ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​បណ្តេញ​ជំនួយការ​លោក Trump ចេញ​ពី​តំណែង


ទីប្រឹក្សាសេតវិមាន​អ្នក​ស្រី Kellyanne Conway ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៩។
ទីប្រឹក្សាសេតវិមាន​អ្នក​ស្រី Kellyanne Conway ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៩។

ទីភ្នាក់ងារ​ឃ្លាំមើល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ណែនាំ​ឲ្យ​បណ្តេញ​អ្នកស្រី Kellyanne Conway ជំនួយការ​ម្នាក់​ប្រចាំ​សេតវិមាន​ដែល​មាន​ភាព​ជិត​ស្និទ្ធ​បំផុត​ជាមួយ​នឹង​លោក​ប្រធានាធិបតី Trump ចេញ​ពី​ការងារ ​ដោយសារ​តែ​អ្នកស្រី​មាន​ជាប់ទាក់ទិន​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ការវាយប្រហារ​របស់​គណបក្ស​នយោបាយ​ ខណៈ​អ្នកស្រី​មាន​តួនាទី​ជា​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ។

ការិយាល័យ​រដ្ឋអាជ្ញា​ដែល​មិន​ជាប់ព័ន្ធ​នឹង​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ​ដែល​បាន​ដឹកនាំ​ការស៊ើបអង្កេត​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ២០១៦ បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី Conway បាន​បំពាន​លើ​ច្បាប់​ដែល​ហាមឃាត់​មិន​ឲ្យ​គាំទ្រ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត ឬ Hatch Act ម្តង​ហើយ​ម្តងទៀត​ ដែល​ច្បាប់​នេះ​ហាមឃាត់​មិន​ឲ្យ​បុគ្គលិក​សហព័ន្ធ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ ខណៈ​កំពុង​បំពេញ​ការងារ។

ការិយាល័យ​រដ្ឋអាជ្ញា​បាន​ចេញ​សេក្តីថ្លែងការណ៍​មួយ​ដែល​បាន​បញ្ជាក់​ថា៖ «យោង​តាម​សកម្មភាព​ល្មើស​ច្បាប់​ម្តង​ហើយ​ម្តងទៀត​របស់​អ្នកស្រី Conway ការិយាល័យ​រដ្ឋអាជ្ញា​សូម​ធ្វើ​ការ​ណែនាំ​ឲ្យ​បណ្តេញ​អ្នកស្រី​ចេញ​ពី​ការងារ​ជា​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ»។

ទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​ថា​ អ្នកស្រី​បាន​បំពាន​ច្បាប់​នេះ​តាម​រយៈ​ការ​និយាយ​វាយ​ប្រហារ​ទៅ​លើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​នៅ​អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​មួយ ដែល​បាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​និង​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​នាម​អ្នកស្រី​ជា​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ។

ទីភ្នាក់ងារ​នេះ​បាន​អះអាង​ទៀត​ថា៖ «ប្រសិន​បើ​គ្មាន​ការ​ដាក់ទណ្ឌកម្ម​លើ​ទង្វើ​ខុសច្បាប់​របស់​អ្នកស្រី Conwayទេ​នោះ​ ​វា​ហាក់​ដូចជា​ការ​ផ្ញើ​សារ​មួយ​ទៅ​កាន់​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ទាំងអស់​ថា​ ពួកគេ​មិន​ចាំបាច់​គោរព​ច្បាប់ Hatch Act នេះ​ទេ។ សកម្មភាព​របស់​អ្នកស្រី​បំផ្លាញ​ដល់​នីតិរដ្ឋ​ដែល​ជា​គោលការណ៍​គ្រឹះ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​យើង‍»៕

XS
SM
MD
LG