ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​នឹង​ជំរុញ​ឱ្យ​ឥណ្ឌា​​ខិត​​ទៅ​រក​អាមេរិកកាន់​តែ​ជិត​ឡើង


អ្នក​គាំទ្រ​ក្រុមប្រឹក្សា​ហិណ្ឌូ​ពិភពលោក​កាន់​បដា​ដែល​មាន​រូប​ក្តារមឈូស​របស់​ទាហាន​ឥណ្ឌា ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ចិន ក្នុង​ពេល​តវ៉ា​មួយ​នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។
អ្នក​គាំទ្រ​ក្រុមប្រឹក្សា​ហិណ្ឌូ​ពិភពលោក​កាន់​បដា​ដែល​មាន​រូប​ក្តារមឈូស​របស់​ទាហាន​ឥណ្ឌា ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ចិន ក្នុង​ពេល​តវ៉ា​មួយ​នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

គេ​មិន​ទាន់​ដឹង​ថា​តើ​ស្ថានភាព​តានតឹង​ចុងក្រោយ​​​នេះ​ដែល​បាន​នាំ​ឱ្យ​មាន​ការ​ពង្រាយ​ទ័ព​ និង​សម្ភារៈ​យោធា​យ៉ាង​ច្រើន​​នៅ​តាម​បណ្តោយ​ព្រំដែន​រួម​ រវាង​ឥណ្ឌា និង​ចិន នឹង​កាន់​តែ​តានតឹង​ទៀត ​ឬ​ត្រូវ​បាន​ដោះស្រាយ​បាន​តាម​មធ្យោបាយ​ការទូត។

ការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​ឥណ្ឌា​និង​ចិន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដែល​បាន​បណ្តាល​ឱ្យ​ទាហាន​ឥណ្ឌា​២០​នាក់​ស្លាប់​នោះ ជា​ការ​បះទង្គិច​ហិង្សា​ធ្ងន់ធ្ងរ​បំផុត​រវាង​ចិន​និង​ឥណ្ឌា​ក្នុង​រយៈ​ពេល​ជិត​៥០​ឆ្នាំ។ អ្នក​វិភាគ​និយាយ​ថា ព្រឹត្តិការណ៍​នេះ​នឹង​ជា​របត់​មួយ​ដែល​នឹង​ជំរុញ​ឱ្យ​ឥណ្ឌា​ត្រូវ​ពិចារណា​អំពី​មធ្យោយនានា​ដែល​ខ្លួន​មាន​ដើម្បី​ឆ្លើយ​តប​នឹង​ចិន រួម​ទាំង​ការពង្រឹង​ទំនាក់ទំនង​កាន់​តែ​ខ្លាំង​ជាមួយ​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​ដែល​ប្រឆាំង​នឹង​ចិន។

ជម្លោះ​ព្រំដែនតានតឹង​កាន់​តែ​កើន​ឡើង​រវាង​ឥណ្ឌា​ និង​ចិន​អំពី​ដែនដី​ត្រួត​ស៊ី​គ្នា​ដែល​ទាមទារ​ដោយ​ប្រទេស​ទាំង​ពី​នៅ​តំបន់​ទឹកកក​លើ​ជួរ​ភ្នំ​ហេមពាននឹង​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​ញូវដែលី​កាន់​តែស្រវ៉ា​ទៅ​ពង្រឹង​ទំនាក់ទំនង​របស់​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ជប៉ុន ​និង​អូស្ត្រាលី ខណៈ​ដែល​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​កាន់​តែ​ដុនដាប​ទៅ។

