ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា ភាពជ្រុលនិយម និងការស្អប់ខ្ពើម អាច​បង្ក​ឲ្យ​មាន​ហាយនភាព​មួយ​ទៀត


(រូប​ឯកសារ) ប្រជាជន​តម្រង់​ជួរ​ចូល​សារមន្ទីរ​ការចងចាំ​ហាយនភាព​របស់ស.រ.អា.​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។
(រូប​ឯកសារ) ប្រជាជន​តម្រង់​ជួរ​ចូល​សារមន្ទីរ​ការចងចាំ​ហាយនភាព​របស់ស.រ.អា.​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

ពិភពលោក​បាន​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​នៃ​ហាយនភាព​នៅ​ក្នុង​ការ​សម្លាប់​រង្គាល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ហើយ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា ការកើនឡើង​ភាពជ្រុលនិយម ការប្រកាន់​ពូជសាសន៍ និងការស្អប់ខ្ពើម អាច​បង្ក​ឲ្យ​មាន​ហាយនភាព​មួយ​ទៀត។

ជនជាតិជ្វីស​ចំនួន​៦​លាន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហាយនភាព​នៃ​របប​ណាហ្ស៊ី ក្នុង​អំឡុង​ពេល​នៃ​សង្រ្គាម​លោក​លើក​ទី​ពីរ​។ ទន្ទឹម​នឹង​ការ​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ កាល​ពី​ចុង​ខែ​មុន​នេះ អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ពី​អំពើ​ឃោរឃៅ​នៃ​ការប្រល័យពូជសាសន៍ ថា​អាច​នឹង​កើត​ឡើង​ម្តង​ទៀត។

មន្រ្តី​អង្គការ​សហប្រជាជាតិ កំពុង​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នានា​មាន​ការប្រុងប្រយ័ត្ន និង​ចាត់​វិធានការ​ទប់ស្កាត់​ការស្អប់ខ្ពើម​និង​រើសអើង​ជនជាតិ​ជ្វីស ភាពជ្រុលនិយម ការរើសអើង​ជនបរទេស ការប្រកាន់​ពូជសាសន៍​និង​ការស្អប់ខ្ពើម​ចំពោះ​អ្នក​កាន់​សាសនា​ឥស្លាម ដែល​កំពុង​តែ​កើន​ឡើង។

លោកRupert Colville ​អ្នក​នាំពាក្យ​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ បាន​ឲ្យ​ដឹងថា មាន​មាន​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​នូវ​ឧក្រិដ្ឋកម្ម​បែបនេះ បន្ទាប់​ពី​ការ​ដកខ្លួន​របស់​អង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុប​ (Brexit) ឬ​យុទ្ធនាការ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​នៅ​ចក្រភព​អង់គ្លេស​ និង​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក។

លោក​បាន​ប្រាប់​វីអូអេ​ថា មាន​ការកញ្រ្ជោល​ឡើង​ដែល​គួរ​ឲ្យ​បារម្ភ​ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​ដែល​ពោរពេញ​ដោយ​ការ​ស្អប់ខ្ពើម​និង​ការបែងចែក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​និងនៅ​ក្នុង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក Colville បាន​មាន​ប្រសាសន៍​ថា «ភាព​អត្តខាត់​នៃ​ការ​យល់ដឹង​ផ្នែក​សង្គម និង​ភាព​អត្តខាត់​នៃ​ការ​យល់ដឹង​ផ្នែក​វប្បធម៌​ទំនង​ជា​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ជាក់ស្តែង​គឺ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​អាច​និង​នៅ​សហរដ្ឋអាមេរិក​ដែរ ក៏​ដូចជា​មាន​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ពិភពលោក។ យើង​មិន​គួរ​ភ្លេច​រឿង​នេះ​ទេ។ អ្នក​ដឹង​ថា​ មាន​ការវាយប្រហារ​គ្នា​ដោយសារ​ជាតិពន្ធុ​និង​សាសនា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​នាំ​ឲ្យ​មាន​ការស្លាប់​និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ។ ដូច្នេះ បញ្ហា​នេះ​នៅ​តែ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ ហើយ​បញ្ហា​នេះ​ទំនង​ជា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។

នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ប្រារព្ធ​ទិវាចងចាំ​អំពើ​ប្រល័យ​ពូជសាសន៍​អន្តរជាតិ​នេះ តាមរយៈ​ការ​ចេញ​សេចក្តីថ្លែងការណ៍​ថា «ពលរដ្ឋ​អាមេរិក​ចងចាំ​អ្នក​រួច​ជីវិត​និង​ជនរងគ្រោះ​ពី​ហាយនភាព​នេះ ដោយ​ទឹកចិត្ត​ក្រៀមក្រំ​និង​ទុក្ខព្រួយ»។

លោក Trump បាន​សន្យា​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ពេល​លោក​កាន់​តំណែង ដើម្បី​ធានា​ថា កម្លាំង​អាក្រក់​មិន​អាច​យក​ឈ្នះ​លើ​អំពើ​ល្អ​ម្តង​ទៀត​បាន​ឡើយ។ នៅ​ពេល​ចាប់​ផ្តើម​ចេញ​ធ្វើ​យុទ្ធនាការ​វោហាសាស្រ្តមួយ​ចំនួន ​លោកTrump ​បាន​លើក​យក​ឈ្មោះ​ក្រុម​ជាតិ​ពន្ធុ​មួយ​ចំនួន​មក​រិះគន់។ លោកបាន​និយាយថា ​រដ្ឋបាល​របស់​លោក និង​អ្នក​ផ្សេង​ទៀត​ នឹង​ធ្វើការ​ដើម្បី​បង្កើត​ជា​ក្តី​ស្រឡាញ់​និង​ភាពអត់ឱន​អធ្យាស្រ័យ​នៅ​ទូទាំង​ពិភពលោក៕

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG