អង្គការយូនីសេហ្វកម្ពុជា និងក្រសួងអប់រំបានប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញដើម្បីការពារកុមារពីការកេងប្រវ័ញ្ច ការរំលោភបំពាន និងការគំរាមកំហែងតាមអ៊ីនធឺណិត ខណៈដែលអំពើរុកកួនតាមអ៊ីនធឺណិតបានធ្វើឲ្យកុមារ និងយុវជនមួយចំនួនបោះបង់ការសិក្សា និងប៉ុនប៉ងធ្វើអត្តឃាត។
បើតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការយូនីសេហ្វកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សៀវភៅណែនាំនោះនឹងជួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍បង្កើតបរិយាកាសមួយដែលមានសុវត្ថិភាពសម្រាប់កុមារជាងមុន ទាំងក្នុង និងក្រៅសាលារៀន។
លោក សោម សោភ័ណ អ្នកឯកទេសកិច្ចការពារកុមារនៃអង្គការយូនីសេហ្វកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រថា ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាផ្តល់ឱកាសយ៉ាងច្រើនដល់កុមារក្នុងការរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនរបស់ពួកគេដោយគ្មានដែនកំណត់។ ទន្ទឹមនឹងនោះ កុមារក៏ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីប្រព័ន្ធអនឡាញផងដែរ។
លោកនិយាយថា៖ «រាល់ពេលដែលពួកគេចូលទៅក្នុងប្រព័ន្ធអនឡាញ បណ្តាញសង្គម ឬមួយក៏ platforms [ទម្រង់] នានាសម្រាប់ផ្ញើសារទំនាក់ទំនង ហើយហានិភ័យទាំងអស់នោះមានដូចជាការសម្លុតគំរាមកំហែងតាមប្រព័ន្ធអនឡាញ ទម្រង់នានានៃអំពើហិង្សាក្នុងចំណោមកុមារ និងមិត្តភក្តិខ្លួនឯង ការកេងប្រវ័ញ្ច ការរំលោភបំពានផ្លូវភេទលើកុមារអីជាដើម»។
របាយការណ៍របស់អង្គការ UNICEF ដែលចេញផ្សាយនៅឆ្នាំ២០២០ បានបង្ហាញថា យុវជនកម្ពុជាអាយុចន្លោះពី១៥ ដល់២៥ឆ្នាំប្រមាណជា៨៥,៧% កំពុងជួបបញ្ហានៃការរុកកួនឆាឆៅ តាមរយៈការប្រើបច្ចេកវិទ្យា និងអ៊ីនធឺណិតក្នុងពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានប្រមាណជា៩,៧លាននាក់។
អំពើរុកកួនឆាឆៅ ឬជាភាសាអង់គ្លេសហៅថា Bully លើប្រព័ន្ធអនឡាញ បានធ្វើឲ្យកុមារ និងយុវជនកម្ពុជាប្រមាណជា១៦០.០០០នាក់បោះបង់ការសិក្សា ក្នុងនោះយុវជនថ្នាក់វិទ្យាល័យប្រមាណជា១៤%បានព្យាយាមធ្វើអត្តឃាត។ អំពើរុកកួនឆាឆៅក៏បានធ្វើឱ្យយុវជនចាកចេញពីផ្ទះ ចូលរួមសង្គមងងឹត ពេស្យាចារ អំពើល្មើសច្បាប់ និងផលប៉ះពាល់ផ្សេងៗទៀត។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ «Cambodia Education» ឬការអប់រំកម្ពុជា។
លោក សោម សោភ័ណ បន្ថែមថា ដើម្បីឲ្យការប្រើប្រាស់សៀភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញនេះមានប្រសិទ្ធភាព គ្រូបង្រៀនគួរឈ្វេងយល់ពីខ្លឹមសារសំខាន់ៗក្នុងសៀវភៅដើម្បីបញ្ចូលក្នុងមុខវិជ្ជាបង្រៀនដោយផ្តោតលើចំណេះដឹងឌីជីថល និងសុវត្ថិភាពកុមារ និងជំរុញឲ្យមានការបង្កើតគោលការណ៍អំពីឥរិយាបថត្រឹមត្រូវលើប្រព័ន្ធអនឡាញ និងនីតិវិធីដោះស្រាយបញ្ហាគំរាមកំហែង ដោយសហការជាមួយអាណាព្យាបាលក្នុងការអនុវត្តទាំងនៅផ្ទះ និងសហគមន៍។
សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដែលមានកម្រាស់ជាង៧០ទំព័រ មានខ្លឹមសារមេរៀនពាក់ព័ន្ធនឹងឥទ្ធិពលអវិជ្ជមាននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ដូចជាអាកប្បកិរិយា ហានិភ័យ និងគ្រោះថ្នាក់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ។ មេរៀនទាំងនោះក៏គ្របដណ្តប់លើវិធានសុវត្ថិភាពអនឡាញ និងការឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ និងការរាយការណ៍ និងស្វែងរកជំនួយគាំទ្រសមស្រប។
លោក នួន វណ្ណសឿន អនុប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ ប្រាប់វីអូអេជាសារអក្សរតាមបណ្តាញសង្គមតេឡេក្រាមថា សៀវភៅនេះដាក់ឲ្យអនុវត្តសម្រាប់ថ្នាក់ទី៧ ដោយសារសិស្សភាគច្រើនដែលមានវ័យចន្លោះពី១១ ដល់១៤ឆ្នាំ កំពុងរៀននៅកម្រិតនេះ ហើយបាននិងកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាភ្ជាប់នឹងអ៊ីនធឺណិត ដោយមិនបានទទួលការណែនាំពីរបៀបប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានសុវត្ថិភាព ជាហេតុធ្វើឲ្យងាយរងគ្រោះ។ លោកបន្ថែមថា គ្រូបង្រៀននឹងប្រើសៀវភៅនេះដើម្បីបង្រៀននៅឆមាសទី១នៃឆ្នាំសិក្សាក្នុងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ដោយអាចប្រើវិធីសាស្រ្តចម្រុះដើម្បីជំរុញឲ្យការសិក្សាមានភាពសកម្ម និងជាក់ស្តែង។
បើតាមលោក នួន វណ្ណសឿន សៀវភៅនេះនឹងបណ្តុះទម្លាប់ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលវ័យក្មេងឲ្យមានការប្រុងប្រយ័ត្ន ភាពឆ្លាតវៃ ទទួលខុសត្រូវ និងសុវត្ថិភាព តាមរយៈការកំណត់បានពីអាកប្បកិរិយា ហានិភ័យ និងគ្រោះថ្នាក់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ។ លើសពីនេះ ពួកគេនឹងបានដឹងពីរបៀបរាយការណ៍ និងស្វែងរកជំនួយគាំទ្រពីភ្នាក់ងារមានសមត្ថកិច្ច ចេះរាយការណ៍ពីសម្ភារៈរំលោភបំពានផ្លូវភេទកុមារ បញ្ឈប់ការរំលោភបំពានដែលកំពុងកើតឡើង ឬ ស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងជួយកុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទឲ្យទទួលបានការគាំពារសមស្របពីមនុស្សពេញវ័យ និងអ្នកផ្តល់សេវា ទាន់ពេល និងប្រកបដោយវិជ្ជាជីវៈ។
ការកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញជាបញ្ហាសកល និងកំពុងបង្កហានិភ័យដល់កុមារគួរឲ្យព្រួយបារម្ភ។ បើតាមការរាយការណ៍ពីសាធារណជនទៅកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធឺណិត នៅកម្ពុជាជាមធ្យមមានចំនួនរាយការណ៍ជាង១៥០ករណីក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យពាក់ព័ន្ធនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយសម្ភារៈអាសអាភាសកុមារ និងការគំរាមកំហែងខាងផ្លូវភេទជាដើម។ នេះបើតាមសេចក្តីផ្តើមក្នុងសៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ៕
យូនីសេហ្វ និងក្រសួងអប់រំដាក់ឲ្យប្រើសៀវភៅការពារកុមារពីការគំរាមកំហែងតាមអ៊ីនធឺណិត
ភ្នំពេញ —
វេទិកាបញ្ចេញមតិ