ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ផលិត​ថ្នាំ​គ្រាប់​រំលូត​​កូន​និង​វេជ្ជបណ្ឌិត​ប្តឹង​ប្រឆាំង​ការរឹតត្បិត​របស់​រដ្ឋ


រូបឯកសារ៖ ថ្នាំគ្រាប់ Mifeprex គឺជា​ថ្នាំ​រំលូត​កូន​ក្នុង​ពេល​ដំបូងៗ​នៃ​ការមាន​គភ៌ ថត​នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ថ្នាំគ្រាប់ Mifeprex គឺជា​ថ្នាំ​រំលូត​កូន​ក្នុង​ពេល​ដំបូងៗ​នៃ​ការមាន​គភ៌ ថត​នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុន​មួយ​ផលិត​ថ្នាំ​គ្រាប់រំលូត​កូន​និង​វេជ្ជបណ្ឌិត​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងការរឹតត្បិត​របស់​រដ្ឋ​លើ​ថ្នាំ​នេះ ​នៅ​ក្នុងបណ្តឹងមួយ​បែប​នេះ ​តាំង​ពី​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បានប្រែ​ក្រឡាស់​សិទ្ធិតាម​រដ្ឋធម្មនុញ្ញ​សហព័ន្ធក្នុង​ការរំលូត​កូន។

នៅក្នុង​ពាក្យណ្តឹងមួយ​ដាក់ក្នុង​តុលាការសហព័ន្ធ​នៅ​ក្រុង Huntington ​រដ្ឋ West Virginia ​ក្រុមហ៊ុន​ផលិត​ឱសថ​ GenBioPro Inc. ​បាននិយាយថា រដ្ឋ​នេះ​មិនអាច​បដិសេធ​ការយល់​ព្រមរបស់​រដ្ឋបាលអាហារ​និង​ឱសថ​ស.រ.អ.​កាលពី​ឆ្នាំ២០០០ឱ្យ​ប្រើ​ថ្នាំ​ mifepristone ដោយហាមប្រាម​មិន​ឱ្យ​ប្រើ​ថ្នាំ​នេះ​បានទេ។ ឱសថ​នេះជា​ថ្នាំ​ទីមួយក្នុង​បណ្តា​ថ្នាំ​ពីរ​មុខ​ដែល​ជាឱសថ​សម្រាប់រំលូត​កូន។

លោកស្រី​វេជ្ជបណ្ឌិត​ Amy Bryant ​បានដាក់ពាក្យ​បណ្តឹង​មួយ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​តុលាការ​សហព័ន្ធក្នុង​ក្រុង Durham ​រដ្ឋ North Carolina ​ប្រឆាំង​នឹង​ការរឹតត្បិតដោយ​រដ្ឋ​នេះ​លើ​ការ​ទទួល​ថ្នាំ mifepristone ​ដែលលោកស្រី​បាន​និយាយ​ថា រារាំង​លទ្ធភាព​លោក​ស្រី​ក្នុង​ការព្យាបាលអ្នក​ជំងឺ។

រដ្ឋ​ជា​ច្រើន​បាន​ហាមប្រាម​ការរំលូត​កូន ​ឬបានធ្វើ​ឲ្យ​មាន​ការ​ពិបាក​ជាង​មុន​ក្នុង​ការរំលូត​កូន​ចាប់តាំង​ពី​តុលាការ​កំពូល​ស.រ.អ.​បានបដិសេធ​ការអនុញ្ញាត​ឱ្យ​មាន​ការពន្លូត​កូន​ក្នុង​សំណុំរឿង​ Roe v. Wade ​កាល​ពី​ខែ​មិថុនា។​

ក្រុមហ៊ុន​ផលិត​ឱសថ​ GenBioPro ​ដែល​លក់​ថ្នាំ​ប្រភេទ​ចម្លង​( generic)​ នៃ​ថ្នាំ mifepristone​ បានថ្លែង​ថា ​ការហាមប្រាមថ្នាំ​នេះ​ដោយ​រដ្ឋ West Virginia ​ដែលមានធ្វើ​កាលពី​ខែ​កញ្ញាតាម​រយៈ​ច្បាប់​ការ​ពារក្មេង​មិនទាន់​កើត​នៃ​រដ្ឋ​នេះ​«ផ្ទុយ​គ្នាពីផល​ប្រយោជន៍​ជាតិ​ខ្លាំងក្នុង​ការធ្វើឱ្យ​ប្រាកដ​ប្រជា​ថា មាន​ថ្នាំ​យល់ព្រមដោយ​សហព័ន្ធដើម្បី​បញ្ចប់​ការ​មានផ្ទៃពោះ‍»។

ពាក្យ​បណ្តឹង​នេះបាន​ចែង​ថា ការហាម​ប្រាម​នេះរំលោភ​លើ​មាត្រា​ស្តី​ពី​ឧត្តមភាព​នៃ​រដ្ឋធម្មនុញ្ញស.រ.អ.​ ដែលផ្តល់អាទិភាពនៃ​ច្បាប់​សហព័ន្ធលើ​ច្បាប់​របស់​រដ្ឋ ​និង​មាត្រាច្បាប់​ពាណិជ្ជកម្មដែល​រឹតត្បិតរដ្ឋ​មិនឱ្យដាក់​បន្ទុក​លើពាណិជ្ជកម្មរវាង​រដ្ឋ៕

XS
SM
MD
LG