គេ​មិន​ទាន់​ដឹង​ថា​តើ​ស្ថានភាព​តានតឹង​ចុងក្រោយ​នេះ​ដែល​បាន​នាំ​ឱ្យ​មាន​ការ​ពង្រាយ​ទ័ព​ និង​សម្ភារៈ​យោធា​យ៉ាង​ច្រើននៅ​តាម​បណ្តោយ​ព្រំដែន​រួម​ ដោយមហាប្រទេស​អាស៊ីដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ពីរ នឹង​កាន់​តែ​តានតឹង​ទៀត ​ឬ​ត្រូវ​បាន​ដោះស្រាយ​បាន​តាម​មធ្យោបាយ​ការទូត។ ប៉ុន្តែ​បើ​តាម​លោក Harsh Pant ប្រធាន​ខាង​ផ្នែក​ការ​សិក្សា​នៅ​មូលនិធិ​ស្រាវជ្រាវ Observer នៅ​ទីក្រុង​ញូវដែលី ស្ថានភាព​នេះ​នឹងនាំ​ឱ្យមាន​ «ជម្រើស​ផ្នែក​យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ឥណ្ឌា​ដែល​នឹង​មាន​និន្នាការ​ប្រឆាំង​ចិន​ដោយ​ត្រង់ៗ»។​

របៀប​ឆ្លើយតប​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ចំពោះ​វិបត្តិ​នេះ​ក៏​នឹង​មាន​ឥទ្ធិពល​ដល់​ទិសដៅ​នៃ​ទំនាក់ទំនងរបស់​ឥណ្ឌា​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​អាស៊ី​ខាង​ត្បូង ដែល​នៅ​ទី​នោះ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​កន្លង​មក​បាន​ប្រឆាំង​នឹងឥទ្ធិពល​លើស​លុបរបស់​ឥណ្ឌា​ក្នុង​តំបន់​នេះ។ ការ​សម្រេច​របស់លោក Modi នឹង​កំណត់​ថា​ តើ​មេដឹកនាំ​ជាតិនិយម​មួយ​នេះ​នឹង​អាច​បំពេញគោលដៅ​របស់​លោក​ដើម្បី​លើក​តម្កើង​មុខមាត់​ឥណ្ឌា​លើ​ឆាក​អន្តរជាតិ​ ឬ​ទេ។​

ភាព​តានតឹង​នៅ​តាម​ព្រំដែន​នេះបាន​ចាប់​ផ្តើម​ឡើងតាំង​ពី​ដើម​ខែ​ឧសភា​មក នៅ​ពេល​ឥណ្ឌា​បាន​ចោទ​ប្រកាន់​ថា​ចិន​បាន​ទន្ទ្រាន​ចូល​ដែនដី​របស់​ខ្លួន ហើយភាព​តានតឹង​នេះ​បាន​កើន​កម្តៅ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ផ្ទាល់​ដៃមិន​ប្រើ​កាំភ្លើង​ កាល​ពី​ថ្ងៃទី១៥ ខែ​មិថុនា រវាង​ទាហាន​ឥណ្ឌា​ និង​ចិន​នៅ​តំបន់​ Ladakh ភាគ​ខាង​កើត ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​២០នាក់។

ប្រទេស​ទាំង​ពីរ​ថា​ពួក​គេ​ចង់​បន្ធូរ​បន្ថយ​ស្ថានភាព​តានតឹង​នេះ ប៉ុន្តែក៏​បាន​ពង្រឹង​នូវ​គោលជំហរ​រៀងៗ​ខ្លួន​ដែរ។

ប្រទេស​ចិន​បាន​ទាមទារ​តំបន់​ជ្រលង​ភ្នំ Galwan ដែល​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី​ថា​ មិន​ដែល​ធ្លាប់​ជា​ផ្នែក​នៃ​តំបន់​មាន​ជម្លោះ​នោះ​ទេ។ ហើយ​តំបន់​ជ្រលង​ភ្នំ​នេះ​គ្រាន់​តែ​ជា​តំបន់​មាន​ជម្លោះ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ។ ទាហាន​ឥណ្ឌា​ និង​ចិន​បាន​និង​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​កំពូល​ភ្នំហេមពាន្ត​ពី​កន្លែង​ទៀត​នៅ​តាម​បណ្តោយអ្វី​ដែល​គេ​ហៅ​ថា ព្រំដែន​កាន់កាប់​ជាក់​ស្តែង Line of Actual Control របស់​ពួក​គេ​ប្រវែង​៣.៤៨៨​គីឡូម៉ែត្រ។ ទី​ក្រុង​ញូវដែលី​ចង់​ឱ្យ​មាន​ការ​ស្តារ​ស្ថានភាព​កាន់កាប់​ជាក់​ស្តែង​ឡើង​វិញ និង​បានប្តេជ្ញា​ថា​នឹង​ការពារ​ព្រំដែន​របស់​ខ្លួន​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​បើ​ចាំ​បាច់។

ខណៈ​ដែល​វិបត្តិ​នេះ​បន្ត មាន​ការ​អំពាវនាវ​កាន់​តែ​ខ្លាំង​ឡើង​ឱ្យ​ឥណ្ឌា​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​លោក​ខាង​លិច ដើម្បី​បង្កើនលទ្ធភាព​ប្រឆាំង​នឹង​ចិន។ កាសែត The Hindustan Times បាន​បោះពុម្ព​នូវ​បទ​វិចារណកថា​មួយ​ដែល​ថា​ទី​ក្រុង​ញូវដែលី​នឹង​ត្រូវ​ពិចារណា​គោលជំហរ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ទាំង​ស្រុង​ឡើង​វិញ ដោយ​ត្រូវ «ពង្រឹង​ទំនាក់ទំនង​ទ្វេដង​ជាមួយ​សហរដ្ឋ​អាមេរិក» និង​ត្រូវ ​«ចូល​រួម​ជាមួយប្រទេសណា​ដែល​មាន​គោលដៅ​ទប់ស្កាត់​អំណាច​របស់​ចិន»។​

ក្នុង​អំឡុងមួយទសវត្សរ៍​កន្លង​មក​នេះ ទោះ​បី​ឥណ្ឌា​តែង​បាន​ខិត​កាន់​តែ​ជិត​ទៅ​រក​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក្តី ក៏​តែង​មាន​សំឡេង​នៃ​មជ្ឈដ្ឋាន​ដែល​ចង់​ឱ្យ​ឥណ្ឌាប្រយ័ត្ន​ប្រយែង​កុំ​ជិត​ស្និទ្ធ​ជាមួយ​អាមេរិក​ពេក។ ក៏​ប៉ុន្តែ​ស្ថានភាព​នេះទំនង​នឹង​ផ្លាស់​ប្តូរ​ពេល​នេះ។

លោក Harsh Pant ប្រធាន​ខាង​ផ្នែក​ការ​សិក្សា​នៅ​មូលនិធិ​ស្រាវជ្រាវ Observer នៅ​ទី​ក្រុង​ញូវដែលី​បញ្ជាក់​បន្ត​ថា៖ «មនុស្ស​ជា​ច្រើន​នៅ​ញូវដែលីចង់​ឱ្យ​ឥណ្ឌា​ដើរ​មួយ​ជំហាន​ម្តងៗ។ គំនិត​ពួក​គេ​គឺ​ថា កន្លង​មក​យើង​អាច​ដោះស្រាយ​បញ្ហា​ប្រទេស​ចិន​និង​គ្រប់គ្រង​ស្ថានភាព​ជម្លោះ​ព្រំដែន​បាន​ល្អ​ហើយ ហើយ​មិន​ចង់​បង្ក​ហេតុ​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ខឹង​សម្បា​រហូត​ដល់​បង្កើត​បញ្ហា​ដល់​ឥណ្ឌា​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​នេះ បញ្ហា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ ស្ថានភាព​នេះ​បើក​ផ្លូវ​ខ្លះ​ឱ្យ​រដ្ឋាភិបាល​លោក Modi អាច​បង្កើន​សកម្មភាពពង្រឹង​ទំនាក់ទំនងជាមួយ​ប្រទេស​ដែល​មាន​ចិត្ត​គំនិត​ដូច​គ្នា ដោយ​មិន​រារែក​ដូច​ពេល​កន្លង​មក»។

