អង្គការ UNDP កម្មវិធីអភិវឌ្ឍន៍អ.ស.ប.នឹងធ្វើសិក្ខាសាលាកម្មវិធីគាំពារសង្គមដើម្បីបញ្ចប់ភាពទីទាល់ក្រនៅប្រទេសកម្ពុជានៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ភ្នំពេញនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ កម្មវិធីនេះនឹងមានអ្នកតំណាងជាន់ខ្ពស់ចំនួន៥០ នាក់មកពីក្រសួង និងទីភ្នាក់ងាររាជរដ្ឋាភិបាល វិស័យឯកជន ភ្នាក់ងារអភិវឌ្ឍន៍ សង្គមស៊ីវិល និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា។
ក្នុងអំឡុងឆ្នាំ ២០១៧អង្គការ UNDP នៅកម្ពុជាបានគាំទ្រដល់ការស្រាវជ្រាវថ្មីៗស្តីពីការប្រើប្រាស់កម្មវិធី«គាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ»។ វិធានការទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដែលពាក់ព័ន្ធនឹងការឧបត្ថម្ភទ្រព្យផលិតជំនួសឱ្យការឧបត្ថម្ភសាច់ប្រាក់ ហើយវាអាចឱ្យអ្នកចូលរួមកម្មវិធីមានលទ្ធភាពក្នុងការពង្រីកជីវភាពរស់នៅរបស់ពួកគេនិង«បញ្ចប់» ភាពក្រីក្រជាអចិន្ត្រៃយ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UNDP។
ទិន្នន័យនៃការស្ទង់មតិនៅកម្ពុជាបង្ហាញពីប្រសិទ្ធភាពនៃកម្មវិធីទាំងនេះក្នុងការជួយជនទីទាល់ក្រ ដោយវាស់ពីប្រាក់ចំណូលរបស់គ្រួសារ និងកម្រិតភាពក្រីក្រ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ អ្នកស្រាវជ្រាវបានរកឃើញថា ការធ្វើអន្តរាគមន៍ទាំងនេះអាចបង្កើនប្រាក់ចំណូលនិងកាត់បន្ថយភាពក្រីក្របាន ប៉ុន្តែសំខាន់គឺវាក៏ផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ៕