ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅ​អធិការ​វត្ត​ចាស់​បដិសេធ​មិន​ឲ្យ​​ធ្វើ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​កែម​ ឡី


រូបឯកសារ៖ គ្រួសារ​នៃ​សព​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​
រូបឯកសារ៖ គ្រួសារ​នៃ​សព​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​

លិខិត​របស់​ព្រះ​តេជ​គុណ​ មាស​ សាខន ធ្វើ​ឡើង​ នៅ​ខណៈ​ដែល​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​រៀប​ចំ​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​ នៃ​ការ​ស្លាប់​លោក កែម​ ឡី​ អ្នក​វិភាគ​ដ៏ល្បី​ល្បាញ​នេះ​ នឹង​មក​ដល់។

ចៅ​អធិការ​វត្ត​ពោធិយារាម​ ហៅ​វត្ត​ចាស់​ និង​គណៈកម្មការ​វត្ត​បាន​ច្រាន​ចោល​មិន​ឲ្យ​មាន​ការ​ធ្វើ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​ កែម​ ឡី ដោយ​បាន​ឯកភាព​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ពិធីបុណ្យនេះ​ឡើយ។​ នេះ​បើ​យោង​ទៅ​តាម​លិខិត​របស់​ព្រះ​តេជគុណ​ មាស​ សាខន​ ចៅ​អធិការ​វត្ត​ចាស់​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈនៅ​ថ្ងៃ​ច័ន្ទ​នេះ។

លិខិត​របស់​ព្រះ​តេជ​គុណ​ មាស​ សាខន ធ្វើ​ឡើង​ នៅ​ខណៈ​ដែល​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​រៀប​ចំ​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​ នៃ​ការ​ស្លាប់​លោក កែម​ ឡី​ អ្នក​វិភាគ​ដ៏ល្បី​ល្បាញ​នេះ​ នឹង​មក​ដល់។​

ព្រះ​តេជគុណ​ មាស​ សាខន​ មាន​សង្ឃដីកា​នៅ​ក្នុង​លិខិត​បញ្ជាក់​ពី​ការ​សម្រេច​របស់​វត្ត​ចាស់​មិន​ឲ្យ​មាន​ការ​ធ្វើ​ពិធី​បុណ្យ​នោះ​ថា៖

«ប្រសិន​ជា​គណៈកម្មការ​រៀប​ចំ​ពិធី​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​ សព​លោក​ កែម​ ឡី​ ឬ​មាន​បុគ្គល​ និង​ក្រុម​ណាមួយ​នៅ​តែ​រៀបចំ​ពិធី​ខាង​លើ​ អាត្មាភាព​ចៅអធិការ​ គណៈកម្មការ​វត្ត​ ​សូម​មិន​ទទួល​ខុស​ត្រូវ​ និង​សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​ចែង​វិធានការ​រដ្ឋបាល។

VOAព្យាយាម​សុំ​ការ​អធិប្បាយ​ពី​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​ សព​លោក​កែម​ ឡី​ ជា​ច្រើន​នាក់​នា​យប់​ថ្ងៃ​ច័ន្ទ​នេះ​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ កាល​ពី​ពេល​កន្លង​មក​ ក្រុម​សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​នៃ​ការ​ស្លាប់​លោក​ កែម ឡី​ បាន​ឲ្យ​ដឹង​ថា​ ពិធី​បុណ្យ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ខែ​តុលា។​ ការ​ដង្ហែ​រូប​សំណាក​លោក​ កែម​ ឡី ​ទៅ​ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​នេះ។

លោក​ មាន​ ចាន់យ៉ាដា​ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA​ នា​យប់​ថ្ងៃ​ច័ន្ទ​ថា សាលា​រាជធានី​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​នេះ ​នៅ​វត្ត​ចាស់​នោះ​ឡើយ​ ហើយ​ថា​ ក្រុម​គ្រួសារ​សព​លោក​ កែម​ ឡី​ អាច​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​នេះ​នៅ​ទី​តាំង​ផ្សេង។

លោក​មិន​អាច​បញ្ជាក់​ថា តើ​សាលា​រាជធានី​នឹង​មាន​វិធានការ​បែប​ណា ប្រសិន​បើ​គណៈកម្មការ​រៀប​ចំ​បុណ្យ​ចចេស​ ធ្វើ​ពិធី​បុណ្យ​នៅ​វត្ត​ចាស់​ដដែល​នោះ។

​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ទាំង​កណ្តាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា​ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ ពាក់ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់​អង្គការ​ Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ៕

XS
SM
MD
LG