ក្រុមប្រឹក្សាអឺរ៉ុបហៅថា Council of Europe ដែលជួយផ្នែកវិជ្ជាជីវសារព័ត៌មាននិងសុវត្ថិភាពអ្នកសារព័ត៌មានបានឲ្យដឹងថា បើត្រូវអនុម័ត ច្បាប់នេះនឹងអនុញ្ញាតឲ្យមានការដោះលែងពួកអ្នកទោសមុនពេលកំណត់ដោយឲ្យពួកគេជាប់ឃុំឃាំងក្នុងផ្ទះឬវិធានការឃ្លាំមើលផ្សេងទៀត។
អង្គការសេរីភាពសារព័ត៌មាននានាដោយមានរួមបញ្ចូលវិទ្យាស្ថានកាសែតអន្តរជាតិហៅកាត់ថា IPI និងគណៈកម្មាធិការការពារអ្នកសារព័ត៌មានហៅកាត់ថា CPJ បានជំរុញឲ្យអាជ្ញាធរប្រទេសតួកគី និងប្រទេសឯទៀតៗឱ្យដោះលែងពួកអ្នកកាសែតជាប់ពន្ធនាគារ នៅពេលដែលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ (COVID-19) នៅមានតទៅទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបោះពុម្ធផ្សាយកាលពីថ្ងៃចន្ទ ទី៣០ ខែមីនា គណៈកម្មាធិការការពារអ្នកសារព័ត៌មានបាននិយាយថា នៅពេលសព្វថ្ងៃនេះមានអ្នកកាសែតយ៉ាងតិចណាស់ ២៥០នាក់បានជាប់ពន្ធនាគារនៅទូទាំងពិភពលោក។
កាលពីសប្តាហ៍ទី៤ ខែមីនា អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានព្រមានថា គុកនិងកន្លែងឃុំឃាំងបិទជិតនៅក្នុងចំណោមកន្លែងដែលមានការពិបាកបំផុតក្នុងការទប់ទល់នឹងការរាតត្បាតជំងឺនេះ។
លោក Joel Simon ជានាយកប្រតិបត្តិនៃគណៈកម្មាធិការការពារអ្នកសារព័ត៌មាន។លោកត្រូវបាន គេបានដកស្រង់សម្តីដែលលោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គណៈកម្មាធិការការពារអ្នកសារព័ត៌មានបានប្រកាន់យកទស្សនៈមួយជាយូរមកហើយថា ការឃុំឃាំងអ្នកកាសែតក្នុងពន្ធនាគារដោយសារអ្វីដែលពួកគេបានបោះពុម្ពផ្សាយ ផ្សាយតាមវិទ្យុនិងទូរទស្សន៍ឬសរសេរនោះគឺជាការឃុំឃាំងដែលរំលោភលើច្បាប់អន្តរជាតិ»។
ដោយនិយាយសង្កត់ធ្ងន់អំពីការរាលដាលជំងឺ COVID-19 នៅក្នុងពន្ធនាគារ លោក Simon មានប្រសាសន៍ថា ពួកមេដឹកនាំពិភពលោកគួរចាត់«វិធានការដាច់ណាត់ដើម្បីដោះលែងអ្នកកាសែតទាំងអស់ដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ពីព្រោះវាជាបញ្ហាស្លាប់រស់»។
នាយកប្រតិបត្តិនៃអង្គការសុវត្ថិភាពអ្នកកាសែតឲ្យដឹងថា សំណើរបស់អាជ្ញាធរតួកគីដោះលែងអ្នកទោសចេញពីកន្លែងឃុំឃាំងបិទជិតនោះ មិនមានរួមបញ្ចូលពួកជនទាំងឡាយណាដែលជាប់ពន្ធនាគារដោយសារការចោទប្រកាន់ទាក់ទិននឹងភេរវកម្មទេ។
រដ្ឋាភិបាលក្រុងអង់ការ៉ាបានបិទទីភ្នាក់ងារព័ត៌មានរាប់សិបនៅក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៦ ហើយបានចាប់អ្នកកាសែត៤៧នាក់ដាក់ក្នុងពន្ធនាគារដោយភាគច្រើនត្រូវចោទប្រកាន់ពីបទទាក់ទិននឹងភេរវកម្ម។ នេះបើតាមការប្រាប់ឱ្យដឹងដោយពួកសមាជិកនៃអង្គការការពារអ្នកសារព័ត៌មាន។
លោក Oliver Money-Kyrle ជាប្រធានផ្នែកការពារនិងកម្មវិធីក្នុងទ្វីបអឺរ៉ុបនៃវិទ្យាស្ថានកាសែតអន្តរជាតិហៅកាត់ថា IPI។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីសេចក្តីព្រាងច្បាប់នេះថា «ឯករាជ្យភាពនិងសេចក្តីក្លាហាននៃក្រុមអ្នកកាសែតទាំងនេះបានធ្វើឱ្យពួកគេបាត់បង់សេរីភាពពួកគេ។នៅពេលនេះពួកគេអាចបាត់បង់ជីវិតថែមទៀតផង»។
លោកបានមានប្រសាសន៍បន្ថែមថា៖
«ការបន្តដាក់គុកពួកជនទាំងនេះតទៅទៀតសឹងតែប្រាកដប្រជាមិនឱ្យពួកគេទទួលការព្យាបាលគ្រាមានអាសន្នឡើយ»។
អង្គការ Amnesty International បានរាយការណ៍ថា គេរំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រទេសឯទៀតៗដែលមានករណីអ្នកជំងឺកូរ៉ូណាហើយដែលនៅកន្លែងទាំងនោះ ទិន្នន័យរបស់អង្គការគណៈកម្មាធិការការពារអ្នកសារព័ត៌មាន បង្ហាញថា មានអ្នកកាសែតច្រើននាក់ជាប់ឃុំឃាំងក្នុងពន្ធនាគាររួមមានប្រទេសចិនប្រទេសអារ៉ាប់ប៊ីសាអូឌីតនិងប្រទេសអេហ្ស៊ីប។
អង្គការការពារសិទ្ធិមនុស្សនៅក្នុងភូមិភាគមជ្ឈឹមបូព៌ាដែលមានរួមបញ្ចូលទាំងវិទ្យាស្ថាន Tahir ខាងគោលនយោបាយមជ្ឈឹមបូព៌ាផងដែរ បានអំពាវនាវឲ្យរដ្ឋាភិបាលនៅក្នុងតំបន់នោះបញ្ជាឱ្យមានការដោះលែងជាបន្ទាន់នូវពួកអ្នកទោសមិនឃោរឃៅ ដោយមានរួមបញ្ចូលទាំងពួកជនទាំងឡាយណាដែលការឃុំឃាំងពួកគេតទៅទៀត មិនបានត្រូវបញ្ជាក់ថាជាការត្រឹមត្រូវ»។
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