ការឡើងកាន់អំណាចជាថ្មីរបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការដកកទ័ពអាមេរិកដ៏ច្របូកច្របល់ កាលពីខែសីហាឆ្នាំមុន បាននាំឲ្យមានការឈឺចាប់យ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមកនៅក្នុងចំណោមពលរដ្ឋអាហ្វហ្គានីស្ថាន។ នេះបើតាមការរកឃើញនៅក្នុងការស្ទង់មតិថ្មីមួយ។
នៅក្នុងការស្ទង់មតិមួយរបស់ក្រុមហ៊ុនប្រឹក្សាយោបល់និងវិភាគ Gallup Poll របស់អាមេរិក បានឲ្យដឹងថា ពលរដ្ឋអាហ្វអាហ្គានីស្ថានចំនួន៩៤% បានវាយតម្លៃថា ជីវិតរបស់ពួកគេមានភាពលំបាកតោកយ៉ាកយ៉ាងខ្លាំង ដែលអាចចាក់ទុកថាស្មើនឹងការឈឺចាប់»។
នៅក្នុងចំណោមស្ត្រីដែលត្រូវបានស្ទង់មតិ ស្ត្រីប្រមាណ៩៦% បាននិយាយថា ពួកគេមានការឈឺចាប់ បើប្រៀបធៀបនឹងបុរសដែលមានចំនួន៩២%។ ពុំមានការខុសគ្នាគួរឲ្យកត់សម្គាល់ណាមួយឡើយ នៅក្នុងតំបន់នានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមហ៊ុន Gallup បាននិយាយថា ស្ត្រីអាហ្វហ្គានីស្ថាន ក៏បានបង្ហាញពីទុទិដ្ឋិនិយមស្តីពីអនាគតរបស់ពួកគេផងដែរ ខណៈដែលក្រុមតាលីបង់ មិនបានគោរពការសន្យារបស់ខ្លួន ក្នុងការលុបចោលបម្រាមមិនឲ្យស្ត្រីទៅសិក្សានៅវិទ្យាល័យ និងមហាវិទ្យាល័យនោះ។ ស្ត្រីត្រូវបានគេហាមប្រាមមិនឲ្យធ្វើការនៅគ្រប់វិស័យទាំងអស់ លើកលែងតែក្នុងវិស័យសុខាភិបាល និងការអប់រំថ្នាក់បថមប៉ុណ្ណោះ។
សេចក្តីត្រូវការជំនួយមនុស្សធម៌ក្នុងប្រទេសអាហ្វហ្គានីស្ថាន មានភាពចាំបាច់ជាខ្លាំង ប៉ុន្តែការយកចិត្តទុកដាក់ត្រូវបានងាកចេញពីប្រទេសនេះ ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីសីនៅក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈមក។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន Gallup។
«មុនការចូលឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សហរដ្ឋអាមេរិក និងប្រទេសដទៃបានសន្យាថា នឹងផ្តល់ជំនួយឲ្យបានច្រើនដល់ប្រទេសមួយនេះ។ ក៏ប៉ុន្តែនៅពេលដែលកំពុងមានវិបត្តិនៅអ៊ុយក្រែនបែបនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើនឹងមានជំនួយបន្ថែមទៀតទៅឲ្យប្រទេសអាហ្វហ្គានីស្ថាន ក្នុងកម្រិតណា នោះនៅឡើយទេ។ នេះបើយោងទៅលើក្រុមហ៊ុន Gallup ដែលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ៕