដោយដាក់សញ្ញាតាមដាន ឬ Malware ក្នុងប្រព័ន្ធបង្ហាញផ្លូវ ឬមុខងារផ្ញើសារជាអក្សរ (តាមរយៈប៉ុស្តិ៍ទំនាក់ទំនងផ្កាយរណប) នៅពេលដែលបច្ចេកវិទ្យាត្រូវបានគេប្រើប្រាស់ទូលំទូលាយ»។
ប៉ុន្តែរបាយការណ៍នេះក៏បានឲ្យដឹងផងដែរថា អ្នកជំនាញនៅក្នុងវិស័យនេះកន្លងមកបាននិយាយថា ពួកគេមិនបានដឹងពីវិធីដាក់សញ្ញាតាមដាន ឬ Malware នៅក្នុងប្រព័ន្ធស្វែងរកទីតាំងនោះទេ។
អាស្រ័យលើទីកន្លែងផលិតរបស់ទូរស័ព្ទ និងតើមីក្រូឈីបប្រភេទណាដែលទូរស័ព្ទនោះប្រើ «សញ្ញាតាមដាន ឬ Malware អាចនឹងបានគេដាក់នៅក្នុងឈីប»។ នេះបើតាមសម្ដីរបស់លោកបណ្ឌិត Wortzel ថែ្លងប្រាប់ VOA។ ហើយលោក បណ្ឌិត Wortzel បានបន្ថែមនូវគំនិតផ្ទាល់ខ្លួន ដែលមិនពាក់ព័ន្ធនឹង USCC ថា៖ «នេះជាហេតុផលដែលសហរដ្ឋអាមេរិកបារម្ភពីឧបករណ៍ និងប្រព័ន្ធរបស់ក្រុមហ៊ុន Huawei ក៏ដូចជាកុំព្យូទ័ររបស់ក្រុមហ៊ុន Lenovo»។
ប្រជែងនឹង GPS របស់សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកជាយូរណាស់មកហើយជាអ្នកនាំមុខគេនៅក្នុងពិភពលោកក្នុងផ្នែកកំណត់ទីតាំងតាមប្រព័ន្ធផ្កាយរណប ដោយប្រើប្រព័ន្ធ GPS។
នៅក្នុងឆ្នាំ ១៩៩៦ ក្នុងអំឡុងវិបត្តិច្រកដែនសមុទ្រតៃវ៉ាន់ ប្រទេសចិនបានបាញ់មីស៊ីលបីគ្រាប់ទៅកាន់ច្រកដែនសមុទ្ររបស់តៃវ៉ាន់ជាការព្រមាន។ ស្របពេលដែលគ្រាប់មីស៊ីលដំបូងបានបាញ់ចំគោលដៅដូចការគ្រោងទុក កងទ័ពរំដោះប្រជាជន (PLA) បាត់ដានពីគ្រាប់មីស៊ីលពីរគ្រាប់ផ្សេងទៀត។ ប្រទេសចិនបានអះអាងថា សហរដ្ឋអាមេរិកបានកាត់ផ្ដាច់សញ្ញា GPS ទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលចិនប្រើប្រាស់ដើម្បីតាមដានគ្រាប់មីស៊ីល។ ព្រឹត្តិការណ៍នោះ បានជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំង បង្កើតប្រព័ន្ធផ្កាយរណបកំណត់ទីតាំងជាសកលដោយខ្លួនឯង។
ប្រមាណជិត ២៥ឆ្នាំក្រោយមក ប្រព័ន្ធ BeiDou ឥឡូវនេះកំពុងតែព្យាយាមប្រកួតប្រជែងយកតួនាទីដ៏លេចធ្លោរបស់ ប្រព័ន្ធ GPS។ បើនិយាយពីទំហំ វាបានយកឈ្នះគូប្រជែងអាមេរិកបាត់ទៅហើយ។ នៅចុងខែមិថុនា ប្រព័ន្ធBeiDou មានផ្កាយរណបចំនួន ៣៥ នៅក្នុងប្រតិបត្តិការ បើប្រៀបធៀបជាមួយផ្កាយរណបរបស់ GPS មានតែ ៣១ ប៉ុណ្ណោះ។
ប្រព័ន្ធ BeiDou ត្រូវបានបង្កើតជាផ្លូវការនៅក្នុងឆ្នាំ ១៩៩៤។ ប្រព័ន្ធនេះត្រូវបានគេចាត់ទុកថាជាកម្មវិធីអវកាស «ធំបំផុត» និងដំបូងបំផុតដែលចិនបានបង្កើតឡើង។ គិតត្រឹមពីរឆ្នាំកន្លះមុន មានអ្នកវិទ្យាសាស្ត្រ និងវិស្វករជាង ៣០ម៉ឺននាក់មកពីវិទ្យាស្ថាន និងសាជីវកម្ម ជាង៤០០ កន្លែងផ្សេងៗគ្នា ចូលរួមចំណែកនៅក្នុងកម្មវិធីនេះ។ ជាមួយនឹងបច្ចេកវិទ្យា 5G ប្រព័ន្ធ BeiDou ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងហៅថាជា «សសរស្ដម្ភពីរនៃមហាអំណាចមួយ»។
លោក Yang Changfeng ប្រធានផ្នែករចនាប្រព័ន្ធ BeiDou បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV កាលពីខែមុនថា ប្រទេសចិនឥឡូវនេះកំពុងប្រែខ្លួនពីប្រទេសដ៏សំខាន់មួយក្នុងទីអវកាស ទៅជាមហាអំណាចក្នុងទីអវកាសយ៉ាងពិតប្រាកដ»។
លោកបណ្ឌិត Meneut បាននិយាយថា៖ «ការលេចឡើងនៃប្រព័ន្ធ GPS «BeiDou» របស់ចិន មិនមែនជាគូប្រជែងធម្មតាមួយក្នុងសេវាកម្មកំណត់ទីតាំងជាមួយសហរដ្ឋអាមេរិកនោះទេ។ វាគឺជាគូប្រជែងផ្នែកយុទ្ធសាស្រ្ត៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា