សាលារាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ បានច្រានចោលសំណើសុំរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ សពលោក កែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់ ហើយបានស្នើឲ្យរាល់បុគ្គល ឬក្រុមណាមួយអះអាងជាតំណាងគណៈកម្មការរៀបចំបុណ្យ ត្រូវពិភាក្សាជាមួយក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ខ្មែរនៅគេហដ្ឋាន ឬទីកន្លែងបញ្ចុះសពនៅខេត្តតាកែវ។
នេះបើយោងទៅតាមលិខិតរបស់អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ចុះថ្ងៃទី០៧ ខែតុលានេះ។
លិខិតរបស់លោក ប៉ា សុជាតិវង្ស មិនបានផ្តល់ហេតុផលបន្ថែមនៃការបដិសេធមិនឲ្យមានការរៀបចំបុណ្យខួបគម្រប់១០០នៃការស្លាប់លោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញទេ ក្រៅតែពីការសុំឲ្យអ្នកស្នើធ្វើបុណ្យចូលរួមអនុវត្តតាមខ្លឹមសារណែនាំក្នុងលិខិតនោះ។
លោក សៅ កុសល សមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃសពលោក កែម ឡី ប្រាប់ VOA នាយប់ថ្ងៃសុក្រនេះថា គណៈកម្មការនៅតែប្រកាន់ជំហររបស់ខ្លួនថា នឹងរៀបចំបុណ្យខួបនេះ នៅក្នុងវត្តចាស់ដដែល ដោយមិនមានការផ្លាស់ប្តូរនោះទេ។ លោកបញ្ជាក់ថា គណៈកម្មការពុំបានដាក់ពាក្យសុំការអនុញ្ញាតសម្រាប់ធ្វើពិធីបុណ្យឡើយ គឺគណៈកម្មការគ្រាន់តែជូនដំណឹងដល់សាលារាជធានីតែប៉ុណ្ណោះ។
លោកពន្យល់បន្ថែមថា សាលារាជធានីកំពុងបំពានរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងពីសិទ្ធិប្រតិបត្តិពុទ្ធសាសនានៅទីអារាមនានានៅក្នុងប្រទេសកម្ពុជា។ លោកអះអាងថា កម្ពុជាក៏ពុំមានច្បាប់ណាចែងថា បុណ្យខួបគម្រប់១០០ថ្ងៃនេះ ត្រូវតែរៀបចំនៅតាមគេហដ្ឋានសពនោះដែរ ហើយថា អាជ្ញាធររាជធានីកំពុងបន្ទច់បង្អាក់ដល់ការប្រតិបត្តិជំនឿសាសនារបស់ពុទ្ធសាសនិកជន។
VOA មិនទាន់អាចទាក់ទងលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ នារសៀលថ្ងៃសុក្រនេះ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
ក្រុមសមាជិកគណៈកម្មការរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃការស្លាប់លោក កែម ឡី បានឲ្យដឹងថា ពិធីបុណ្យនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែតុលា។ ការដង្ហែរូបសំណាកលោក កែម ឡី ទៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក នឹងត្រូវធ្វើឡើងនៅថ្ងៃចុងក្រោយនៃពិធីបុណ្យនេះ។
ការបាញ់សម្លាប់លោក កែម ឡី ទាំងកណ្តាលថ្ងៃក្នុងរាជធានីភ្នំពេញ នៅក្នុងខែកក្កដា កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ៕