ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ចំនួន​៩០​ថ្ងៃ​អាច​មាន​ផល​វិបាក​រយៈ​ពេល​យូរ


ក្រុម​អ្នក​ធ្វើ​ដំណើរ​បាន​មក​ដល់​ព្រលាន​យន្ត​ហះ Logan ក្នុង​ទីក្រុង​ Boston ​កាល​ពី​ថ្ងៃទី​៣០ ខែ​មករា ក្រោយ​ពេល​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក​ត្រាំ ត្រូវ​បាន​អនុវត្ត។
ក្រុម​អ្នក​ធ្វើ​ដំណើរ​បាន​មក​ដល់​ព្រលាន​យន្ត​ហះ Logan ក្នុង​ទីក្រុង​ Boston ​កាល​ពី​ថ្ងៃទី​៣០ ខែ​មករា ក្រោយ​ពេល​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក​ត្រាំ ត្រូវ​បាន​អនុវត្ត។

ភាព​ចម្រូង​ចម្រាស​អំពី​បម្រាម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន​សម្រាប់​ពលរដ្ឋ​មកពី​​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ចំនួន​៧​នៅ​តែ​បន្ត ទោះ​ជា​មាន​​បុគ្គល ​ក្រុម​និង​ប្រទេស​ទាំង​មូល​កំពុង​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​គោល​នយោបា​យ​នោះ​ក៏ដោយ។

កាល​ពី​ថ្ងៃ​ចន្ទ ​សេតវិមាន​បាន​ការពារ​ចំណាត់​ការ​នោះ​ថាជា​ការចាំ​បាច់​ដើម្បី​ការពារ​សុវត្ថិភាព​ពល​រដ្ឋ​អាមេរិកាំងហើយ​ជា​ការ​មិន​សមរម្យ​សម្រាប់​ពួក​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ដែល​រង​ផល​ប៉ះ​ពាល់​ទាំង​នោះ។​ ពួក​អ្នក​រិះគន់​និយាយ​ថា ​ការហាម​ឃាត់​នេះ ​នឹង​មិន​បញ្ឈប់​ភេរវជន​ហើយ​និង​មាន​ផល​វិបាក​ដែល​មិន​នឹកស្មាន​ដល់។

លោក​ Farhan Anshur ​អ្នក​ស្រុក​ក្នុង​រដ្ឋ Minnesota កើត​នៅប្រទេស​សូម៉ាលី ​មាន​ការធូ ស្រាល​ក្នុង​ចិត្តនៅ​ពេល​ដែល​ភរិយាហើយ​និង​កូន​របស់​គាត់​នៅ​ទី​បញ្ចប់​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​លោក​បន្ទាប់​ពី​បាន​ត្រូវ​ឃុំ​ខ្លួន​នៅ​ឯចំណត​អាកាស​យាន្ត​នៅជិត​រដ្ឋ​ធានី​វ៉ាស៊ីន​តោន។

លោក Farhan Anshur ​បាន​និយាយ​ថា៖ «នៅ​ទី​បញ្ចប់ ​យើង​បាន​ជួប​ជុំគ្នា​នៅទី​នេះ។​ខ្ញុំ​អត់​ព្រាត់​សាច់​ញាតិ​ទេ។​ សមាជិក​គ្រួសារ​ទាំង​អស់​របស់​ខ្ញុំនៅ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ។​ ដូច្នេះ ​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់‍»។

ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​រយៈ​ពេល​៩០​ថ្ងៃ​នេះ​បាន​ប៉ះ​ពាល់​ពលរដ្ឋ​អ៊ីរ៉ាក់​ ស៊ីរី អ៊ីរ៉ង់ ស៊ូដង់ លីប៊ី សូម៉ា​លី​ និង​យេម៉ែន។ អ្នកកាន់​លិខិត​ឆ្លង​ដែន​មក​ពី​ប្រទេស​៣មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជិះ​យន្ត​ហោះ​មក​កាន់​សហរដ្ឋ​អាមេរិក​ទេ​បន្ទាប់​ពី​ការ​ហាម​ឃាត់​នេះ​បាន​ត្រូវ​អនុម័ត​កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ហើយ​អ្នក​ដែល​បាន​ធ្វើ​ដំណើរហើយ​បាន​ត្រូវ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពេល​មក​ដល់។ សេតវិមាន​បាន​សុំ​អភ័យ​ទោស​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ពណ៌នា​ថា​ជា​ការ​រអាក់​រអួល​បណ្តោះ​អាសន្ន។ ក៏ប៉ុន្តែ ​ការហាមឃាត់​នេះ ​នឹង​មាន​ភាព​ស្មុគ​ស្មាញ​ផ្សេងៗ​ទៀត ​នេះ​បើតាម​ការ​បញ្ជាក់​របស់លោកស្រី ​Fadumo Dayib ​អតីត​បេក្ខជន​ប្រធានា​ធិបតីប្រទេស​សូម៉ាលី។

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​ត្រូវចូលរួម​ជា​វាគ្មិន​ពិភាក្សានៅ​ឯ​គណៈ​កម្មាធិការ​មួយ​នៅឯ​សាលា​ពាណិជ្ជកម្ម​ Harvard ​ហើយក៏​នឹង​នៅឯ​សាលា ​Kennedyនៅ​សាកល​វិទ្យាល័យ​Harvardដែរ​ ក៏​ប៉ុន្តែ ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ​ពីព្រោះ​តែ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ‍»។ ​លោកស្រី ​Fadumo Dayib ​ដែល​មាន​សញ្ជាតិ​២​គឺ​សញ្ជាតិ​សូម៉ាលី​និង​សញ្ជាតិ​ផាំង​ឡង់​ និយាយ​ថា ​លោក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ជន​ភៀស​ខ្លួន​សូម៉ាលី​នៅ​ក្នុង​ប្រទេស​កេនយ៉ា ​ដែល​ត្រូវ​បាន​ជ្រើស​រើសមក​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

«មិន​គួរ​បំផ្លាញ​ឱកាស​របស់​ពួកគេ​បែប​នេះ​ ដោយ​សារ​តែ​ពួកគេ​ជា​អ្នកកាន់​សាសនា​ឥស្លាម​ឬ​ពួក​គេ​មកពី​ប្រទេស​ទាំង​នោះ​ទេ។ ការណ៍​នេះ​មិន​មែន​ជា​ជម្រើស​របស់​ពួក​គេ​ទេ‍»។

ក្រុម​អ្នកគាំ​ទ្រ​ឥស្លាម​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ខ្លួន​នឹង​ប្រឆាំង​បទ​បញ្ជា​នេះ​នៅ​ក្នុង​តុលាការ។ ​លោកស្រី Lena Masri ​នាយិការ​នៃ​អង្គការ ​CAIR National Litigation និយាយ​ថា៖ ​«បណ្តឹង​នេះ​ជាការ​ប្រឆាំងតាម​រដ្ឋ​ធម្មនុញ្ញ​ហើយបណ្តឹង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តំណាង​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​២០​នាក់​ដែល​មាន​ទាំង​ពលរដ្ឋ​អាមេ រិកាំង​និង​មិន​មែន​ពលរដ្ឋ​អាមេរិកាំង​ដែល​បានរស់​នៅ​ស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេ រិក‍»។

​ការហាម​ឃាត់​នោះ​បាន​ធ្វើ​ឲ្យ​តួ​កុន​ជន​ជាតិ​អ៊ីរ៉ង់​ដើម​កំណើត​ស៊ុអែត​ដែល​បាន​ព្រួយ​កង្វល់​ថា ​លោក​ស្រីប្រហែល​មិន​អាច​ចូល​រួម​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់ ​Academy ​នៅ​ឆ្នាំ​នេះ​ទេ។​ លោកស្រី ​Bahar Pars បាន​សំដែង​នៅ​ក្នុង​ខ្សែភាព​យន្តដែល​មាន​ចំណង​ជើងថា ​A Man Called Ove ​ដែល​ជា​ខ្សែភាព​យន្ត​ជ្រើស​រើស​ប្រកួត​រង្វាន់ Oscar។

អ្នក​និពន្ធ​បទ​ភ្លេង​ជនជាតិ​អ៊ីរ៉ង់​-អង់​គ្លេស​មិន​ប្រាកដ​ថា ​តើ​លោកស្រី​នឹង​បាន​ចូល​រួម​ក្នុង ការ​សម្តែង​ល្ខោន​អូប៉េរ៉ា​ របស់​លោក​ស្រី​នៅ​ក្នុង​ទីក្រុង ​Pittsburghនៅ​ខែ​មេសា​ដែរ​ឬទេ។ ​លោកស្រី​ Soonsan Lolavar ​អ្នក​និពន្ធ​បទ​ភ្លេង​ជនជាតិ​អ៊ីរ៉ង់-អង់គ្លេស​និយាយ​ថា៖ «ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចោទ​សួរ​ជារៀង​រហូត​អំពី​ទំនាក់​ទំនង​របស់​ខ្ញុំ​ជាមួយអាមេរិក​ ហើយ​ថា​តើត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ថ្ងៃ​អនាគត​យ៉ាង​ដូចម្តេច‍»។

ពួក​អ្នក​រិះគន់​និយាយ​ថា ​ការហាម​ឃាត់​នេះ​នឹង​មាន​ផលវិបាក​អវិជ្ជមាន​កាន់​តែ​ច្រើន​ឡើង ​ហើយ​វាមិន​ជួយសន្តិសុខ​សហរដ្ឋ​អាមេរិក​ដូច​ដែល​គេ​ចង់​បាននោះ​ទេ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG