សហរដ្ឋអាមេរិកបានប្រគល់ឧទ្ធម្ភាគចក្រ UH-60 Black Hawk ពីរគ្រឿងជាផ្លូវការដល់កងកម្លាំងទ័ពអាកាសរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលនេះជាផ្នែកមួយនៃគម្រោងបង្កើនសមត្ថភាព និងភាពធន់របស់កងកម្លាំងអាហ្វហ្គានីស្ថាននៅក្នុងប្រតិបត្តិការប្រឆាំងនឹងពួកតាលីបង់។
ពិធីប្រគល់ជូននេះបានធ្វើឡើងនៅឯប្រលានយន្តហោះក្នុងទីក្រុង Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលកិច្ចអន្តរាគមន៍យោធាលក្ខណៈអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឈានចូលដល់ឆ្នាំទី ១៧ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមិនមានសញ្ញាណាមួយបញ្ជាក់ថា សង្គ្រាមប្រឆាំងនឹងការបះបោរឥស្លាមជ្រុលនិយមនេះនឹងបញ្ចប់នៅពេលណានោះទេ។
នៅពេលទទួលយកឧទ្ធម្ភាគចក្រទាំងពីរគ្រឿងប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានបញ្ជាក់ថា វាជាថ្ងៃប្រវត្តិសាស្ត្រ និងបានប្រើឱកាសនោះជំរុញឲ្យពួកតាលីបង់បញ្ចប់នូវអំពើសង្គ្រាមនេះ។
លោក Ashraf Ghani បាននិយាយថា ប្រសិនបើពួកតាលីបង់គិតថា ខ្លួនអាចយកឈ្នះកងកម្លាំងយោធាអាហ្វហ្គានីស្ថានបាន ពួកគេត្រូវតែលះបង់គំនិតនេះចោល ដោយសារតែកងកម្លាំងយោធា និងប៉ូលិសជាតិរបស់អាហ្វហ្គានីស្ថានមានសមត្ថភាពកើនឡើងខ្លាំង។
រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្ដល់ឧទ្ធម្ភាគចក្រ Black Hawk សរុបចំនួន ១៥៩ គ្រឿង ដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅត្រឹមឆ្នាំ ២០២៤។ ឧទ្ធម្ភាគចក្រទាំងនេះនឹងជំនួសឲ្យឧទ្ធម្ភាគចក្រ MI-17 ធ្វើនៅប្រទេសរុស្ស៊ី ដែលកងកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថានកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ៕