ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្លះ​នៅតែ​ទទួលបានការហៅទូរសព្ទបែបក្លែងបន្លំឱ្យបង្កើត EDC App


ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគេបន្ត​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ចូល​ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ដោយប្រាប់ឱ្យ​ពួកគេ​បង្កើតកម្មវិធីដើម្បី​បង់​ថ្លៃ​អគ្គិសនី ឬ EDC App ​ដែល​ឈាន​ដល់​ករណី​បោក​បញ្ឆោតលួច​ដក​ប្រាក់​។​

លោក​ សួន សូលេញ អាយុ ៥៩ ឆ្នាំ អ្នក​ធ្វើ​ការ​ផ្នែក​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា លោក​បាន​ចាញ់​បោក​ជន​មិន​ស្គាល់​អត្តសញ្ញាណ​អស់​ប្រាក់​ជិត​ ៦ ពាន់​ដុល្លារ​ តាម​រយៈ​ការ​ហៅ​ចូល​តាម​ប្រព័ន្ធ​ទូរសព្ទ​ និង​ចុច​លើ​តំណភ្ជាប់​តាម​បណ្តាញ​សង្គម​តេឡេក្រាម កាល​ពី​ថ្ងៃ​ទី​ ១ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤។ លោក​ថា ​ជន​នោះ​អះអាង​ថា​ ជា​ភ្នាក់ងារអគ្គិសនី​កម្ពុជា (EDC) ហើយ​បាន​ហៅ​ទូរសព្ទ​ទៅ​លោកដើម្បី​រក​ឯកសារ​វិក័យបត្រ​អគ្គិសនី និង​តម្រូវ​ឱ្យលោកដំឡើងកម្មវិធី​ App EDC ហើយជននោះ​ក៏​បានផ្ញើ​តំណភ្ជាប់​តាម​តេឡេ​ក្រាម​ឱ្យ​លោក​ចុច​ចូល។ លោកអះអាងថា​ បន្ទាប់ពី​ចុច​ចូល​តំណ​ភ្ជាប់​នោះ​រួច ជននោះក៏បានលួចដកប្រាក់ពីគណនីធនាគារ​របស់​លោក​ចំនួន​ពីរ ដែល​មាន​ទឹក​ប្រាក់សរុបចំនួន ​៥.៦៤៨ ដុល្លារ​អាមេរិក​។

លោក សួន សូលេញ បាន​ថ្លែង​បន្ថែមថា បន្ទាប់​ពី​ដឹង​ថា​ខ្លួន​ត្រូវ​បាន​គេ​ឆបោក ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​ផង និងដោយ​ផ្ទាល់​ផង​ទៅ​លោក ជា ពៅ​ ​អគ្គស្នងការ​រង​នរគបាល​ជាតិ។ ក៏ប៉ុន្តែរហូត​មក​ដល់​ពេល​នេះ ​លោក​ថា​លោក​មិន​ទាន់​ទទួល​បានដំណោះស្រាយណាមួយ​នៅឡើយទេ។

លោក​ សូលេញ បាន​អំពាវនាវ​និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​ឆបោក​គ្រប់​រូបភាពតាម​អនឡាញ​ និង​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​តឹងរ៉ឹង​លើជន​ឆបោក​ទាំងនោះ​។

លោកថ្លែងថា៖ «ខ្ញុំ​ស្នើទៅ​រាជ​រដ្ឋាភិបាល​សុំ​លោក​ដែល​មាន​តួនាទី​ពាក់ព័ន្ធ ​ឬ​ក៏​ស្ថាប័ន​ដូច​ប៉ូលិស ដូច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ផ្នែក​រដ្ឋាភិបាល​ ឬ​ក៏​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​យើង​ដែល​លោក​ចង់​បំបាត់​អំពើ​ចោរកម្ម​ កេងប្រវ័ញ្ច​គេ​ ឆបោក​គេ​ហ្នឹង ​គឺ​សុំ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​មួយ​ពួកហ្នឹង​ឱ្យ​បាន​តឹងរ៉ឹង […] ស្នើឱ្យ​ខាង​វិស័យ​ធនាគារ​ត្រូវ​ការពារ​អ្នក​ប្រើប្រាស់​ដែល​ជា​អតិថិជន​របស់​ខ្លួន​ឱ្យ​បាន​រឹងមាំ​ជាង​បច្ចុប្បន្ន»។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ទៀត អ្នកស្រី ស៊ុំ ជេណេត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា កាល​ពី​ពីរ​ថ្ងៃ​មុន​ អ្នកស្រី​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់អះអាង​ថា​ជា​ភ្នាក់ងារ​មក​ពី​ EDC ​ទាក់ទង​តាម​ទូរសព្ទ​ណែនាំ​ឱ្យ​អ្នកស្រី​ប្រើប្រាស់​ App EDC ដោយ​តម្រូវ​ឱ្យ​មាន​ការ​ចុច​ចូល​លើ​តំណភ្ជាប់​តាមតេឡេក្រាម​។

អ្នកស្រី​ថា អ្នកស្រី​មិន​បាន​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​ជន​នោះ​ឡើយ​ ប៉ុន្តែ​អ្នកស្រី​ថា អ្នកស្រី​បារម្ភ​ពី​ការរងគ្រោះ​របស់​ប្រជាពលរដ្ឋ​ដែល​ពុំ​សូវមាន​ការយល់​ដឹង​ជ្រៅជ្រះ​ ហើយ​អាចជួបហានិភ័យ។

អ្នកស្រី​សរសេរ​សារ​ជា​អក្សរមក​កាន់​វីអូអេ​ថា៖ «មនុស្ស​អាក្រក់​នៅ​តែ​បន្ត​ឆបោក​ប្រជាជន​យើង​រហូត​ ជា​ពិសេស​អ្នក​ដែល​គ្នា​មិន​សូវ​យល់​ដឹង​ជ្រៅជ្រះ​ អាច​នឹង​ធ្វើ​តាម​ ហើយ​នឹង​ជួប​ហានិភ័យ​ខ្ពស់​»។

វីអូអេមិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ជា ពៅ អគ្គស្នង​ការរង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ Hotline Scam បាន​នៅ​ឡើយទេ។

លោក ឆាយ គឹម​ខឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នរគបាល​ជាតិ​ និង​លោក​ សុខ នី​ត្យា ប្រធាន​នាយក​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា បដិសេធ​មិនធ្វើអត្ថាធិប្បាយ​ដោយ​ឱ្យ​ទាក់ទង​ទៅ​លោក ជា ពៅ វិញ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ចែកចាយ​តៗគ្នា​នូវ​ដំណឹង​អំពី​ការឆបោក និង​ការ​បាត់បង់​គណនី​តេឡេក្រាម ​តាមរយៈ​ការ​ហៅ​ទូរសព្ទ​ប្រាប់​ឱ្យ​បង្កើត App EDC ដោយ​មានការចុច​លើ​តំណ​ភ្ជាប់​ផ្សេងៗ។

វីអូអេ​បាន​ទាក់ទង​ទៅ​លេខ​ទូរសព្ទ​ដែល​អគ្គិសនីកម្ពុជា​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​សាធារណជនទាក់ទង​ជាមួយ​អាជ្ញាធរអគ្គិសនី។ ​ទូរសព្ទ​នោះ​ខល​ចូល ប៉ុន្តែ​មិនមាន​អ្នកទទួល។​

អគ្គិសនី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ​១៣ ខែ​កញ្ញា ឆ្នាំ ​២០២៤ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​អតិថិជន​អគ្គិសនី​កម្ពុជា​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ក្រុម​ជន​ខិលខូច ដែល​ព្យាយាម​បោក​បញ្ឆោត​ចូល​ទៅ​គ្រប់គ្រង​គណនី​របស់​ពួកគេ ​បង្កើត​បញ្ហា​ផ្សេងៗ​ ក៏​ដូច​ជា​ការ​ធ្វើ​ឱ្យ​បាត់​បង់​ថវិកា​ និង​ពេល​វេលា​។ ​

អគ្គិសនី​កម្ពុជា​បន្ថែមថា ជនខិលខូច​ទាំង​នោះ​ភាគ​ច្រើន​បន្លំ​ខ្លួន​ជា​បុគ្គលិក​របស់​អគ្គិសនី​កម្ពុជា​ ហើយ​ទាក់ទងអតិថិជន​ឱ្យ​ភ្ជាប់​ EDC App បន្ទាប់​មក​ស្នើ​ឱ្យ​អតិថិជន​ចុច​លើតំណភ្ជាប់​បន្ថែមរបស់ពួកគេ​ ដើម្បី​ឈាន​ទៅ​ប្រព្រឹត្ត​សកម្មភាព​បោក​ប្រាស់​អតិថិជន​ដោយ​បញ្ឆោត​ថា នឹង​ទទួល​បាន​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ ឬប្រាក់​រង្វាន់​ផ្សេងៗ​។

សេចក្តី​ជូនដំណឹង​ដដែលឱ្យ​ដឹងថា​ EDC App គឺ​ប្រើ​សម្រាប់​ទទួល​បាន​វិក្កយបត្រឌីជីថល ការ​ត្រួត​ពិនិត្យ​វិក្កយបត្រ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ ប្តូរ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ស្នើ​បន្ត​ចរន្តថ្មី​ ដំឡើងកម្លាំង​ ព្រមទាំង​អាច​តាមដាន​ឯកសារ​របស់​ខ្លួន និង​សារ​ជូន​ដំណឹង​ផ្សេងៗ​ដោយ​ស្វ័យ​ប្រវត្តិ​ផងដែរ។

អគ្គិសនីកម្ពុជា​បាន​ថ្លែង​បន្ថែមនៅ​ក្នុង​សេចក្តី​ជូនដំណឹង​នោះ​ថា អគ្គិសនី​កម្ពុជា​កំពុង​ធ្វើការជា​មួយ​អគ្គ​នាយក​ដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ​របស់​ក្រសួង​មហាផ្ទៃ​ដើម្បី​ប្រមូល​ភស្តុតាង​ វែក​មុខ​ជន​ខិលខូច​ទាំង​នោះ​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG