សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនមិនបានធ្វើការសម្រេចចិត្តអំពីការប្តេជ្ញាខាងយោធារបស់ខ្លួនដល់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយថ្ងៃទី១ ខែឧសភា ដែលជាពេលកំណត់សម្រាប់កងទ័ពអាមេរិកសេសសល់ចំនួន២.៥០០នាក់ទៀត ដែលត្រូវដកចេញពីអាហ្វហ្គានីស្ថានស្របទៅតាមសន្ធិសញ្ញាសន្តិភាពដែលមានអាយុកាល១ឆ្នាំជាមួយក្រុមបះបោរតាលីបង់។
អត្ថាធិប្បាយទាំងនេះ ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានព្រមានថា រដ្ឋាភិបាលរបស់លោក Ghani អាចត្រូវទប់ទល់ការវាយប្រហារយ៉ាងខ្លាំងដោយក្រុមតាលីបង់ដោយខ្លួនឯង ប្រសិនបើមេដឹកនាំអាហ្វហ្គានីស្ថានមិនបានពិចារណាឲ្យបានរួសរាន់នូវសំណើស្តីពីកិច្ចប្រឹងប្រែងសន្តិភាពដែលផ្តួចផ្តើមឡើងដោយអាមេរិក។ សេចក្តីរាយការណ៍ថា សំណើទាំងនោះរួមមានសន្និសីទអន្តរជាតិមួយនៅក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យដំណើរការសន្តិភាពអាហ្វហ្គានីស្ថានជឿនលឿនទៅមុខ។
នៅពេលត្រូវបានទាក់ទងដោយ VOA អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា៖ «ជាទូទៅ យើងមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងសេចក្តីរាយការណ៍អំពីខ្លឹមសារទាក់ទងជាមួយមេដឹកនាំបរទេសទេ»។
អ្នកនាំពាក្យរូបនោះក៏បានបញ្ជាក់ដែរថា៖ «យើងមិនបានធ្វើការសម្រេចណាមួយអំពីជំហរកងកម្លាំងរបស់យើងនៅអាហ្វហ្គានីស្ថានក្រោយថ្ងៃទី១ ខែឧសភា ទេ។ យើងរក្សាជម្រើសទាំងអស់»។
ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃច័ន្ទម្សិលមិញបានបញ្ជាក់ថាខ្លួនកំពុងបន្តពិនិត្យសើរើនៅឡើយនូវកិច្ចព្រមព្រៀងរវាងអាមេរិកនិងក្រុមតាលីបង់ ហើយរហូតទាល់តែការសើរើនោះចប់សព្វគ្រប់ នឹងមិនមានការសម្រេចអំពីអនាគតកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានទេ៕