របាយការណ៍ពិសេសមួយរបស់ធនាគារពិភពលោកបានឲ្យដឹងថា ការនៅដាច់ដោយឡែកពីគ្នាតាមរយៈការមិនចេញពីផ្ទះ និងការបិទដំណើរការជាបណ្តោះអាសន្ននៃធនាគារ និងគ្រឹះស្ថានមួយចំនួន ដែលផ្តល់សេវាកម្មផ្ញើប្រាក់នោះ កំពុងបន្ទុចបង្អាក់ជនអន្តោប្រវេសន៍ មិនអាចឲ្យពួកគេ ផ្ញើប្រាក់ទៅប្រទេសកំណើតបាន។
ដោយសារមូលហេតុខាងលើនេះ ប្រាក់បញ្ញើនៅទូទាំងពិភពលោក ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ២០ ភាគរយនៅឆ្នាំ២០២០ នេះ។ របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា ការរាតត្បាតដោយជំងឺកូវីដ១៩ បានធ្វើឲ្យប្រាក់ចំណូលរបស់ពលករចំណាកស្រុកធ្លាក់ចុះ ដែលវាធ្វើឲ្យប៉ះពាល់ដល់លំហូរនៃការផ្ញើប្រាក់។
លោក David Malpass ប្រធានWorld Bank Groupនៃធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ញើប្រាក់ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ អនុសាសន៍របស់ធនាគារពិភពលោក គឺធ្វើឲ្យការបង់ថ្លៃសេវាកម្មផ្ញើប្រាក់មានតម្លៃទាប និងបែងចែកសេវាកម្មទៅតាមប្រភេទដូចជាការផ្ញើប្រាក់«ចាំបាច់»ជាដើម ដើម្បីបញ្ចៀសក្រុមគ្រួសារនានា មិនឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ។ លោក David Malpass បានថ្លែងក្នុងសម្តីដើមថា៖
«ការផ្ញើប្រាក់ ជួយគ្រួសារឲ្យមានលទ្ធភាពទិញស្បៀងអាហារ ចំណាយលើការថែទាំសុខភាព និងតម្រូវការមូលដ្ឋាន។ នៅពេលដែលWorld Bank Group អនុវត្តយ៉ាងឆាប់រហ័សនូវវិធានការទូលំទូលាយដើម្បីគាំទ្រដល់ប្រទេសនានានោះ យើងក៏កំពុងធ្វើការដើម្បីឲ្យបណ្តាញផ្ញើប្រាក់មានដំណើរការជាបន្ត និងការពារសហគមន៍ដែលក្រីក្របំផុត ដើម្បីឲ្យពួកគេទទួលបាននូវតម្រូវការមូលដ្ឋានទាំងនេះ ផងដែរ»។
នៅឆ្នាំ ២០១៩ ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលត្រូវបានគេស្គាល់ផងដែរ ថាជាប្រទេសកំពុងអភិវឌ្ឍន៍ បានទទួលប្រាក់ដែលផ្ញើមកពីខាងក្រៅទៅឲ្យគ្រួសារនៅក្នុងប្រទេស ចំនួន ៥៥៤ ពាន់លានដុល្លារ។ នៅក្នុងប្រទេសប្រមាណជា ៦៦ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ ប្រាក់បញ្ញើមានចំនួនច្រើនជាង៥ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ពួកគេ ។ នៅបណ្តាប្រទេសដូចជា ហៃទី ហុងឌូរ៉ាស និងនេប៉ាល់ ប្រាក់បញ្ញើមានច្រើនជាងផលិតផលក្នុងស្រុកសរុបរបស់ពួកគេ ជាង ២០ភាគរយ។
ការផ្ទេរប្រាក់ឆ្លងកាត់ប្រទេស
សម្រាប់ក្រុមហ៊ុន Remitly ក្នុងទីក្រុង Seattle ដែលផ្តល់សេវាកម្មផ្ញើប្រាក់ទៅបរទេស ការរាតត្បាតដោយជំងឺកូវីដ១៩ បានជំរុញឲ្យក្រុមហ៊ុននេះ ធ្វើការផ្លាស់ប្តូរពីការផ្ទេរប្រាក់ដោយមកដល់កន្លែងដោយផ្ទាល់ ទៅជាការផ្ទេរប្រាក់តាមអនឡាញ។
នាយកប្រតិបត្តិក្រុមហ៊ុន Remitly លោក Matt Oppenheimer បាននិយាយថា ក្រុមហ៊ុនលោក មានអតិថិជនប្រមាណជាង ២ លាននាក់ ហើយការផ្ទេរប្រាក់ ផ្តល់«ប្រាក់ចំណូលចម្បង»ដល់ក្រុមហ៊ុនរបស់លោក អស់រយៈពេល ៩ ឆ្នាំមកហើយ។ លោក Matt Oppenheimer បានថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា៖
«ការផ្ញើប្រាក់ គឺជារឿងសំខាន់មួយ ពីព្រោះយើងត្រូវប្រមូលព័ត៌មានពីអតិថិជនរបស់យើងដើម្បីអនុលោមទៅតាមច្បាប់ និងដើម្បីសុវត្ថិភាព។ បន្ទាប់មក អតិថិជន មានការជឿជាក់លើយើង ក្នុងការផ្ញើប្រាក់ដែលពួកគេរកបានដោយលំបាក»។
ការផ្ទេរប្រាក់តាមអនឡាញ ជាញឹកញាប់ មានន័យថា ថ្លៃសេវាទាបសម្រាប់អ្នកប្រើប្រាស់ ហើយក្នុងពេលជាមួយគ្នានេះ ដំណើរការនៃការផ្ញើ និងទទួលប្រាក់ មានភាពងាយស្រួលជាងការទៅសាខាធនាគារដោយផ្ទាល់។
លោក Oppenheimer បានថ្លែងបន្តថា ដោយសារតែការរាតត្បាតដោយជំងឺកូវីដ១៩នេះ អតិថិជនមិនអាចទៅផ្ញើប្រាក់នៅកន្លែងផ្ញើរដោយផ្ទាល់បានទេ។ ទោះជាយ៉ាងនេះក្តី តម្រូវការប្រាក់ពីក្រុមគ្រួសារនៅឯប្រទេសកំណើតមិនថយចុះទេ ឬ អាចថាច្រើនជាងមុនផង ដោយសារវិបត្តិសុខភាពដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ននេះ។ លោក Matt Oppenheimer បានថ្លែងបន្ថែម ក្នុងសម្តីដើមថា៖
«យើងឃើញមានអតិថិជនជាច្រើន បានផ្លាស់ប្តូរមកប្រើប្រាស់សេវាកម្មរបស់យើង និងសេវាកម្មអនឡាញផ្សេងៗទៀតផងដែរ។ ដូច្នេះហើយ ប្រសិនបើលោកអ្នកមើលទៅខែកុម្ភៈ រហូតដល់ខែមីនា ជាឧទាហរណ៍នោះ ចំនួនអតិថិជនថ្មីរបស់យើងបានកើនឡើង ១០០ភាគរយ។ នោះ ជាចំនួនទ្វេដង ហើយនោះ គឺពិតជាអស្ចារ្យណាស់»។
ការសិក្សាអំពីការផ្ទេរប្រាក់តាមទូរស័ព្ទចល័តដោយសមាគម GSMA ដែលជាសមាគមពាណិជ្ជកម្មនៃប្រតិបត្តិករប្រើប្រាស់ទូរស័ព្ទចល័ត បានរកឃើញថា បច្ចេកវិទ្យាទូរស័ព្ទចល័ត បានកាត់បន្ថយការចំណាយលើការផ្ទេរប្រាក់ពាក់កណ្តាល ហើយដំណើរការនោះ គិតជាទឹកប្រាក់មានចំនួនជាង ១ពាន់ ៣ រយ លានដុល្លារក្នុងមួយថ្ងៃ។ នៅឆ្នាំ ២០១៨ ឧស្សាហកម្មផ្ទេរប្រាក់តាមទូរស័ព្ទ មានអតិថិជន ១៤៣ លាននាក់បន្ថែមទៀត។
នៅក្នុងឆ្នាំ ២០១៨ លំហូរផ្ទេរប្រាក់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ឈានដល់កម្រិតខ្ពស់បំផុត គឺមានចំនួន ៥២៩ ពាន់លានដុល្លារ។ ការផ្ទេរប្រាក់ជាសកល ដែលរួមបញ្ចូលទាំងលំហូរទៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានកើនដល់ ៦៨៩ ពាន់លានដុល្លារ។ កាលពីឆ្នាំ ២០១៧ មានចំនួន ៦៣៣ ពាន់លានដុល្លារ។
បន្ទាប់ពីការធ្លាក់ចុះ ២០ ភាគរយនៅឆ្នាំ ២០២០ នេះ ធនាគារពិភពលោកប៉ាន់ប្រមាណថា នៅឆ្នាំ ២០២១ ការផ្ញើប្រាក់ទៅប្រទេសកំពុងអភិវឌ្ឍន៍ នឹងកើនឡើងវិញ ប្រមាណជា ៥ កន្តក់សញ្ញា ៦ ភាគរយ ដែលបើគិតជាទឹកប្រាក់មានចំនួនប្រមាណជា ៤៧០ ពាន់លានដុល្លារ។ តែទោះជាយ៉ាងនេះក្តី របាយការណ៍ចុងក្រោយនេះ បង្ហាញពីការមន្ទិលសង្ស័យ គ្រាដែលនៅក្នុងរបាយការណ៍នោះ បង្ហាញថាផលប៉ះពាល់ពេញលេញទៅលើការផ្ទេរប្រាក់ នៅតែមិនទាន់មានភាពប្រាកដប្រជានៅឡើយ ក្នុងពេលដែលការរាតត្បាតដោយជំងឺកូវីដ១៩ នៅមានជាបន្តនេះ។
របាយការណ៍ពិសេសរបស់ធនាគារពិភពលោកបានឲ្យដឹងបន្ថែមទៀតថា «ការផ្ញើប្រាក់ នៅពេលមុននិងពេលឥឡូវនេះ ខុសគ្នានៅត្រង់ថា ពេលមុនពលករផ្ញើប្រាក់ទៅផ្ទះច្រើន នៅពេលដែលមានវិបត្តិនិងការលំបាកនៅឯស្រុកកំណើត។ តែឥឡូវនេះ រោគរាតត្បាតនេះ បានធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ ដែលវាបង្កើតនូវភាពមិនច្បាស់លាស់បន្ថែមទៀត»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់