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោកNarendra Modi និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​នៅ​ក្នុង​ក្រុង​ញូវដែលី កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រី​ឥណ្ឌា លោកNarendra Modi និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​នៅ​ក្នុង​ក្រុង​ញូវដែលី កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

សញ្ញា​នៃ​ការ​កែប្រែ​នយោបាយ​នេះបាន​លេច​ចេញ​ជា​រូបរាង​បណ្តើរៗ​ហើយ។ កាល​ពី​ដើម​ខែ​មិថុនា ប្រទេស​ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​សំខាន់​មួយ​ជាមួយ​ប្រទេស​អូស្ត្រាលី ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​អាច​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់គ្នាទៅ​វិញ​ទៅ​មក។​

អ្នក​វិភាគនិយាយ​ថា ប្រទេស​ឥណ្ឌា​ក៏​ទំនង​នឹង​លែងរារែកក្នុងការ​ចូល​រួម​សកម្ម​ក្នុង​ក្រុម​មួយ​ដែល​ហៅ​ថា ក្រុម​សន្ទនា​សន្តិសុខ​ចតុភាគី ឬ​ហៅ​កាត់​ថា Quad ដែលជាក្រុមក្រៅផ្លូវការ​រវាង​ប្រទេសបួន​គឺ ឥណ្ឌា សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី។ ​ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៧ នៅ​ពេលមាន​ការ​បារម្ភ​កាន់​តែ​ខ្លាំងពី​ឥទ្ធិពល​ប្រទេស​ចិន​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Jayadeva Ranade អតីត​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​វិភាគ​និង​យុទ្ធសាស្ត្រ​ប្រទេស​ចិន ក្នុង​ទី​ក្រុង​ញូវដែលី​ ថ្លែង​ថា៖ «ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​កន្លង​មក​ជៀសវាង​ដើរ​ទៅ​រក​ទិសដៅ​មួយ​ឱ្យ​ជាក់​លាក់ គឺ​ទិសដៅ​នេះ​អាស្រ័យ​លើ​កត្តា​ថា​មាន​អ្នក​ណា​នឹង​ចេញ​មុខ​ជួយ​យើង​ហើយ​ផ្តល់​ជំនួយ​អ្វី​ខ្លះ។ កត្តា​ទាំង​នេះ​នឹង​កំណត់​ទិសដៅ​នយោបាយ​របស់​យើង»។

ការ​វិវត្ត​នៃ​ស្ថានភាព​តានតឹង​នេះ​នៅ​ក្នុង​ពេល​ខាង​មុខ ក៏​នឹងជះឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាង​ឥណ្ឌា​ជាមួយ​ប្រទេសតូចៗ​ជិត​ខាង​របស់​ខ្លួន​ដូច​ជានេប៉ាល់ និង​ស្រីលង្កា ដែល​ប្រទេស​ទាំង​ពីរ​នេះ​ចិន​បាន​ផ្តល់​ជំនួយ​ជា​ច្រើន​ដើម្បី​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ដូច​ជា​ផ្លូវ​ថ្នល់​និង​កំពង់ផែ។

លោក Happymon Jacob សាស្ត្រាចារ្យ​នៅ​សាលា​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Jawaharlal Nehru នៅ​ទី​ក្រុង​ញូវដែលី​ថ្លែង​ថា៖ «ការ​ប្រកួត​ប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រវាង​ឥណ្ឌា​ និង​ចិននៅភូមិភាគ​អាស៊ី​ខាង​ត្បូង​ និង​កាន់​តែ​ស្វិតស្វាញ​ឡើង»។​

លោក​បាន​លើក​ឧទាហរណ៍​ពីការណ៍​ដែល​ប្រទេស​នេប៉ាល់​ទើប​បាន​អនុម័ត​ផែនទី​ថ្មី​មួយ​ដែល​បង្ហាញ​នូវ​ដែនដី​ដែល​កន្លង​មក​ទាមទារ​ដោយ​ឥណ្ឌា​ថា​ជា​របស់​នេប៉ាល់។ នេះ​បង្ហាញ​ពី​ចំណុច​តានតឹងដែល​ទើប​លេច​ឡើង​ជា​ថ្មី​រវាង​នេប៉ាល់​និង​ឥណ្ឌា ខណៈ​ដែល​ប្រទេស​នេប៉ាល់​ដែល​មាន​ភូមិសាស្ត្រ​នៅ​ត្បៀត​រវាង​មហាប្រទេស​ចិន​និង​ឥណ្ឌា ​កាន់​តែ​ខិត​ជិត​ទៅ​រក​ទី​ក្រុង​ប៉េកាំង។ លោក Manoj Navarane មេបញ្ជាការ​កងទ័ព​ឥណ្ឌា​និយាយ​ថា បញ្ហា​ផែនទី​នេះ​ប្រហែល​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ផ្សេង​ជំនួសឱ្យ​នេប៉ាល់ ដែល​ប្រសាសន៍​របស់​លោក​នេះ​ត្រូវ​បាន​គេ​បកស្រាយ​ថា​លោក​បាន​សំដៅ​ទៅ​ប្រទេស​ចិន។​

លោក Jayadeva Ranade ព្រមានថា៖ «ប្រសិន​បើ​យើង​ឥណ្ឌា​ មិន​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ចិន​នោះ​ទេ ​ប្រទេស [ជិត​ខាង​គឺ] ​ប៉ាគីស្ថាន នេប៉ាល់​ និង​ស្រីលង្កា នឹង​មើល​មក​យើង​ខុសពី​មុន ដោយ​ពួក​គេ​ថា​ពួក​គេ​មិន​ចាំ​បាច់​ខ្វល់​ពី​យើង​ទេ ដរាប​ណា​ពួក​គេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន។ ពួក​គេ​នឹង​វាយតម្លៃ​ឡើង​វិញ​អំពី​ប្រភេទ​ទំនាក់ទំនង​ដែល​ពួក​គេ​គួរ​មាន​ជាមួយ​ឥណ្ឌា»។

ក៏​ប៉ុន្តែ​ការ​ប្រឈមនឹង​ចិន​តាម​មធ្យោបាយ​យោធា​នៅ​លើ​ជួរ​ភ្នំ​ហេមពាន្ត​ដ៏​ខ្ពស់​ស្រឡឹម​នឹង​មិនងាយ​ស្រួល​ទេ​សម្រាប់​ឥណ្ឌា។ ទោះ​បី​ឥណ្ឌា​មាន​កម្លាំង​ទាហាន​ច្រើន​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភពលោក​ក៏​ដោយ ក៏​ប្រទេស​ចិន​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​អំណាច​យោធា​លើសឥណ្ឌា។

ដូច្នេះ​ខណៈ ដែល​ខ្លួន​កំពុង​រក​មធ្យោបាយ​ដាក់​សម្ពាធ​លើ​ចិន ឥណ្ឌា​ដែល​មាន​ទី​ផ្សារ​ដ៏​ធំ​នោះ​ ក៏​កំពុង​ពិចារណា​ចំពោះ​មធ្យោបាយ​សេដ្ឋកិច្ច​ដែរ។

ឥណ្ឌា​បាន​សង្ឃឹម​ជា​យូរ​មក​ហើយ​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់​តែ​រីក​ចម្រើន​របស់​ខ្លួន​ជាមួយ​ចិន ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​រហូត​ដល់​ជាង​៩០​ពាន់​លាន​ដុល្លារ​នោះ នឹង​ជួយ​រក្សា​តុល្យភាព​ជាមួយ​ទំនាក់ទំនង​ដ៏​ចម្រូងចម្រាស​នៅ​តាម​បណ្តោយ​ព្រំដែន។ ប៉ុន្តែ​នៅ​ពេល​នេះ​ក្តី​សង្ឃឹម​បាន​រលាយ​អស់​ហើយ។

រដ្ឋាភិបាល​ទីក្រុង​ញូវដែលី​បាន​ចាប់​ផ្តើមមាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន​ចំពោះ​ការ​វិនិយោគ​កាន់​តែ​កើន​ឡើង​របស់​ចិន​រួច​ទៅ​ហើយ​តាំង​ពី​មុន​មាន​ការប៉ះទង្គិច​ហិង្សា​តាម​ព្រំដែន​ម៉្លេះ។ កាល​ពី​ខែ​មេសា គឺ​ក្នុង​អំឡុងមាន​វិបត្តិ​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ឥណ្ឌា​បាន​អនុម័ត​ច្បាប់​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​យល់​ព្រម​ចំពោះ​រាល់​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន។ និន្នាការ​នេះ​អាច​កើន​ឡើង​កាន់​តែ​ខ្លាំង។

លោក Harsh Pant ប្រធាន​ខាង​ផ្នែក​ការ​សិក្សា​នៅ​មូលនិធិ​ស្រាវជ្រាវ Observer នៅ​ទី​ក្រុង​ញូវដែលី​ថ្លែង​ថា៖ «បរិយាកាស​នៅ​ពេល​នេះ​មាន​ការ​ផ្លាស់​ប្តូរ។ ជា​ឧទាហរណ៍ ឥណ្ឌាបាន​សម្រេច​ថា​នឹង​ឱ្យ​ក្រុមហ៊ុន Huawei មក​សាកល្បង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ ​5G របស់​ខ្លួន ប៉ុន្តែ​ឥឡូវ​នេះ​ រឿង​នេះ​ប្រហែល​អាច​លុប​ចោល។ រឿង​ដែល​ត្រូវ​សម្រេច​ទាំង​អស់​នោះ​នឹង​កាន់​តែ​ច្បាស់​ក្រឡែតសម្រាប់​ឥណ្ឌា»។

ប៉ុន្តែ​អ្នក​វិភាគ​បាន​ព្រមាន​ថា ជម្រើស​ខាង​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ប្រឆាំងនឹង​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំខ្លាំងជាង​ខ្លួន​នោះ មាន​កម្រិត ហើយ​ការ​ដើរ​ផ្លូវ​សេដ្ឋកិច្ច​នេះ​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ឥណ្ឌា​ច្រើន​ជាង​ចិន ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​ឥណ្ឌាកំពុង​កាន់​តែ​ធ្លាក់​ចុះ។

ប៉ុន្តែ​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ពិចារណា​អំពី​ជម្រើស​ខាង​យោធា សេដ្ឋកិច្ច​និង​នយោបាយ​ដើម្បី​ឆ្លើយតប​នឹង​ចិន​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​និង​ប៉ុន្មាន​ខែ​ខាង​មុខ រដ្ឋាភិបាល​ទី​ក្រុង​ញូវដែលី​អាច​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ចោល​គោលនយោបាយ «ស្វ័យភាព​ខាង​យុទ្ធសាស្ត្រ» ខណៈ​ដែល​ឥណ្ឌា​រៀបចំ​ខ្លួន​មិន​ត្រឹម​តែ​ដើម្បី​ការពារ​ព្រំដែន​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បីប្រឆាំង​វិញ​នឹង​អ្វី​ដែល​អ្នក​អត្ថាធិប្បាយ​ជា​ច្រើន​បាន​ហៅ​ថា​គំនិត​នៃ​អំណាច​ត្រួតត្រា​របស់​ចិន​នៅ​អាស៊ី៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG